ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ​ សួរ​ សុខគីម​ ព្រមទាំងសហការីអញ្ជើញសួរសុខទុក្ខវីរ:កងទ័ពជយរមុខ ទស្សនាប្រាសាទព្រះវិហារ និងពិនិត្យមើលកសិដ្ឋានដាំដំណាំ

photo_2025-07-13_11-54-21 (2)

ព្រះវិហារ និងឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ​ សួរ​ សុខគីម​ ព្រមទាំងសហការី ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣​​ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនជាវីរ:កងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅទិសប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ព្រមទាំងឆ្លៀតពេលធ្វើជាវាគ្មិនចែករំលែកចំណេះដឹង និងពិនិត្យមើលកសិដ្ឋានដំាដំណាំបន្លែ ផ្លែឈើ ស្ថិតនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃផងដែរ។

នៅក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់បងប្អូនជាវីរ:កងទ័ពឆ្នើមកំពុងការពារបូរណភាពទឹកដី មិនឲ្យសត្រូវសៀមឈ្លានពាន, បន្ទាប់ពីនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី បានដឹកនាំក្រុមការងារអញ្ជើញទស្សនាប្រាង្គសាទព្រះវិហារ ដែលជាស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនៗ និងបានទស្សនាពិនិត្យមើលរូបសំណាក ជាស្នាដៃបុព្វបុរសខ្មែរដ៏អស្ចារ្យ ប្រកបដោយរចនាបថល្អប្រណីត រួមមាន រូបសំណាកតំកល់ទុកនៅគោបូរៈទី១ រហូតដល់រូបសំណាកគោបូរ:ទី៤ កំពុងស្ថិតជាប់ក្នុងដួងព្រលឹងរបស់កុលបុត្រខ្មែរផងដែរ។

មុនដំណើរអញ្ជើញសាកសួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ជាមួយបងប្អូនជាកងទ័ពសមរភូមិមុខទិសប្រាសាទព្រះវិហារ ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញចូលរួមជាវាគ្មិន និងការតម្រង់ទិសដល់សហគ្រិនវ័យក្មេងផងដែរ ក្នុងកម្មវិធីសិក្ខាសាលាស្តីពីការបង្កើតអាជីវកម្មថ្មី ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា រៀបចំឡើងនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឪកាសអញ្ជើញជាវាគ្មិនចែលរំលែកចំណេះដឹង នៅក្នុងខេត្តទាំងពីរ ឯកឧត្តមបណ្ឌិតប្រតិភូ បានថ្លែងបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល សហគ្រិនវ័យក្មេងនៅកម្ពុជា ត្រូវរៀបចំខ្លួន និងមានចក្ខុវិស័យឲ្យបានវែងឆ្ងាយ ក្នុងការវិនិយោគលើវិស័យនីមួយៗ តាមរយៈការបង្កើតអាជីវកម្មថ្មី ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត គឺពិតជាមានសារៈសំខាន់ណាស់ ក្រៅពីទទួលបានប្រាក់ចំណេញ និងបន្សល់ទុកនូវមរតក និងស្នាដៃដល់កូនចៅជំនាន់ក្រោយ។

ឯកឧត្តមបណ្ឌិតប្រតិភូបានចាត់ទុកសហគ្រិនវ័យក្មេង ជាតួអង្គមួយដ៏សំខាន់បំផុត ក្នុងការចូលរួមចំណែកកសាងជាតិ ជាពិសេស អ្នកបង្កើតអាជីវកម្មតូចៗ ដើម្បីផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គមជាតិ។ ការត្រៀមខ្លួនសម្រាប់វិនិយោគនៅពេលអនាគត គឺស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាខ្ពស់ ខណៈពេលសេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញ បានបង្ហាញឲ្យឃើញពីសារៈសំខាន់របស់វិស័យសហគ្រាសឯកជននៅកម្ពុជា ក្នុងការដើរតួជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារថ្មីជាដើម។

