ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសួរសុខទុក្ខកសិករ និងជួបជាមួយអ្នកទិញកសិផលខ្មែរ នៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ ហើយសុំទូទាត់ជាប្រាក់រៀល ដើម្បីកាត់បន្ថយហានិភ័យនៃអត្រាប្តូរប្រាក់

Sample Front

ប៉ៃលិន- បាត់ដំបង់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស  ដែលជាក្រុមហ៊ុននាំចេញដំឡូងមីដ៏ធំ ទៅទីផ្សារប្រទេសចិន នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមីក្រៀម ដែលមានទីតាំងស្ថិតខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីបានអញ្ជើញចុះពិនិត្យមើលទីតាំង ទីលានហាលដឡូងមី សំខាន់ៗ នៅខេត្តឧត្តរមានជ័យរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងលោក គឹម លាស់ ប្រធានក្រុមហ៊ុនហង្ស ហាវេស បានបន្តពិនិត្យមើលសក្តានុពល និងការប្រមូលទិញដំឡូងមី របស់កសិករក្នុងស្រុកថ្មពួក និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបន្ថែមទៀត។

ក្រោយការស្តាប់មតិលើកឡើង និងការបញ្ជាក់ពីប្រជាពលរដ្ឋ ព្រមទាំងម្ចាស់ទីលានហាល និងពាណិជ្ជករអ្នកប្រមូលទិញប្រមាណ១០ទីតាំងខាងលើ ឯកឧត្តមបណ្ឌិត កៅ ថាច បានណែនាំឲ្យម្ចាស់ឃ្លាំង និងក្រុមអ្នកប្រមូលទិញត្រូវសហការជាមួយក្រុមហង្ស ហាវេស ដែលជាអ្នកនាំចេញដ៏ធំ និងធនាគារ  ARDB លើផ្នែកឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះផងដែរ។

បន្ថែមពីនេះ ក្នុងនាមធនាគារ  ARDB ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវដល់ពាណិជ្ជករ និងឈ្មួញកណ្តាល សូមបន្តប្រមូលទិញដំឡូមីពីបងប្អូនប្រជាកសិករបន្ថែមទៀត ហើយធនាគារនៅតែបន្តគាំទ្រផ្នែកឥណទាន ដើម្បីដោះស្រាយបញ្ហាចំពោះមុខរបស់ប្រជាកសិករ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជនបទ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានស្នើឲ្យបងប្អូន ដែលជាធ្វើពាណិជ្ជកម្មដំឡូងមី ត្រូវប្រើប្រាស់រូបិយវត្ថុជាតិ គឺប្រាក់រៀលក្នុងប្រតិបត្តិការទិញ -លក់កសិផលនៅតាមមូលដ្ឋានរាងៗខ្លួនដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់។

សូមជម្រាបថា នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦នេះ ក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ បាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមសម្រាប់នាំចេញទៅប្រទេសចិន ក្នុងរង្វង់២០ម៉ឺនតោន។

ក្នុងមួយឆ្នាំៗ គិតត្រឹមឆ្នាំ២០២៤ ដំឡូងមីកម្ពុជាត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង៨៤ម៉ឺនហិកតា ដោយផ្តល់ទិន្នផលមើមដំឡូងស្រស់ប្រមាណ១៥លានតោន និងផ្តល់ប្រាក់ចំណូលប្រមាណ១,២៥៥លានដុល្លារ ចំណែកផ្ទៃដីដោះដុះពោតក្រហមមានទំហំប្រមាណជាង២៨ម៉ឺនហិកតា ដោយផ្តល់ទិន្នផលស្រស់ប្រមាណមួយលានតោន ដោយផ្តល់ប្រាក់ចំណូលប្រមាណជាង២០០លានដុល្លារ។

មុនពេលអញ្ជើញមកដល់ទឹកដីខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច និងសហការី បានធ្វើដំណើរសួរសុខទុក្ខវិរកងទ័ពឈរជើងការពារព្រំដែន ក្នុងខេត្តព្រះវិហារ ព្រមទាំងឆ្លៀត

ក្នុងពេលវេលាចុះជួបផ្ទាល់ដល់ទីកន្លែងឃ្លាំងស្តុក និងបានសាកសួរពីស្ថានភាពទីផ្សារដំឡូងមី ការប្រមូលទិញ និងការផលិតពូជស្រូវចិនដែលបង្កាត់ថ្មី ព្រមទាំងស្រូវស្រង៉ែស្រាល នៅក្នងស្រុកត្រពាំងប្រាសាទ ខេត្តព្រះវិហារ​ ដែលជិតដល់ពេលប្រមូលផលឆាប់ៗខាងមុននេះ។

បន្ទាប់មកទៀត  ឯកឧត្តមបណ្ឌិតប្រតិភូក៏បានអញ្ជើញទស្សនកិច្ចនៅទីតាំងចំការមួយកន្លែងពិនិត្យមើលសក្តានុពលនៃការដាំដុះដំណាំយុទ្ធសាស្ត្រមួយចំនួន ដូចជាដួងក្រអូប ទុរេន សាវម៉ាវ តាង៉ែន ល្មើល ដែលកំពុងតែដាំដុះលើផ្ទៃដីប្រមាណ២ ០០០ហិកតា ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ទន្ទឹមនោះ ឯកឧត្តមបណ្ឌិតប្រតិភូ បានបន្តចុះពិនិត្យមើលឃ្លាំងស្តុកទុកដំឡូងមីដ៏ធំមួយកន្លែងទៀត ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដែលកំពុងប្រមូលទិញ និងស្តុកទុកដំឡូងមី ក្នុងរង្វង់១៨៨តោន។

ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដែលជាធនាគារបម្រើយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវដល់បងប្អូនជាម្ចាស់ឃ្លាំងស្តុកដំឡូងមីនៅខេត្តឧត្តរមានជ័យ និងព្រះវិហារត្រូវបង្កើនសមត្ថភាពប្រមូលទិញពីកន្លែងផ្សេងៗរបស់កសិករយកមកស្តុកទុកឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញឲ្យចរន្តទីផ្សារដំឡូងមីនៅតាមច្រកព្រំដែនមានសកម្មភាពកាន់តែសកម្មជាងមុន៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