ភ្នំពេញ៖ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដំណាក់កាលទី១ ដោយឥណ្ឌាអាចស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា។
ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្តម វ៉ាន់ឡាលវ៉ាវណា បាទីលុនង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា។
លើសពីនេះក៏មានការអញ្ជើញចូលរួមពីលោក សាស្វាត កុមារ មហាប៉ាត្រ (Saswat Kumar Mahapatra) ប្រធានគ្រប់គ្រងទូទៅនៃធនាគារកណ្ដាលឥណ្ឌា និងជាតំណាងក្រសួងទេសចរណ៍ សមាគមពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់អាហារដ្ឋានឥណ្ឌានៅកម្ពុជា សរុបប្រមាណ១៩០រូប។
ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលឱ្យប្រជាជនឥណ្ឌា ដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញ និងសេវាតាមខេអេចឃ្យូអរកូតរបស់អាជីវករប្រមាណជាង៤,៥លានទីតាំង នៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព ស្របពេលប្រទេសកម្ពុជាកំពុងមានកំណើនភ្ញៀវទេសចរឥណ្ឌា៕












