ព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

2025-03-03 14.43.53

រដ្ឋធានីខេបថោន៖  ឆ្លៀតក្នុងឱកាស ចូលរួមក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកលផ្តោតលើប្រធានបទ ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង នៅរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ រអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ   លោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development- IFAD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តការគាំទ្រលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។

ក្នុងជំនួបនេះដែរ  ឯកឧត្តមបណ្ឌិត ក៏បានគូសរំលេចអំពីបេសកកម្មសំខាន់ៗ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមចំណែកអនុវត្តន៍គម្រោងពាក់ព័ន្ធមួយចំនួន របស់អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម ដែលមាននៅកម្ពុជា។

 

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានស្នើសុំដល់ភាគី អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម បន្តជួយគាំទ្រដល់បេសកកម្មរបស់ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងស្នើសុំធ្វើការពង្រីកកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងនានារវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជាពិសេសគាំទ្រលើការអនុវត្ត គម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility – CCFF) ដែលជាគម្រាងគាំទ្រដោយមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF)  ដើម្បីរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបញ្ចេញកាបូនតិច ហើយដែលធន់នឹងអាកាសធាតុលើវិស័យអាទិភាពរួមមាន៖ ព្រៃឈើនិងការប្រើប្រាស់ដី, កសិកម្ម, ធនធានទឹក, ថាមពលកកើតឡើងវិញ, ប្រសិទ្ធភាពថាមពល និងការដឹកជញ្ជូន។

នៅក្នុងឱកាសចូលរួមសន្និបាតហិរញ្ញវត្ថុ​ជាសកលនេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ក្នុងនាមជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ រអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទ ស្តីពី «ប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព និងបញ្ហាប្រឈមជាសកល»។ ចំណែកក្នុងនាមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ​ឯកឧត្តមបណ្ឌិត បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល  ​ដែលជាមាជិកនៃសហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ តំណាងពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងមានកិច្ចប្រជុំពិភាក្សាជាច្រើន ជាមួយដៃគូអភិវឌ្ឍន៍ និងធនាគារអភិវឌ្ឍន៍ផ្សេងៗទៀត និងអញ្ជើញជាវាគ្មិនលើប្រធានបទស្តីពី «ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ»។

សន្និបាតហិរញ្ញវត្ថុជាសកល គឺជាការជួបជុំនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាបណ្តាញសកល នៃបណ្តាធនាគារអភិវឌ្ឍន៍សាធារណៈ មកពីជុំវិញពិភពលោក ដើម្បីពិនិត្យ និងរៀបចំនូវលំហូរហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង សម្រាប់ការឈានទៅមុខលើការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ សន្និបាតហិរញ្ញវត្ថុជាសកលនេះ គឺជាការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍សាធារណៈ ប្រមាណជាង៥៣៣ស្ថាប័ន មកពីជុំវិញពិភពលោក ដែលបានរួមចំណែកលើការវិនិយោគប្រមាណ១០ភាគរយនៃការវិនិយោគលើការអភិវឌ្ឍពិភពលោកសរុបជារៀងរាល់ឆ្នាំ។

សន្និបាតហិរញ្ញវត្ថុសកល ត្រូវបានប្រារព្ធឡើងស្របពេលនៃសន្និបាត G20 ជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក មានដូចជា ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ, ការដោះស្រាយបញ្ហាការប្រែប្រួលអាកាធាតុ និងការអភិវឌ្ឍន៍ប្រ​កបដោយចីរភាពជាដើម ដែលសាធារណរដ្ឋអាហ្វ្រិកខាងត្បូងធ្វើជាប្រធានសន្និបាតនេះ។

សន្និបាតG20, សន្និបាតហិរញ្ញវត្ថុជាសាកល (FiCS) ឆ្នាំ២០២៥នេះ ផ្តោតលើប្រធានបទស្តីពី «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព​» ដោយគ្រោងពិនិត្យលើបញ្ហាប្រឈមសំខាន់ៗតាមរយៈសសរស្តម្ភ​ចំនួនបី រួមមាន៖ ទី១. បរិយាប័ន្នហិរញ្ញវត្ថុ  សំដៅដល់ការលើកកម្ពស់កំណើនប្រកប​ដោយចីរភាព, និងការកាត់បន្ថយវិសមភាព តាមរយៈគំរូហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍, ទី២. បរិវត្តកម្មឌីជីថល សំដៅដល់​ការ​បែងចែក​ឌីជីថលឱ្យមានលក្ខណៈសមធម៌ និងបរិយាប័ន្ន ​ដើម្បី​ធានា​ថា​គ្មាន​អ្នក​ណា​ម្នាក់​​ត្រូវ​បាន​គេ​ទុក​ចោល, និង ទី៣. ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់សកម្មភាពអាកាសធាតុ សំដៅដល់ការបង្កើនភាពធន់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា «តាមរយៈសន្និបាតនេះ ខ្ញុំនឹងផ្សព្វផ្សាយជូនអង្គសន្និបាតហិរញ្ញវត្ថុ​សកល អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព»។

នៅថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាចង្អៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសមាជិកសន្និបាតហិរញ្ញវត្ថុជាសកល ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលរៀបចំដោយអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម និងដោយមានការចូលរួមពីតំណាងសហគមអឺរ៉ុប ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៃប្រទេសកាណាដា និងធនាគារអភិវឌ្ឍន៍មួយចំនួនទៀតមកពីជុំវិញពិភពលោក។

កិច្ចប្រជុំចង្អៀតនេះ មានគោលបំណងកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍ ផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ កៀរគរមូលធន និងកំណត់នូវយុទ្ធសាស្រ្តអាទិភាពរួម។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់ធាតុចូលសំខាន់ៗក្នុងការកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍ក្នុងការគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងពិភាក្សាអំពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជុំវិញពិភពលោក។

ចំណែកនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥នេះ នារដ្ឋធានីខេបថោននៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង មុនការចាប់ផ្តើមនៃសន្និបាតហិរញ្ញវត្ថុ​ជាសកលដោយ ឯកឧត្តមបណ្ឌិត បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions – WFDFI) ដែលប្រមូលផ្តុំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រមាណជាង៥​៣០ស្ថាប័ន មកពីជុំវិញ​ពិភពលោក។

សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នេះ ត្រូវបានបង្កើតឡើងដោយសមាគមមកពីតំបន់ផ្សេងគ្នាជុំវិញ​ពិភពលោក រួមមាន៖

ទី១- សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន​ ដែលមានសមាជិកមកពី៤១ប្រទេស។

ទី២-សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍​តំបន់ អាមេរិកឡាទីន និងខារីប៊ែន (ALIDE) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូ  ដែលមានសមាជិកមកពី២២ប្រទេស។

ទី៣- សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាហ្វ្រិក (AADFI) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ ដែលមានសមាជិកមកពី៥០ប្រទេស។

ទី៤- សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ជាតិនៃប្រទេសសមាជិកនៃធនាគារអភិវឌ្ឍន៍អ៊ីស្លាម (ADFIMI) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីអីស្តង់ប៊ុល ប្រទេសតួគី  ដែលមានសមាជិកមកពី១៩ប្រទេស។

ទី៥- សមាគមវិនិយោគិនរយៈពេលវែងនៃសហភាពអឺរ៉ុប (ELTI) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីប្រ៊ុចសែល ប្រទេសបែលស្ស៊ីក ដែលមានសមាជិកមកពី២៣ប្រទេសនៃសហគមអឺរ៉ុប។

សហព័ន្ធពិភពលោកនេះ គឺ​តំណាងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងគោល​​បំណងលើកកម្ពស់ការអភិវឌ្ឍឱ្យ​​កាន់តែមានប្រសិទ្ធភាព ដោយនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមគ្រឹះស្ថានហិ​រញ្ញវត្ថុអភិវឌ្ឍន៍នៅជុំវិញពិភពលោក។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះមានរបៀបវារៈមួយចំនួនពាក់ព័ន្ធនឹងផែនការសកម្មភាពរបស់សហព័ន្ធ ជាពិសេសបានពិនិត្យឡើងវិញនូវតួនាទីមួយចំនួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលរួមមានការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ, ការសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជាអន្តរជាតិ, ការលើកកម្ពស់ការវិនិយោគរយៈពេលវែង, ការផ្តល់ហិរញ្ញប្បទានក្រោមគោលនយោបាយសារពើពន្ធ ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម, ការជំរុញលើការវិយោគក្នុងវិស័យឯកជន, ការជំរុញកំណើនសេដ្ឋកិច្ច, ការសម្របសម្រួលលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញគោលដៅយុទ្ធសាស្ត្រជាតិ​, ការលើកកម្ពស់បរិយាប័ន្នសង្គម និងការឆ្លើយតបចំពោះការបរាជ័យទីផ្សារឱ្យបានទាន់ពេល៕

 


Meat and Food Quality Control Laboratory Testing with a Magnifying Glass
ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងផ្តល់កម្ចី២១៨លានដុល្លារ ដើម្បីត្រួតពិនិត្យចំណីអាហារ និងឱសថនៅឥណ្ឌូណេស៊ី

