កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ

photo_2026-06-17_11-53-23-768x512 (1)

ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញថ្លែងសុន្ទរកថាបើក និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility – CCFF)» ដោយបានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងយុទ្ធសាស្ត្រគន្លឹះនៃកម្មវិធី CCFF ដែលស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតងរបស់កម្ពុជា។

ពិធីនេះរៀបចំឡើងដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ធនាគារជាតិនៃកម្ពុជា ដៃគូអភិវឌ្ឍន៍អន្តរជាតិ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងតំណាងវិស័យឯកជន។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ក្នុងនាមជាស្ថាប័នអនុវត្តកម្មវិធី CCFF បានអញ្ជើញថ្លែងសុន្ទរកថា ស្វាគមន៍គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ហៅកាត់ថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជាគាំទ្រដោយ​រាជរដ្ឋាភិបាលកម្ពុជា គឺជាកម្មវិធីថ្នាក់ជាតិដំបូងគេ​នៅអាស៊ីសម្រាប់វិស័យ​ឯកជន ដែលទទួលបានមូលនិធិគាំទ្រ​ពីមូលនិធិ​អាកាសធាតុបៃតង (Green Climate Fund) មានទំហំមូលនិធិ​សរុបប្រមាណ១០៩លានដុល្លារ​ ដែលក្នុងនោះឥណទានចំនួន៥០លានដុល្លារ និងជំនួយបច្ចេកទេសចំនួន៥លានដុល្លារ​ ត្រូវបានផ្តល់ដោយមូលនិធិ​អាកាសធាតុបៃតង ហើយហិរញ្ញប្បទានចំនួន៥៤លានដុល្លារទៀត​ បានផ្តល់​ដោយដៃគូហិរញ្ញប្បទាននានា ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

ឯកឧត្តមបណ្ឌិតប្រតិភូបានបន្ថែមទៀថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា មានគោលបំណងសំខាន់ក្នុងការបង្កើនការផ្តល់ឥណទានបៃតង និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

ថ្លែងក្នុងពេលនោះដែរ ឯកឧត្តម ឆេង គឹមស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងអំពីគោល​នយោបាយ​អាកាសធាតុនៅកម្ពុជា និងតួនាទីសំខាន់នៃហិរញ្ញប្បទានបៃតងក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់កម្ពុជា។

ចំណែកលោក ចន ម៉ាកហ្គីនលី (John McGinley) តំណាងគណៈគ្រប់គ្រងនៃក្រុមហ៊ុន Mekong Strategic Capital (MSC) និងជាដៃគូអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ​ដែលបានគាំទ្រ​ការអនុវត្តកម្មវិធីនេះ។

រីឯលោក ចយ ហាងស៊ុក (Choi Hang Suk) តំណាងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) ដែលជាស្ថាប័ន​មានសម្បទាសម្រាប់កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា បានបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តក្នុងការ​គាំទ្រដល់​ការបង្កើនភាពធន់របស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ។

ដោយឡែក ឯកឧត្តម ដារេក យីប (Derek Yip) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានលើក​ឡើង​អំពីភាពជាដៃគូ​រវាងអូស្ត្រាលី និងកម្ពុជា ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ និងជំរុញការអភិវឌ្ឍប្រកប​ដោយចីរភាព។

ពិធីនេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ដែលមានគោលបំណងរួមចំណែកកាត់បន្ថយ​ហានិភ័យ​អាកាសធាតុ តាមរយៈការផ្តល់ឥណទាន ដែលមានអត្រាការប្រាក់សម្បទាន និងរយៈពេលវែងដល់ម្ចាស់អាជីវកម្ម​បៃតង ព្រមទាំងការផ្តល់ឥណទានបោះដុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងស្រុក ដើម្បីគាំទ្រដល់​វិស័យអាទិភាពចំនួន៥៖

រួមមាន ទី១. ថាមពលកកើតឡើងវិញុ ទី២. ថាមពលប្រកបដោយប្រសិទ្ធភាព ទី៣. កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី ទី៤. ប្រព័ន្ធធារាសាស្ត្រ និងទី៥. ការដឹកជញ្ជូន ដែលមានការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ទាប។

កម្មវិធីនេះទទួលបានការគាំទ្រថវិកាពីមូលនិធិអាកាសធាតុបៃតង តាមរយៈធនាគារអភិវឌ្ឍន៍កូរ៉េ ដែលជាស្ថាប័នមានសម្បទា (Accredited Entity) ហើយធនាគារ ARDB ជាប្រតិបត្តិករអនុវត្តកម្មវិធី និងក្រុមហ៊ុន Mekong Strategic Capitalជាទីប្រឹក្សាបច្ចេកទេស។

ក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារអភិវឌ្ឍន៍កូរ៉េ, ស្ថាប័ន Global Climate Fund, ក្រសួងបរិស្ថាន និងមូលនិធិជំនួយនៃរដ្ឋាភិបាលអូស្ត្រាលី៕


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