ឯកឧត្តម បានក្រើនរំលឹកអង្គសិក្ខាសាលាថា មនុស្សភាគច្រើនគិតតែពីបញ្ហាលុយ ឬប្រាក់ចំណេញ ប៉ុន្តែពាក្យថា ការវិនិយោគសម្រាប់ពេលអនាគត មានន័យធំជាងប្រាក់ចំណេញទៅទៀត ទាំងការវិនិយោគលើថាមពលរបស់យើង ដែលកើតចេញពីការវិនិយោគលើវិស័យផ្សេងៗគ្នា ព្រមទាំងគុណតម្លៃ និងចក្ខុវិស័យ សំដៅរួមគ្នាក្នុងការកសាងជាតិ។ លើសពីនេះ ប្រទេសកម្ពុជាក៏សម្រេចបាននូវសមិទ្ធផលលើវិស័យសំខាន់ៗជាអទិភាព រួមមានការបង្កើតការងារធ្វើ ការលើកស្ទួយវិស័យឯកជន និងសហគ្រិនភាព ការកសាងមូលធនមនុស្ស ការលើកស្ទួយសេវាគាំពារសង្គម និងសុខមាលភាពរបស់ប្រជាជន និងង្រឹងចីរភាពបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការជំរុញធ្វើបដិវត្តកម្មឌីជីថលក្នុងសង្គមសេដ្ឋកិច្ច, ការស្តារនូវវិស័យជន្ទល់នៃកំណើនសេដ្ឋកិច្ចមានស្រាប់ ក៏ដូចជាការលើកកម្ពស់វិស័យមានសក្តានុពលមួយចំនួនទៀត។

ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមថា ការវិនិយោគសម្រាប់អនាគត គឺការវិនិយោគលើមូលធនមនុស្ស គឺមនុស្សមានចំណេះដឹងខ្ពស់ មានជំនាញ ព្រមទាំងមានគុណធម៌ សុជីវធម៌ និងសីលធម៌ថែមទៀត។ ជាចុងក្រោយ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល ដែលនឹងបន្សល់ទុកជាមរតក ឬកេរ្តិ៍ឈ្មោះល្អ ក្នុងរយៈពេលវែង ដូចជាការវិនិយោគថាមពលកកើតឡើងវិញជាដើម។

ឯកឧត្តមបណ្ឌិតប្រតិភូ បានសម្តែងសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាអគ្គមគ្គុទេសវ័យក្មេងដ៏ឆ្នើមពោរពេញទៅដោយសមត្ថភាព ចំណេះដឹង និងថាមពល រាជរដ្ឋាភិបាល បានដាក់ចេញក្របខណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងអត្រា៥ភាគរយ​ នៅឆ្នាំ២០២៣ និង៦ភាគរយ នៅឆ្នាំ២០២៤ ដែលជាកំណើនមួយខ្ពស់ បើធៀននឹងកំណើនមធ្យមនៅក្នុងតំបន់អាស៊ាន។

នៅក្នុងកម្មវិធីទាំងពីរនេះ សមាគមសហគ្រិនវ័យកម្ពុជា ក៏បានមានរៀបចំកិច្ចពិភាក្សា និងការធ្វើបទបង្ហាញពីវាគ្មិនសំខាន់ៗ គឺឯកឧត្តម នុត អ៊ុនវ័ណ្ណរ៉ា និងឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ដោយមានការសម្របសម្រួលពីឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ចំណែកនៅកម្មវិធីក្នុងខេត្តកំពង់ធំ មានការអញ្ជើញចូលរួលពីឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តផងដែរ។

សូមរំឭកផងដែរថា ក្នុងដំណើរឆ្ពោះទៅសួរសុខទុក្ខកងទ័ពនេះ​​ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលសក្តានុពលការដាំដុះបន្លែជាលក្ខណ:គ្រួសារ និងបែបពាណិជ្ជកម្មរបស់ប្រជាកសិករជាច្រើនគ្រួសារ ដែលមានទីតាំងស្ថិតនៅក្រុងត្បែងមានជ័យ ខេត្តព្រះវិហារ។

