ពលរដ្ឋនៅសហគមន៍អេកូទេសចរណ៍ជីផាត ដាំដំណាំហូបផ្លែ និងបន្លែបង្ការលក់ឱ្យភ្ញៀវទេសចរជាទីពេញនិយម

IMG_9731

កោះកុង៖ សហគមន៍អេកូទេសចរណ៍ជីផាត គឺជាសហគមន៍ចំណាស់មួយដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ​២០០៧ មានទីតាំងស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលជាទឹកដីសម្បូរទៅដោយព្រៃភ្នំ មានសក្តានុពលផ្នែកទេសចរណ៍ ជាពិសេសក៏ជាទីកន្លែងដាំដុះដំណាំហូបផ្លែ និងបន្លែបង្ការ ដ៏ទីល្បីល្បាញមួយក្នុងទឹកដីខេត្តកោះកុង។

សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ ភ្ញៀវទេសចរជាតិ អន្តរជាតិ អាចធ្វើដំណើរទៅកាន់តំបន់នេះ តាមផ្លូវជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹក ប្រហែលប្រាំគីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហមរហូតដល់ភូមិជីផាតតែម្តង។ ក្រៅពីនេះគេក៏អាចធ្វើដំណើរតាមផ្លូវទឹកក៏អាចទៅដល់តំបន់ទេសចរណ៍ជីផាតដូចគ្នា។

បច្ចុប្បន្នសហគមន៍មួយនេះ ក្រៅអំពីការអភិវឌ្ឍវិស័យទេសចរណ៍ក៏នៅមានការអភិវឌ្ឍយ៉ាងល្អនូវការដាំដុះដំណាំកសិកម្មផ្សេងៗជាច្រើន ក្នុងនោះរួមមានទាំងដំណាំហូបផ្លែ ដំណាំជាបន្លែបង្ការ ហើយកំពុងពេញនិយមពីសំណាក់អ្នកទេសចរទិញសម្រាប់បរិភោគ។

លោក ពេជ្រ ឆលួយ រស់នៅភូមិជីផាត បានប្រាប់ឱ្យដឹងថា គាត់បានដាំដំណាំហូបផ្លែនៅក្នុងចម្ការក្រោយផ្ទះជាច្រើនដើម ក្នុងនោះរួមមានដំណាំទុរេន សាវម៉ាវ និងមង្ឃុតជាដើម។ ដំណាំទាំងអស់នេះព គាត់បានដាំរយៈពេលជាងប្រាំពីរឆ្នាំមកនេះ ចាប់ផ្តើមហុចផលបណ្តើរៗ ហើយគាត់អាចលក់បានបន្តបន្ទាប់។ ក្នុងមួយរដូវកាលយ៉ាងហោចណាស់លោក និងភរិយាលក់បានចាប់ពីជាង២ ០០០ ដល់ជាង៣ ០០០ដុល្លារដែរ។

បុរសវ័យជាង៧០ឆ្នាំរូបនេះ បានប្រាប់ដែរថា ដំណាំដាំនៅទឹកដីនេះហុចផលល្អ ដោយមិនចាំបាច់ថែទាំច្រើនទេ។ ពេលនេះមិនថា ជាដើមទុរេន សាម៉ាវ ឬមង្ឃុតទេ គឺគាត់អាចលក់ផ្លែបានទាំងអស់។ សម្រាប់ដើមមង្ឃុត វិញគាត់ដាំមុខផ្ទះច្រើនដើម ហុចផលរយៈពេលពីរឆ្នាំមកនេះអាចជួយជីវភាពគ្រួសារបុរសវ័យចំណាស់បានយ៉ាងល្អប្រសើរ។

បុរសរូបនេះ បានប្រាប់ឱ្យដឹងដែរថា សម្រាប់ផ្លែទុរេន ប្រភេទម៉ាន់ថង គាត់លក់ឱ្យភ្ញៀវទេសចរក្នុងមួយគីឡូក្រាម ថ្លៃ ១៧ ០០០រៀល សាម៉ាវលក់៥ ០០០រៀល ​និងមង្ឃុតមួយគីឡូក្រាមថ្លៃ១០ ០០០រៀល។ ក្នុងមួយថ្ងៃគាត់អាចរកប្រាក់បានប្រមាណជិត២០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀល។

ជាមួយគ្នានេះ អ្នកស្រី  ម៉ៅ ដាលីន ដែលមានចម្ការទុរេន ហើយគាត់ដាក់តាំងលក់ផ្លែទុរេនខាងមុខផ្ទះ នៅភូមិជីផាតនេះ បានបញ្ជាក់ប្រាប់ថា ក្នុងឆ្នាំ២០២៥នេះ ផ្លែទុរេនអ្នកស្រីអាចរកចំណូលបានប្រមាណជិតមួយម៉ឺនដុល្លារ។ អ្នកស្រីលក់ទុរេនជាងមួយខែមកនេះ គឺអាចរកចំណូលបានច្រើនគួរសម ហើយលក់ដាច់ជារៀងរាល់ថ្ងៃ។ ផ្លែទុរេនអ្នកស្រីបេះពីចម្ការមកលក់ទាំងនៅក្នុងសហគមន៍ និងមួយចំនួនទៀតលក់ឱ្យម៉ូយមកពីរាជធានីភ្នំពេញជាអ្នកកុម៉្មង់ទិញ។

