បាតុភូតអែលនីញ៉ូ ចាប់ផ្តើមបង្កើនឥទ្ធិពលកាន់តែច្បាស់ ធ្វើឱ្យអាកាសធាតុប្រែប្រួលកាន់តែខ្លាំង

image_2026-06-17_13-15-42

វ៉ាស៊ីនតោន៖ បាតុភូតអាកាសធាតុឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” ដែល៦៣ភាគរយ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ខ្លាំងបំផុតមួយ នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់ភពផែនដី។

អែលនីញ៉ូ គឺជាភាសាអេស្ប៉ាញ មានន័យថា “ក្មេងប្រុសតូច” ឬ “កូនព្រះគ្រីស្ទ”។ ឈ្មោះនេះត្រូវអ្នកនេសាទជនជាតិប៉េរូ បង្កើតដំបូង នៅទសវត្សឆ្នាំ១ ៦០០ ដោយសារតែពួកគេបានកត់សម្គាល់ឃើញចរន្តទឹកក្តៅក្នុងមហាសមុទ្រ ដែលជាធម្មតាតែងតែហូរមកដល់នៅក្នុងរង្វង់វេលាបុណ្យណូអែល។

ចំណែកខាងវិទ្យាសាស្ត្រ គឺសំដៅទៅលើទម្រង់អាកាសធាតុ ដែលកើតឡើងដោយធម្មជាតិ និងកំណត់បានដោយការឡើងកម្តៅខុសប្រក្រតីនៃសីតុណ្ហភាពផ្ទៃសមុទ្រនៅភាគកណ្តាល និងភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក។

ទូរទស្សន៍ ស៊ីអិនអិន (CNN) របស់សហរដ្ឋអាម៉េរិក បានចេញផ្សាយថា បាតុភូតអែលនីញ៉ូ នឹងបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុសកលយ៉ាងខ្លាំង ហើយប្រហែលជានៅឆ្នាំ២០២៧ នឹងក្លាយជាឆ្នាំដ៏ក្តៅបំផុតនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក។ ចំណែកផលប៉ះពាល់របស់បាតុភូតនេះ នឹងធ្វើឱ្យអាកាសធាតុក្តៅខ្លាំង កើតជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ព្រមទាំងមានរលកកម្តៅប្រែប្រួលនៅតាមតំបន់។

ក្នុងរដូវរងាលើទឹកដីអាម៉េរិកនៅភាគខាងជើង អាចជួបប្រទះអាកាសធាតុក្តៅជាងមុន ចំណែកនៅលើទឹកដីភាគខាងត្បូងអាចមានអាកាសធាតុសើមជាងមុនផងដែរ ព្រមទាំងកើតមានខ្យល់ព្យុះប៉ាស៊ីហ្វិកថែមទៀត។ ឧបទ្ទហេតុបែបនេះ ក៏នឹងបង្កើនហានិភ័យនៃរលកកម្តៅក្នុងសមុទ្រ ហើយអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចដោយសារការរំខានក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងគ្រោះមហន្តរាយ។

រដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់អាម៉េរិក បាននិយាយថា នេះអាចជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយរបស់បាតុភូតអែលនីញ៉ូ នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ដែលធ្លាប់កើតមានមានតាំងពីឆ្នាំ១៩៥០។

ទម្រង់អាកាសធាតុបែបនេះនឹងធ្វើឱ្យអាកាសធាតុប្រែប្រួលយ៉ាងខ្លាំង ហើយនៅឆ្នាំ២០២៧ អាចក្លាយជាឆ្នាំក្តៅបំផុតរបស់ភពផែនដី។

យោងតាមរបាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១១​​ ខែមិថុនា ឆ្នាំ២០២៦ ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់អាម៉េរិក បានឱ្យដឹងថា បាតុភូអែលនីញ៉ូ បានចាប់ផ្តើមកើតឡើងយ៉ាងច្បាស់ ហើយត្រូវបានគេព្យាករណ៍ថា នឹងបង្កើនឥទ្ធិពលខ្លាំងឡើង ឬជាមហាអែលនីញ៉ូ ដោយធ្វើឱ្យទម្រង់អាកាសធាតុសកលប្រែប្រួលយ៉ាងឆាប់រហ័ស និងធ្វើឱ្យអាកាសធាតុក្តៅកាន់តែខ្លាំង។