ហ្សាការតា៖ ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងផ្តល់ប្រាក់កម្ចីចំនួន២១៨លានដុល្លារ ដើម្បីពង្រឹងការត្រួតពិនិត្យចំណីអាហារ និងឱសថ ព្រមទាំងវិស័យពាក់ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌូណេស៊ី តាមរយៈការសាងសង់មន្ទីរពិសោធន៍សម្រាប់ត្រួតពិនិត្យគុណភាពផលិតផលថ្មីៗ ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ​ ឥណ្ឌូណេស៊ី គឺជាស្ថាប័នប្រើប្រាស់ហិរញ្ញប្បទាននេ ហើយធនាគារអភិវឌ្ឍន៍អាស៊ី​ កំពុងរៀបចំព័ត៌មានលម្អិតនៃគម្រោងនេះ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ​ ឥណ្ឌូណេស៊ី បានមានប្រសាសន៍ថាថវិកាជិត២,៨លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មន្ទីរពិសោធន៍។ លោកបានមានប្រសាសន៍ថា ទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ​ មានបំណងសាងសង់មន្ទីរពិសោធន៍នេះ តាំងពីឆ្នាំ២០២៤មកម្ល៉េះ ប៉ុន្តែត្រូវផ្អាកទៅវិញ ដោយសារវិធានការរឹតត្បិតលើការចំណាយថវិការបស់រដ្ឋាភិបាល។ លោកបានបញ្ជាក់ថា មន្ទីរពិសោធន៍នេះក៏នឹងជួយបង្កើនសមត្ថភាពធ្វើតេស្តពី៨៦,៤ ដល់៩៥,៥ភាគរយ កាត់បន្ថយរយៈពេលធ្វើតេស្តមកនៅត្រឹម៥ថ្ងៃ បើធៀបនឹងរយៈពេលរង់ចាំ៨ថ្ងៃ នាពេលបច្ចុប្បន្ន។ តាមគម្រោង ប្រាក់កម្ចីសរុបចំនួន២១៨លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មន្ទីរពិសោធន៍ចំនួន៣៧កន្លែង នៅទូទាំងប្រទេសឥណ្ឌូណេស៊ី។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ ទំហំហិរញ្ញប្បទាន ដែលធនាគារអភិវឌ្ឍន៍អាស៊ី បានសន្យាផ្តល់ដល់ប្រទេសឥណ្ឌូណេស៊ី រួមមានប្រាក់កម្ចីសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេស មានចំនួនសរុប៥០,៦ពាន់លានដុល្លារ៕ (ផាន់ អាណា)

1-2-1-800x400
អាម៉េរិក ផ្តល់ហិរញ្ញប្បទាន៣៤លានដុល្លារ​ ជួយកសិករហ្វីលីពីនដំណាំដំឡូងឈាមមាន់

ម៉ានីល៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក នឹងផ្តល់ហិរញ្ញប្បទានប្រមាណ៣៤លានដុល្លារ ដល់ប្រទេសហ្វីលីពីន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមាន់ ស្របពេលតម្រូវការកំពុងកើនឡើងយ៉ាងខ្លាំង នៅតាមទីផ្សារ។ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះនឹងទទួលបានហិរញ្ញប្បទានពីប្រាក់ចំណូលនៃការលក់កាកសំណល់សណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក ក្នុងបរិមាណជិត៤០ ០០០តោន សម្រាប់ផលិតចំណីសត្វនៅក្នុងប្រទេសហ្វីលីពីន។ គម្រោងនេះត្រូវគេរំពឹងថា នឹងជួយគាំទ្រដល់កសិករដាំដំឡូងឈាមមាន់ នៅហ្វីលីពីនចំនួន១២ ៥០០នាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ប្រទេសហ្វីលីពីនកំពុងប្រឈមនឹងការលំបាកក្នុងការផ្គត់ផ្គង់ដំឡូងឈាមមាន់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារពិភពលោក ដែលកំពុងកើនឡើង ដោយសារសមត្ថភាពផលិតកម្មនៅមានកម្រិត។ ដើម្បីការពារប្រភពពូជដំឡូងឈាមមាន់ ដែលនៅមានចំនួនតិចជាងពីប្រទេសជាដៃគូប្រកួតប្រជែង ដូចជា វៀតណាម និងចិន រដ្ឋាភិបាលហ្វីលីពីន កាលពីពេលថ្មីៗនេះ បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ទៅក្រៅប្រទេស ព្រោះខ្លាចគេយកទៅធ្វើពូជដាំបន្ត ដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ រដ្ឋាភិបាលហ្វីលីពីនមានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មដំឡូងឈាមមាន់ក្នុងស្រុក និងប្រែក្លាយដំណាំនេះឱ្យទៅជាប្រភពចំណូលពីការនាំចេញកាន់តែធំមួយសម្រាប់សេដកិច្ចហ្វីលីពីន។ ស្ថានទូតសហរដ្ឋអាម៉េរិកក៏បានបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមានើនេះ នឹងជួយពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសេដ្ឋកិច្ចរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តយោធាដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន៕ (ផាន់ អាណា)

