អន្តរជាតិ៖ ប្រជាជនជប៉ុនប្រឈមមុខនឹងបញ្ហាតម្លៃអង្ករ ដែលចេះតែបន្តឡើងថ្លៃបន្តបន្ទាប់ ដោយក្នុងនេះ អង្ករ៥គីឡូក្រាមមានតម្លៃជាង៣៨០០យ៉េន ឬប្រមាណជាង២៦ដុល្លារអាមេរិក។
ទីភ្នាក់ងារ ស៊ីន ហួរ របស់ចិនបានរាយការណ៍ពីទី ក្រុងតូក្យូ ដោយយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានរាយការណ៍អំពីតម្លៃអង្ករជាមធ្យមនៅក្នុងផ្សារទំនើបទូទាំងប្រទេស បាននឹងកំពុងបន្តកើនឡើងនៅក្នុងតម្លៃ៣៨៩២យ៉េន ក្នុង៥គីឡូក្រាមក្នុងសប្តាហ៍ចុងក្រោយនេះ។
ទន្ទឹមនឹងនេះដែរ តម្លៃអង្ករនៅផ្សារទំនើបបានបន្តកើនឡើង៦២យ៉េនក្នុង១គីឡូក្រាម កាលពីសប្តាហ៍មុន ដែលបានកើនឡើង ប្រមាណ៩០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។
តម្លៃអង្ករលក់រាយនៅផ្សារទំនើបរបស់ជប៉ុន បានកើនឡើងសន្សឹមៗឥតឈប់ក្នុងរយៈពេល៧សប្តាហ៍ជាប់ៗគ្នា ទោះបីជារដ្ឋាភិបាលមានផែនការបញ្ចេញអង្ករបម្រុង២១ម៉ឺនតោនទៅកាន់ទីផ្សារក្នុងការទប់ស្កាត់ ដើម្បីរក្សាស្ថិរភាពតម្លៃ និងជួយសម្រាលបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏ដោយ។
ការលក់អង្ករបម្រុងនឹងប្រព្រឹត្តទៅតាមរយៈដំណើរការដេញថ្លៃ ហើយការលក់ដំបូងចំនួន១៥ម៉ឺនតោន នឹងចាប់ផ្តើមនៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុននឹងបញ្ចេញបរិមាណអង្ករបម្រុងសម្រាប់ជុំបន្ទាប់ទៀត ដោយផ្អែកលើស្ថានភាពជាក់ស្តែង។
អ្នកជំនាញបាននិយាយថា តម្លៃអង្ករដែលចេះតែកើនឡើងនេះមិនបានបង្ហាញសញ្ញានៃការធូរស្រាលនោះទេ។ កត្តានេះបានបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមកសិករ និងអ្នកលក់ដុំនៅប្រទេសជប៉ុន ដោយសារតែតម្លៃកើនឡើងនេះ អាចនឹងកាត់បន្ថយតម្រូវការអ្នកទិញនាថ្ងៃខាងមុខ៕