បាតុភូតអែលនីញ៉ូ គឺជាទម្រង់អាកាសធាតុតាមកាលកំណត់ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកត្រូពិច ដែលផ្លាស់ប្តូរខ្យល់ និងធ្វើឱ្យទឹកសមុទ្រឡើងកម្តៅខុសពីធម្មតា នៅភាគកណ្តាល និងភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក។ ការផ្លាស់ប្តូរទាំងនៅក្នុងខ្យល់ និងសីតុណ្ហភាពមហាសមុទ្របែបនេះ បានជះឥទ្ធិពលដល់ទម្រង់អាកាសធាតុនៅទូទាំងពិភពលោក។

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុរបស់រដ្ឋបាលមហាសមុទ្រ និងបរិយាកាសរបស់អាម៉េរិក បានព្យាករថា បាតុភូតអែលនីញ៉ូ កំពុងមានឱកាស៦៣ភាគរយ ដើម្បីប្រែក្លាយទៅជាព្រឹត្តិការណ៍ដ៏ខ្លាំង ដែលត្រូវបានគេស្គាល់ជាទូទៅថា មហាអែលនីញ៉ូ និងជាបាតុភូតអែលនីញ៉ូធំជាងគេបំផុត ក្នុងកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក បើគិតចាប់ពីឆ្នាំ១៩៥០មក។ នៅក្នុងសញ្ញានៃភាពប្រាកដប្រជារបស់មជ្ឈមណ្ឌលនេះ នៅក្នុងការព្យាករណ៍ មជ្ឈមណ្ឌលនេះកំពុងតាមដានឱកាសកើតមាន១០០ភាគរយ នៃបាតុភូតអែលនីញ៉ូ ដូច្នេះត្រូវបន្តតាមដានរហូតដល់រដូវស្លឹកឈើជ្រុះ ចាប់ផ្តើមពីខែកញ្ញា ដល់ខែវិច្ឆិកា និងបន្តតាមដានអត្រាខ្ពស់បំផុតរហូតដល់រដូវរងា ចាប់ផ្តើមពីខែធ្នូ ដល់ខែកុម្ភៈ។

ដើម្បីចាត់ទុកថា អាចមានបាតុភូតមហាអែលនីញ៉ូ ពិតមែននោះ ក្រុមអ្នកវិទ្យាសាស្ត្រសំអាងការប្រែប្រួលសីតុណ្ហភាពទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកត្រូពិច ត្រូវតែឡើងកម្តៅច្រើនជាង២ដឺក្រេ លើសពីមធ្យម។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បរិមាណទឹកក្ដៅខុសពីធម្មតាដ៏ច្រើនសន្ធឹកសន្ធាប់ បាននិងកំពុងរំកិលខ្លួនពីភាគខាងលិចនៃមហាសមុទ្រប៉ាស៉ីហ្វិក ទៅកាន់ភាគខាងកើតនៃមហាសមុទ្រប៉ាស៉ីហ្វិក ដោយជំរុញឱ្យខ្យល់បក់ផ្លាស់ប្ដូរទិស។ ទឹកក្ដៅខុសពីធម្មតានេះ បានធ្វើដំណើរជាង១៨០ម៉ែត្រ ទៅជាង៣០០ម៉ែត្រ នៅក្រោមផ្ទៃមហាសមុទ្រ ហើយកំពុងចាប់ផ្តើមហក់ឡើងដល់ផ្ទៃសមុទ្ររាប់ពាន់គីឡូម៉ែត្រ នៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ដែលកាន់តែខិតទៅជិតទ្វីបអាម៉េរិកខាងត្បូង។ លំនាំស្រដៀងគ្នានេះ ក៏ធ្លាប់បានកើតឡើងផងដែរ ក្នុងអំឡុងពេលបាតុភូតអែលនីញ៉ដ៏ខ្លាំង កើតមាននាពេលកន្លងមក។

បាតុភូតមហាអែលនីញ៉ូ គឺកម្រមានណាស់ ដែលកើតឡើងថ្មីៗបំផុត នៅក្នុងរង្វង់ឆ្នាំ២០១៥-២០១៦, ឆ្នាំ១៩៩៧-១៩៩៨ និងឆ្នាំ១៩៨២-១៩៨៣។