IMG_4906
សហគ្រាសខ្នាតតូចនៅកម្ពុជាមានឱកាសខ្ចីទុនការប្រាក់៥ភាគរយ អនុគ្រោះសងប្រាក់ដើមរហូតដល់ពីរឆ្នាំ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាខ្វះទុនសម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម នឹងមានឱកាសទទួលបានកម្ចីក្នុងអត្រាការប្រាក់៥ភាគរយ ជាមួយការអនុគ្រោះមិនចាំបាច់សងប្រាក់ដើមរហូតដល់ពីរឆ្នាំ។ ឱកាសនេះកើតចេញពីកិច្ចសហការថ្មីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដែលបានចុះអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១។ ក្រោមកិច្ចសហការនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាសមាជិក​ FASMEC នឹងទទួលបានអាទិភាពក្នុងការសិក្សា និងពិនិត្យសំណើកម្ចីឱ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលការទទួលបានប្រភពទុនសម្រាប់ដំណើរការអាជីវកម្ម។ ចំណុចគួរឱ្យចាប់អារម្មណ៍ គឺការអនុគ្រោះមិនចាំបាច់សងប្រាក់ដើមរហូតដល់ពីរឆ្នាំ ដែលអាចជួយឱ្យម្ចាស់សហគ្រាសមានពេលវេលាប្រើប្រាស់ទុនសម្រាប់ផលិតកម្ម ការទិញសម្ភារៈ ឬការពង្រីកអាជីវកម្ម មុនចាប់ផ្តើមសងប្រាក់ដើម។ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានលើកឡើងថា សហគ្រាសខ្មែរមួយចំនួនមិនត្រឹមតែខ្វះប្រភពទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្វះចំណេះដឹងផ្នែកច្បាប់ បច្ចេកទេស ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម ដែលធ្វើឱ្យពួកគេពិបាកទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ លោកបញ្ជាក់ថា កិច្ចសហការជាមួយ ARDB […]

photo_2026-10-23_14-12-51
ការធ្វើស្រែតាមបច្ចេកទេសវៃឆ្លាតបានផល និងតម្លៃខ្ពស់ – មន្ត្រីជំនាញថា ចំណេញទាំងពូជ ទឹក និងថ្លៃដើម

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ស្រែបង្ហាញស្រូវសែនក្រអូប និងផ្ការំដួល នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានទទួលទិន្នផលខ្ពស់ ដោយប្រើប្រាស់​ពូជ និងទឹកតិច ហើយថ្លៃដើមផលិតទាប។ មន្ត្រីបច្ចេកទេសកសិកម្មខេត្តមណ្ឌលគិរី លោក ខេន សុជាតិ បានឱ្យដឹងថា ការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុលើដំណាំស្រូវ កំពុងទទួលបានទិន្នផលខ្ពស់  និងតម្លៃសមរម្យ បើធៀបនឹងការធ្វើស្រែតាមបែបធម្មតា។ លោកបាននិយាយថា ការ​សាកល្បងបានចាប់ផ្ដើមអនុវត្តលើកសិករចំនួន ៤ គ្រួសារ ដោយមួយគ្រួសារមានផ្ទៃដីធ្វើស្រែចំនួន១ហិកតា។ លោកបានឱ្យដឹងថា មកដល់ពេលនេះ ស្រែបង្ហាញចំនួន ២ ហិកតា ដែលដាំពូជស្រូវសែនក្រអូប ០១ និងស្រូវសើម បានប្រមូលផលរួចរាល់ ដោយស្រែមួយទទួលបានទិន្នផល ៥ តោនក្នុងមួយហិកតា និងស្រែមួយទៀតទទួលបានជាង ៤ តោនក្នុងមួយហិកតា។ ចំណែកស្រែបង្ហាញចំនួន ២ ហិកតាទៀត ដែលដាំពូជស្រូវផ្ការំដួល គ្រោងនឹងចាប់ផ្តើមប្រមូលផលនៅដើមខែវិច្ឆិកានេះ។ លោក ខេន សុជាតិ បានបញ្ជាក់ថា ការធ្វើស្រែតាមបច្ចេកទេសកសិកម្មវៃឆ្លាតមានភាពខុសគ្នាពីការធ្វើស្រែធម្មតា ទាំងការថែទាំ និងការប្រើប្រាស់ជី។ ចំពោះតម្លៃលក់វិញ ស្រូវដែលផលិតតាមបច្ចេកទេសនេះអាចមានតម្លៃខ្ពស់ជាងស្រូវធម្មតាចន្លោះពី […]

កាលវិភាគផ្សព្វផ្សាយ