ស្រ្តីដែលមានចម្ការទំហំជិតបីហិកតារូបនេះ បានប្រាប់ដែរថា ដំណាំទុរេនពិបាកដាំតែពេលដំបូង ប៉ុន្តែនៅពេលវាហុចផលហើយ គឺផ្តល់ប្រាក់កម្រៃខ្ពស់។ ក្នុងស្រុកភូមិអ្នកស្រីភាគច្រើន គេនាំគ្នាជ្រើសរើសដាំដំណាំទុរេនពីព្រោះថាងាយលក់ និងទទួលប្រាក់កម្រៃមួយឆ្នាំម្តងពិតមែន តែឃើញថាច្រើនមិននឹកស្មានពីមុនមកដល់សោះឡើយ។

ដោយឡែកអ្នកស្រី អ៊ុត សុផាត រស់នៅភូមិជីផាត នេះដែរ បានប្រាប់ថា អ្នកស្រីមានទំហំដីប្រមាណជាងប្រាំហិកតា ក្នុងនេះដាំដើមទុរេនមួយហិកតា​ ដាំសាម៉ាវបីហិកតា។ ក្រៅពីដាំដំណាំចេក មង្ឃុត និងដូង ដើម្បីទុកលក់ឱ្យភ្ញៀវទេសចរ។

ចំណែកលោក អ៊ន សុវណ្ណ ប្រធានសហគមន៍ អេកូទេសចរណ៍ជីផាត បានបញ្ជាក់ប្រាប់ថា ដំណាំហូបផ្លែ ជាពិសេសទុរេន សាម៉ាវ និងមង្ឃុត បានក្លាយជាដំណាំល្បីឈ្មោះនៅឃុំជីផាត និងអ្នកទេសចរចូលមកកម្សាន្តតែងតែទិញបរិភោគគ្រប់ៗគ្នា ពីព្រោះក្រៅពីមានតម្លៃសមរម្យ ហើយនៅមានរស់ជាតិឆ្ងាញ់ពិសាថែមទៀត។

លោកបានរៀបរាប់ថា ដោយសារតែដីនៅក្នុងតំបន់ជីផាតមានអំណោយផលផង ការដាំដុះផ្សេងៗរបស់ប្រជាពលរដ្ឋក៏មិនមានអ្វីជាឧបសគ្គនោះដែរ។ ផ្ទុយទៅវិញ វាបានក្លាយទៅជាទម្លាប់មួយ ដែលអ្នកទេសចរតម្រង់ទៅរកបន្លែ ផ្លែឈើ ដែលដាំដុះលើដីចម្ការ ដើម្បីទិញយកភ្លាមៗតែម្ដង។ ជាមួយគ្នានេះដែរ បន្លែបង្ការ ដំណាំហូបផ្លែនៅក្នុងតំបន់ជីផាត បានក្លាយជាផ្នែកមួយជួយទាក់ទាញផ្ញៀវទេសចរផងដែរ ព្រោះភាគច្រើនលោកតែងតែឮពីការកោតសរសើរ លើរសជាតិរបស់បន្លែ ផ្លែឈើស្រស់ៗនៅក្នុងតំបន់នេះ។

លោកប្រធានសហគមន៍បានប្រាប់ផងថា សម្រាប់​ប្រជាកសិករ​ បច្ចុប្បន្ន​នេះ​ឃើញ​ថា​ ពួក​គាត់​កាក់កប​គ្រាន់​បើ ឥឡូវ​នេះ​មាន​ទុរេន សាវម៉ាវ មង្ឃុត ផ្លែ​បឺរ ចំណែក​ឯ​ផ្លែឈើ​ក្នុង​ព្រៃ មាន​ដូចជា​ភ្ញៀវ​ជាដើម គឺ​ប្រជាសហគមន៍កំពុង​តែ​ប្រមូល​ផល​លក់​ជូន​ភ្ញៀវ​ទេសចរ​មក​លេង​ផ្ទាល់​ និង​មាន​កសិករ​ខ្លះ​មាន​ទាំង​ម៉ូយ​មក​ទិញ​ទៀត​ផង​ និយាយ​រួម​កសិផល​ក្នុង​សហគមន៍​មាន​ការ​កើន​ឡើង​ ហើយ​តម្រូវ​ការ​ទីផ្សារ​ក៏​ល្អ​ដែរ។

គួរបញ្ជាក់ថា តំបន់អេកូទេសចរណ៍ជីផាត ជាតំបន់សហគមន៍ទេសចរណ៍ ដ៏ស្រស់ត្រកាលមួយ ដែលជាក្តីប្រាថ្នារបស់ភ្ញៀវទេសចរ។ បច្ចុប្បន្ន សហគមន៍អេកូទេសចរណ៍ជីផាត កំពុងត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សងព្រេង សិក្សាស្រាវជ្រាវពីបុរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