ដោយសារបាតុភូតអែលនីញ៉ូ មានពាក់ព័ន្ធនឹងការផ្ទេរថាមពលកម្តៅដ៏ច្រើនពីមហាសមុទ្រ ទៅកាន់បរិយាកាស ទើបបង្កផលប៉ះពាល់ដល់អាកាសធាតុពិភពលោកផងដែរ។ បាតុភូតបែបនេះជួយបង្កើនសីតុណ្ហភាពជាមធ្យមលើផ្ទៃផែនដី លើសពីនិន្នាការកម្ដៅ ដែលបង្កឡើងដោយមនុស្ស តាមរយៈការបំពុលបិរយាកាសដោយប្រេងឥន្ធនៈហ្វូស៊ីល ដែលស្ទើរតែច្បាស់ថា ឆ្នាំ២០២៧ នឹងបង្កើតជាកំណត់ត្រានៃឆ្នាំក្តៅបំផុតរបស់ភពផែនដី។

របៀបបាតុភូតអែលនីញ៉ូអាចប៉ះពាល់ដល់មនុស្ស

បាតុភូតអែលនីញ៉ូ ផ្អៀងទៅរកភាពមិនចុះសម្រុងនៃអាកាសធាតុជាក់លាក់ និងអាកាសធាតុប្រែប្រួលខ្លាំង រួមមានរលកកម្តៅ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នៅតាមតំបន់។ ផលប៉ះពាល់របស់បាតុភូតនេះនៅក្នុងសហរដ្ឋអាម៉េរិក  អាចបង្ហាញឱ្យឃើញច្បាស់ ក្នុងអំឡុងរដូវរងា ចាប់ផ្តើមពីខែធ្នូ ដល់ខែកុម្ភៈ។

ព្យុះសង្ឃរា៖ ខណៈពេលបាតុភូតអែលនីញ៉ូ អាចបង្កើនល្បឿនយ៉ាងខ្លាំងបង្កើតបានជារដូវខ្យល់ព្យុះនៅភាគកណ្តាល និងភាគរខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក ព្រមទាំងមានទំនោរទៅកំណត់ចំនួនខ្យល់ព្យុះនៅក្នុងមហាសមុទ្រអាត្លង់ទិកផងដែរ។ បាតុភូតអែលនីញ៉ូខ្លាំងបែបនេះ ក៏មានទំនោរបង្កើនលទ្ធភាពអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរថែមទៀត។

ទំនាក់ទំនងរដូវខ្យល់ព្យុះសង្ឃរានេះ អាចបង្កបញ្ហាទ្វេដងដល់ភាគនិរតីនៃសហរដ្ឋអាម៉េរិក  និងកោះរដ្ឋហាវ៉ៃ អាស្រ័យលើគន្លងរបស់ព្យុះនីមួយៗ។

រដូវរងានៅអាម៉េរិក៖ លក្ខខណ្ឌអាកាសធាតុក្តៅខុសធម្មតា ជាទូទៅត្រូវបានគេមើលឃើញពីភាគខាងជើងអាម៉េរិកទៅដល់ភាគខាងលិចប្រទេសកាណាដា និងរដ្ឋអាឡាស្កា ទោះបីជាពេលខ្លះ គេមិនរាប់បញ្ចូលរយៈពេលនៃអាកាសធាតុត្រជាក់ក៏ដោយ។ ចំណែកនៅភាគខាងត្បូងនៃអាម៉េរិកវិញ ជារឿយៗ អាកាសធាតុសើម និងត្រជាក់ជាងមុន ចាប់តាំងពីខ្សែចរន្តខ្យល់ល្បឿនលឿនកួចនាំព្យុះកាន់តែច្រើនមកលើតំបន់នេះ។

ចំណែក នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាវិញ គេតែងតែអាចមើលឃើញបរិយាកាសតាមដងទន្លៃ នៅពេលខ្សែចរន្តខ្យល់ល្បឿនលឿនមានជាតិសំណើមច្រើនធ្លាក់មកប៉ះច្រាំងទន្លេ ទោះបីជាពិបាកទស្សន៍ទាយថា តើនៅផ្នែកណាខ្លះនៃរដ្ឋនេះនឹងទទួលរងផលប៉ះពាល់ខ្លាំងក៏ដោយ។

