ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសថា ខ្លួនបានលុបចោលនូវការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសាច់ជ្រូក និងផលិតផលជ្រូកផ្សេងទៀតពីប្រទេសអេស្ប៉ាញ បន្ទាប់ពីបានធ្វើការកត់សម្គាល់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅតំបន់អឺរ៉ុប។
ក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់ជាផ្លូវការនូវវិធានការរបស់អេស្ប៉ាញសម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលអនុញ្ញាតឱ្យបន្តការនាំចូលសាច់ជ្រូក ស្បែកជ្រូក និងផលិតផលសាច់ជ្រូកផ្សេងទៀត ក្រោមលក្ខខណ្ឌអនាម័យ ដែលបានព្រមព្រៀងគ្នារវាងទីក្រុងម៉ានីល និងទីក្រុងម៉ាឌ្រីដ.។
ការត្រួតពិនិត្យរបស់ការិយាល័យឧស្សាហកម្មសត្វ បានសន្និដ្ឋានថា បសុពេទ្យនៃប្រទេសអេស្ប៉ាញបានចេញវិធានការនៃការត្រួតពិនិត្យ និងវិធានការនៃការគ្រប់គ្រងនៃជំងឺបេស្តជ្រូកនេះ ដើម្បីធ្វើការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកកាន់តែខ្លាំងតាមរយៈការនាំចូលផលិតផលសាច់ជ្រូកនេះ។
ក្រោមសារាចរណែនាំថ្មីនេះរបស់ហ្វីលីពីន រាល់ប្រតិបត្តិការនៃនាំចូលទាំងអស់ពីប្រទេសអេស្ប៉ាញត្រូវតែគោរពតាមពិធីសាស្ត្រនៃនាំចូលទ្វេភាគី និងបទប្បញ្ញត្តិចត្តាឡីស័ករបស់ហ្វីលីពីន និងគោលការណ៍ណែនាំក្រោមសារាចរណែនាំរដ្ឋបាល ឆ្នាំ២០២៥ ដែលបានបង្កើតឲ្យមាននូវក្របខ័ណ្ឌសម្រាប់ការទទួលស្គាល់ទ្វេភាគីនៃតំបន់ភាវូបនីយកម្ម ជំងឺប៉េស្តជ្រូកអាហ្វ្រិក ក្នុងចំណោមដៃគូភាគីពាណិជ្ជកម្ម។ ប្រទេសហ្វីលីពីនបានហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសាច់ជ្រូកពីអេស្ប៉ាញ កាលពីឆ្នាំមុន បន្ទាប់ពីករណីជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានរាយការណ៍នៅទ្វីបអឺរ៉ុប ដែលជំរុញឱ្យមានការត្រួតពិនិត្យព្រំដែនកាន់តែតឹងរ៉ឹង ដើម្បីការពារឧស្សាហកម្មសាច់ជ្រូកក្នុងស្រុក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ហ្វ្រេនស៊ីស្កូ ធៀប ឡូរ៉ែល ( Francisco Tiu Laurel) បាននិយាយថា វិធានការនេះត្រូវបានគេរំពឹងថា នឹងជួយសម្រួលដល់ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់សាច់ និងបន្ធូរបន្ថយសម្ពាធលើតម្លៃសាច់ជ្រូកក្នុងស្រុក។
លោកបានមានប្រសាសន៍ថា ការសម្រេចចិត្តនេះ គឺឆ្លុះបញ្ចាំងពីវិធីសាស្រ្តនៃការការពារកសិកម្មក្នុងស្រុក និងការធានាសន្តិសុខស្បៀង។
លោកបានមានប្រសាសន៍បន្តទៀតថា យើងនៅតែមានការប្រុងប្រយ័ត្នក្នុងការប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក ប៉ុន្តែយើងក៏ទទួលស្គាល់ពីសារៈសំខាន់ក្នុងការវាយតម្លៃហានិភ័យដោយផ្អែកលើវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការធានានូវខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារប្រកបដោយស្ថិរភាព។ ការអនុញ្ញាតឱ្យមានការនាំចូលពីតំបន់ ដែលមានការគ្រប់គ្រង និងត្រួតពិនិត្យត្រឹមត្រូវទៅលើផលិតផលសាច់ជ្រូកនៅក្នុងប្រទេសអេស្ប៉ាញនេះ បានជួយដល់ការធ្វើពិពិធកម្មនៃប្រភពសាច់ជ្រូក ព្រមទាំងរក្សាបាននូវស្តង់ដារសុខភាពសត្វជ្រូកបានយ៉ាងតឹងរ៉ឹងផងដែរ។
ក្រុមអ្នកវិភាគក្នុងឧស្សាហកម្មនេះបានឱ្យដឹងថា ការបើកឱ្យនាំចូលសាច់ជ្រូករបស់ប្រទេសអេស្ប៉ាញឡើងវិញនេះ អាចជួយរក្សាស្ថិរភាពក្នុងការផ្គត់ផ្គង់សាច់ជ្រូក និងតម្លៃលក់រាយក្នុងកម្រិតមធ្យម ខណៈពេលប្រទេសហ្វីលីពីននៅតែបន្តកសាងឡើងវិញនូវចំនួនជ្រូកចិញ្ចឹមរបស់ខ្លួន បន្ទាប់ពីរងនូវផលប៉ះពាល់ពីជំងឺប៉េស្តជ្រូកអាហ្វ្រិកអស់រយៈពេលជាច្រើនឆ្នាំ៕