នាព្រឹមថ្ងៃបន្ទាប់ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី ក៏បានអញ្ជើញសួរសុខទុក្ខផ្ទាល់ដល់ប្រជាកសិករផងដែរ ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅក៏ដូចជាប្រាក់ចំណូលប្រចាំថ្ងៃ បានមកពីការដាំដុះបន្លែលក់លើទីផ្សារ ដែលបានផលិតនៅក្នុងមូលដ្ឋានផ្ទាល់ និងការតភ្ជាប់ទៅកាន់ទីផ្សារក្នុងខេត្ត ព្រមទាំងតំបន់ផ្សេងៗទៀត។

ទន្ទឹមនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ និងឯកឧត្កមអភិបាលខេត្តព្រះវិហារ ក៏បានលើកទឹកចិត្តដល់ប្រជាកសិករ នាំគ្នាជំរុញការផលិតក្នុងស្រុកឲ្យបានច្រើន ដើម្បីផ្តល់ចំណូលដោយផ្ទាល់ផងដែរ ស្របពេលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញការផលិតបន្លែ ផ្លែឈើក្នុងស្រុក និងម្ចាស់ការខ្លួនឯង ជំនួសការនាំចូលបន្លែ ផ្លែឆើពីប្រទេសជិតខាង ក្នុងគោលដៅសម្រាប់ធានាការផ្គត់ផ្គង់លើទីផ្សារ និងលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមជនបទ។

ចំណែកក្រោយពីបានសួរសុខទុក្ខវីរកងទ័ព និងអញ្ជើញទស្សនាប្រាង្គប្រាសាទព្រះវិហាររួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញចុះពិនិត្យមើលឃ្លាំងស្តុកដំឡូងមី និងស្ថានភាពការផលិតស្រូវរបស់បងប្អូនប្រជាកសិករ ដែលជាគ្រួសារកងទ័ពស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តព្រះវិហារ ដោយចុះជួបផ្ទាល់ដល់ទីកន្លែងឃ្លាំងស្តុក និងបានសាកសួរពីស្ថានភាពទីផ្សារដំឡូងមី ការប្រមូលទិញ និងការផលិតពូជស្រូវចិន ដែលបង្កាត់ថ្មី ព្រមទាំងស្រូវស្រង៉ែស្រាល ដែលជិតដល់ពេលប្រមូលផលឆាប់ៗខាងមុននេះតែម្តង។

បន្ទាប់មកទៀត  ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅទីតាំងចម្ការមួយកន្លែងទៀត ដើម្បីពិនិត្យមើលសក្តានុពលនៃការដាំដុះដំណាំយុទ្ធសាស្ត្រមួយចំនួន ដូចជា ដួងក្រអូប ទុរេន សាវម៉ាវ តាង៉ែន ល្មើ ដែលកំពុងតែដាំដុះលើផ្ទៃដីប្រមាណ២ ០០០ហិកតា ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។ ទន្ទឹមនេះដែរ ឯកឧត្តមបណ្ឌិតក៏បានបន្តចុះ ពិនិត្យមើលឃ្លាំងស្តុកទុកដំឡូងមីដ៏ធំមួយកន្លែងទៀត ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលកំពុងប្រមូលទិញ និងស្តុកទុកដំឡូងមី ក្នុងរង្វង់ ១៨៨តោន។

ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគារបម្រើយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល  ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវដល់បងប្អូនជាម្ចាស់ឃ្លាំងស្តុកដំឡូងមី នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ត្រូវបង្កើនសមត្ថភាពប្រមូលទិញពីកន្លែងផ្សេងៗរបស់កសិករយកមកស្តុកទុកឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញឲ្យចរន្តទីផ្សារដំឡូងមីនៅតាមច្រកព្រំដែនមានសកម្មភាពកាន់តែសកម្មជាងមុន៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