គ្រោះទឹកជំនន់ រលកកម្តៅ និងគ្រោះរាំងស្ងួត៖ នៅតាមតំបន់មួយចំនួន ដូចជាប្រទេសអូស្ត្រាលី និងប្រទេសឥណ្ឌូនេស៊ី ងាយនឹងជួបគ្រោះរាំងស្ងួត និងរលកកម្តៅក្នុងអំឡុងពេលកើតមានបាតុភូតអែលនីញ៉ូ ដែលអាចនាំឱ្យមានភ្លើងឆេះព្រៃ និងបង្កក្តីព្រួយបារម្ភអំពីការខ្វះទឹក។

  • រដូវប្រាំង បរិមាណទឹកភ្លៀងមូសុងវស្សាបានថយចុះនៅប្រទេសឥណ្ឌា និងនៅភូមិភាគអាស៊ីអាគ្នេយ៍ ដោយបានចាប់ផ្តើមបង្ហាញសញ្ញានៃបាតុភូតនេះរួចទៅហើយ។ ការកាត់បន្ថយបរិមាណទឹកភ្លៀងនៅក្នុងតំបន់ទាំងនេះ អាចធ្វើឱ្យអាកាសធាតុក្តៅខ្លាំង ហើយក្តៅកាន់តែខ្លាំងឡើងៗ នៅក្នុងរដូវប្រាំង។
  • តំបន់ការ៉ាប៊ីន ក៏ជារឿយៗជួបប្រទះគ្រោះរាំងស្ងួតក្នុងអំឡុងពេលមានបាតុភុតអែលនីញ៉ូ។ រដូវរងាបែរជាក្តៅ ហើយស្ងួតហួតហែង គឺជារឿងធម្មតានៅតាមផ្នែកខ្លះនៃភាគខាងត្បូង និងភាគខាងកើតទ្វីបអាស៊ី។ ស្ថានភាពគ្រោះរាំងស្ងួតអាចកើនឡើងនៅទ្វីបអាហ្វ្រិកភាគអាគ្នេយ៍ ក្នុងរដូវក្តៅនៃអឌ្ឍគោលខាងត្បូង​ ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ។ ទន្ទឹមនឹងនេះដែរ នៅតំបន់ចុងទ្វីបអាហ្វ្រិកខាងកើត អាចជួបគ្រោះទឹកជំនន់ ពីខែតុលា ដល់ខែមករា។
  • លើសពីនេះ ផ្នែកមួយនៃទ្វីបអាម៉េរិកខាងត្បូងភាគអាគ្នេយ៍ ងាយនឹងមានភ្លៀងធ្លាក់ខ្លាំងជាងមុន ក្នុងអំឡុងឆ្នាំមានបាតុភូតអែលនីញ៉ូ ស្របពេលភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល អាកាសធាតុនឹងក្តៅជាងធម្មតា។ ចំណែកផ្នែកខ្លះនៃអាម៉េរិកខាងត្បូងភាគខាងជើង លាតសន្ធឹងទៅដល់ផ្នែកខ្លះនៃអាម៉េរិកកណ្តាល អាកាសធាតុមានទំនោរទៅរកស្ថានភាពស្ងួតជាងមុន ចាប់ពីខែកក្កដា ដល់ខែធ្នូ។ រីឯនៅតំបន់អាម៉េរិកខាងជើងភាគនិរតី រួមទាំងប្រទេសប៉េរូ ងាយនឹងមានភ្លៀងធ្លាក់ខ្លាំង ដោយសារបាតុភូតអែលនីញ៉ូ ចាប់ពីខែមករា ដល់ខែឧសភា បន្ទាប់ពីទឹកសមុទ្រកើនកម្តៅខុសប្រក្រតី។

មហាសមុទ្រ៖ បាតុភូតអែលនីញ៉ូ អាចនាំឱ្យមានរលកកម្តៅក្នុងសមុទ្រកាន់តែធំឡើងៗ។ រលកកម្តៅក្នុងសមុទ្រដោយខ្លួនឯងក៏អាចជះឥទ្ធិពលដល់ទម្រង់អាកាសធាតុក្នុងតំបន់ផងដែរ។

