បាត់ដំបង៖ លោក ខែ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានបញ្ជាក់ថា មន្ទីរធនធានទឹកខេត្តបាត់ដំបងកំពុងបង្ហូរទឹកយ៉ាងសកម្ម ដើម្បីសង្គ្រោះស្រូវជួបផលប៉ះពាល់ពីការរាំងស្ងួត ចំនួន១៣៤ ៧៥០ហិកតា។
យោងតាមលិខិតចុះថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៦ ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ខែ សុដា បានបញ្ជាក់អំពីស្ថានភាពបច្ចុប្បន្នការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២៦ ក្នុងខេត្តបាត់ដំបង ដោយគិតត្រឹមថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អនុវត្តបានចំនួន ២០៩ ១៨៤ហិកតា ស្មើនឹង៤៥,៨៧ភាគរយនៃផែនការទំហំ៤៥៦ ០០០ហិកតា។
តាមការចុះពិនិត្យរបស់មន្ត្រីបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងឃើញថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋដាំដុះតាំងពីខែមីនា មកម៉្លេះហើយបច្ចុប្បន្នមានជួបផលប៉ះពាល់ពីការរាំងស្ងួតចំនួន១៣៤ ៧៥០ហិកតា ហើយកំពុងសង្គ្រោះដោយប្រព័ន្ធធារាសាស្ត្របានចំនួន១១២ ៩៤៧ហិកតា ហើយកំពុងសង្គ្រោះបន្តចំនួន៣ ៤៤១ហិកតា និងនៅសល់ក្រៅប្រព័ន្ធ ភាគច្រើនតំបន់ពីរ ចំនួន១៨ ៣៦២ហិកតា ដែលមិនមានប្រភពទឹក ឬបង្ហូរចូលដល់ ដើម្បីជួយសង្គ្រោះបានទេ។ ក្នុងនោះមាននៅស្រុកសង្កែប៉ះពាល់ចំនួន១០ ៥៩៣ហិកតា និងស្រុកឯកភ្នំប៉ះពាល់ចំនួន៧ ៧៦៩ហិកតា។
សូមបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នសម្រាប់ប្រភពទឹកធំៗទាំងបួន ក្នុងខេត្តបាត់ដំបង ដែលកំពុងបង្ហូរទឹកយ៉ាងសកម្ម ដើម្បីសង្គ្រោះស្រូវមាន អាងដូនទ្រី មានទឹកក្នុងអាងចំនួន៥៧លានម៉ែត្រគូប។ អាងទឹកពហុបំណងបាត់ដំបង (សេកសក) មានទឹកក្នុងអាងចំនួន១៣៥លានម៉ែត្រគូប និងអាងកំពីងពួយ មានទឹកក្នុងអាងចំនួន ១២លានម៉ែត្រគូប ស្ទឹងមង្គលបុរី (តាមបរិមាណទឹកភ្លៀងដែលមាននៅផ្នែកខាងលើនៃស្ទឹង)៕