ផលប៉ះពាល់សេដ្ឋកិច្ច៖ ការសិក្សាបានបង្ហាញថា​ បាតុភូតអែលនីញ៉ូដ៏ខ្លាំង អាចកាត់បន្ថយកំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន ដោយសារគ្រោះមហន្តរាយ ការរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ និងផលប៉ះពាល់ផ្សេងៗទៀត។

ប៉ុន្តែវាមិនមែនដូចគិតទាំងអស់ទេ៖ បាតុភូតអែលនីញ៉ូមួយ សូម្បីតែមានឥទ្ធិពលខ្លាំងជាមុនក៏ដោយ ក៏មិនប្រាកដថា វានឹងកើតឡើងដូចរបាយការណ៍ ស្តីអំពីផលប៉ះពាល់ដែរ។ បាតូភូតនេះអាចប្រែប្រួលថែមទៀត។

មានភាពកាន់តែមិនច្បាស់លាស់អំពីផលប៉ះពាល់នៃបាតុភូត ឬមហាបាតុភូតអែលនីញ៉ូនេះ ពីព្រោះហេតុការណ៍បែបនេះកំពុងកើតឡើងនៅពេលពិភពលោកក្តៅជាងធម្មតារួចទៅហើយ ដោយសារការឡើងកម្តៅផែនដីពីការបំពុលដោយឥន្ធនៈហ្វូស៊ីល ដូច្នេះ នៅមានចម្ងល់មួយចំនួនទាក់ទងនឹងរបៀប ដែលអាចប្រកាសអាសន្នអំពីអាកាសធាតុប្រែប្រួលខ្លាំង បង្កឡើងដោយបាតុភូតអែលនីញ៉ូ។

សរុបសេចក្ដីមក កុំថាឡើយឡើយបាតុភូតអែលនីញ៉ូទេ កុំថាឡើយបាតុភូតមហាអែលនីញ៉ូ ស្របពេល សាវតានៃអាកាសធាតុក្តៅ កើតមានដួចពេលដូចបច្ចុប្បន្ននេះរួចទៅ៕ (ផាន់ អាណា)

 

 


image_2026-09-18_15-35-24
ម៉ាឡេស៊ី គ្រោងដាំម្នាស់ឱ្យបាន២០ ០០០ហិកតា នៅឆ្នាំ២០៣០ សម្រាប់នាំចេញ

កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅពង្រីកផ្ទៃដីដាំម្នាស់ នៅក្នុងរដ្ឋសារ៉ាវ៉ាក់ ពី ២២០០ហិក តា ទៅដល់ ២០០០០ហិកតា ត្រឹមឆ្នាំ២០៣០ ដោយត្រៀមថវិកាគាំទ្រ ១៩លានដុល្លារ សម្រាប់ឆ្នាំ២០២៦–២០៣០។ បច្ចុប្បន្ន រដ្ឋសារ៉ាវ៉ាក់ឈរនៅលំដាប់ទី២ ក្នុងប្រទេសម៉ាឡេស៊ី សម្រាប់ផ្ទៃដីដាំម្នាស់ ដោយមានទំហំជិត ២ ពាន់ ហិកតា ក្នុងនោះជិត ១៥០០ ហិកតា កំពុងចេញផ្លែ និងផ្តល់ទិន្នផលសរុប៣ ៣០០០ តោន។ នៅកម្រិតថ្នាក់ជាតិ ឧស្សាហកម្មម្នាស់របស់ម៉ាឡេស៊ី មានតម្លៃជិត ៣១៥លានដុល្លារ ក្នុងឆ្នាំ២០២៤ ដោយទទួលបានផលសរុបជិត ៥១៧តោន ដាំដុះលើពីផ្ទៃដីជិត ១៩ ០០០ហិកតា។ ផែនការពង្រីកការផ្ទៃដីដាំដុះនេះ រដ្ឋសារ៉ាវ៉ាក់ បានកំណត់គោលដៅដាំម្នាស់ពូជ ម្នាស់មាសសារ៉ាវ៉ាក់១ (Sarawak Gold 1-SG1) លើផ្ទៃដីទំហំ៦០ហិកតា ក្នុងឆ្នាំ២០២៦នេះ។ កម្មវិធីសាកល្បងនាំចេញផ្លែម្នាស់ទៅប្រទេសសិង្ហបុរីកំពុងដំណើរការ ដើម្បីវាយតម្លៃការទទួលយករបស់ទីផ្សារ តម្រូវការផ្នែកដឹកជញ្ជូន និងការអនុលោមតាមនីតិវិធីនាំចេញ។ គម្រោងពង្រីកម្នាស់មាសសារ៉ាវ៉ាក់១ ឬអេសជី១ (SG1)  គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍លើតំបន់អភិវឌ្ឍន៍ចំនួន៣។ […]

image_2026-09-18_09-34-13
ហ្វីលីពីនផ្អាកនាំចេញមើមដំឡូងឈាមមាន់ស្រស់ ព្រោះខ្លាចគេលួចយកទៅធ្វើពូជដាំដែរ

ម៉ានីល៖ ប្រទេសហ្វីលីពីន បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ដើម្បីការពារពូជដំណាំនៅទីផ្សារពិភពលោកកុំឱ្យគេលួចយកទៅធ្វើពូជដាំបន្តទៀត។ ការផ្អាកការនាំចេញនេះត្រូវអនុវត្តដោយមិនកំណត់រយៈពេល ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ សម្រាប់ដំឡូងឈាមមាន់ស្រស់ និងពូជសម្រាប់យកទៅដាំផងដែរ។ នេះបើយោងតាមក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្រសួងបានបញ្ជាក់ថា គោលបំណង គឺដើម្បីបង្កើនសមត្ថភាពផលិតក្នុងស្រុក និងធ្វើឱ្យដំណាំនេះក្លាយជាប្រភពចំណូលនាំចេញដ៏សំខាន់ជាងមុនរបស់ប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រែនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា «យើងខ្វះពូជសម្រាប់ដាំយ៉ាងខ្លាំងនៅក្នុងប្រទេសរបស់យើង ហើយយើងមិនចង់នាំចេញវាទៅប្រទេសដទៃ ដែលគេអាចយកពូជដំឡូងឈាមមាន់របស់ហ្វីលីពីនទៅដាំបន្ត ដើម្បីប្រកួតប្រជែងជាមួយយើងនោះទេ»។ ដំឡូងឈាមមាន់របស់ហ្វីលីពីន កំពុងក្លាយជាវត្ថុធាតុដើម ដែលរោងចក្រកែច្នៃ និងអ្នកទិញនៅក្រៅប្រទេសមានតម្រូវការកាន់តែច្រើន។ ដំឡូងឈាមមាន់ត្រូវបានកែច្នៃជាផលិតផលជាច្រើន ដូចជា ម្សៅ ដំណាប់ និងម្សៅដំឡូងកិន សម្រាប់ប្រើជាគ្រឿងផ្សំក្នុងផលិតផលផ្សេងៗ មានចាប់ពីនំខួបកំណើត រហូតដល់ធ្វើជាទៀនក្រអូប។ ក្រសួងកសិកម្មហ្វីលីពីន បានឱ្យដឹងទៀតថា ផលិតផលដំឡូងឈាមមាន់របស់ហ្វីលីពីន ត្រូវបាននាំចេញទៅកាន់ប្រទេសកាណាដា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាស៊ី ខណៈសហរដ្ឋអាម៉េរិក និងអឺរ៉ុប អាចក្លាយជាទីផ្សារនាពេលអនាគត៕​ (ផាន់ អាណា)

Buckwheat with chicken curry sauce isolated on white background.
ស្រីលង្កា ពង្រឹងសុវត្ថិភាពចំណីអាហារ ដើម្បីឱ្យប្រជាជនមានសុខភាពល្អ

កូឡុំបូ៖ ប្រទេសស្រីលង្កា កំពុងពង្រឹងប្រព័ន្ធត្រួតពិនិត្យលើចំណីអាហាររបស់ខ្លួន ដើម្បីការពារសុខភាពសាធារណៈ ពង្រឹងប្រព័ន្ធចំណីអាហារ និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយនេះ ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងសារព័ត៌មានមហាជន តាមរយៈអង្គភាពរដ្ឋបាលត្រួតពិនិត្យចំណីអាហារ ដើម្បីធានាឱ្យប្រជាជនស្រីលង្កាគ្រប់រូបទទួលបានចំណីអាហារ មានសុវត្ថិភាព អំណោយផលដល់សុខភាព និងមានគុណភាព ព្រមទាំងពង្រឹងការសម្របសម្រួលរវាងស្ថាប័នទទួលខុសត្រូវលើសុវត្ថិភាពចំណីអាហារ តាមខ្សែច្រវ៉ាក់ចំណីអាហារទាំងមូល ចាប់ពីការផលិតរហូតដល់ការទទួលទាន ។ ទោះបីស្រីលង្កាមានក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហាររួចហើយក្តី ប្រទេសនេះកន្លងមកមិនទាន់មានគោលនយោបាយជាតិទូលំទូលាយណាមួយ ដែលអាចដឹកនាំ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកសុវត្ថិភាពចំណីអាហាររវាងស្ថាប័នរដ្ឋ និងវិស័យផ្សេងៗនៅឡើយទេ។ គោលនយោបាយថ្មីនេះបានបំពេញចន្លោះខ្វះខាតទាំងនោះ ដោយផ្តល់ទិសដៅយុទ្ធសាស្ត្រសម្រាប់ពង្រឹងអភិបាលកិច្ច បង្កើនប្រព័ន្ធតាមដានត្រួតពិនិត្យ កែលម្អការវាយតម្លៃ និងការទំនាក់ទំនងអំពីហានិភ័យ ពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ពង្រឹងច្បាប់ស្តីសុវត្ថិភាពចំណីអាហារ និងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកផលិត អាជីវកម្មចំណីអាហារ និងអ្នកប្រើប្រាស់។ គោលនយោបាយនេះក៏មានគោលបំណងដោះស្រាយបញ្ហាប្រឈមថ្មីៗ ផ្នែកសុវត្ថិភាពចំណីអាហារ ដែលកើតឡើងពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រព័ន្ធផលិតកម្មចំណីអាហារ ការពង្រីកពាណិជ្ជកម្មចំណីអាហារក្នុងស្រុក និងអន្តរជាតិ៕ (ផាន់ អាណា)

83222979-022B-4DA3-A673-BDF4C3DAD944
ចេកអំបូងលឿងកម្ពុជា កំពុងលក់នៅទីផ្សារ​១០ប្រទេស ​លើពិភពលោក​

ដោយ ឡុង សារេត​ ភ្នំពេញ​៖ ចេកអំបូងលឿង​របស់កម្ពុជា​មានវត្តមានលើទីផ្សារ​ចំនួន១០ប្រទេសហើយ ហើយក្នុងរយៈពេល៨ខែឆ្នាំ​២០២៦នេះ កម្ពុជា​នាំចេកអំបូងលឿង​ ជិត​២៩ម៉ឺនតោន ។ មន្ត្រីរដ្ឋាភិបាលនិយាយថា បច្ចុប្បន្ន​​ដំណាំចេកអំបូងលឿងនេះ​​កំពុងមានសក្តានុពលខ្ពស់​ទាក់ទាញអ្នកវិនិយោគ​ ឱ្យមកដាំដុះនៅកម្ពុជា​កាន់តែច្រើន ។​ ​ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ​បានឱ្យ​ដឹង​ថា​ ទីផ្សារគោលដៅសំខាន់ៗរបស់ចេកអំបូងលឿងខ្មែរ រួមមាន ចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី ហុងកុង កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត សិង្ហបុរី និងប្រទេសអេមីរ៉ាតអារ៉ាប់រួម។​ លោកលើកឡើង​ថា បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ៣៥ កំពុងវិនិយោគលើការដាំដុះចេកអំបូងលឿងក្នុង​ខេត្តកំពត កំពង់ស្ពឺ ឧត្តរមានជ័យ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី។ ក្នុងឆ្នាំ២០២៥កន្លងទៅ ផ្ទៃដីដាំដុះចេកអំបូងលឿងសរុបមានជាង​៣៥ ០០០ហិកតា ក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួនជាង១៧ ០០០ហិកតា ដែលផ្តល់នូវបរិមាណផលសរុបប្រមាណ​ជាង៤៨ម៉ឺនតោន៕

កាលវិភាគផ្សព្វផ្សាយ