ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីនៅស្រុកមុខកំពូល ខេត្តកណ្តាល
នៅថ្ងៃទី៨ ខែមីនា ឆ្នំា២០២៤, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយក្រុមការងារបានចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីស្ថិតនៅក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីបានធ្វើការដំាដុះកាលពីខែវិច្ឆិកា ឆ្នំា២០២៣ ។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានពន្យល់ពីរបៀបនៃការ គិតគូររកថ្លៃដើមផលិតស្រូវរបស់កសិករដែលបានចូលរួមផងដែរ ដោយឯកឧត្តមលើកឡើងជាឧទាហរណ៍ថា បើកសិករចំណាយទៅលើ ថ្លៃរៀបចំដីស្រែ,ចំណាយលើការទិញជី,ថ្នាំ និងថ្លៃប្រមូលផលអស់ប្រាក់២លាន៥០ម៉ឺនរៀល ហើយប្រសិនស្រូវបានផល៥តោនក្នុង១ហិកតា បើស្រូវក្នុង១គីឡូក្រាមលក់បានថ្លៃ១ពាន់រៀលសួរថា៖ (១)-តើការផលិតស្រូវ១គីឡូក្រាម ចំណាយអស់ប្រាក់ប៉ុន្មានរៀល? (២)-តើកសិករលក់ស្រូវបានថ្លៃប៉ុន្មាន ដើម្បីបានប្រាក់ចំណេញ? តាមសម្មិទ្ធកម្មខាងលើយើងសន្និដ្ឋានបានថា៖ (១)-ស្រូវ១គីឡូក្រាមចំណាយអស់ប្រាក់៥០០រៀល ដូចនេះបើស្រូវបានផល៥ពាន់គីឡូក្រាម ចំណាយប្រាក់អស់២លាន៥០ម៉ឺនរៀល។ (២)-លក់បានថ្លៃលើសពី៥០០រៀលក្នុង១គីឡូក្រាម នឹងមានចំណេញ។ ដូចនេះប្រសិនបើការការផលិតស្រូវ ចំណាយលើសពី២លាន៥០ម៉ឺនរៀលក្នុង១ហិកតា ហើយទិន្នផលទាបជាង៥តោនក្នុង១ហិកតា នោះនឹងធ្វើឱ្យចំណាយក្នុង១គីឡូក្រាម លើសពី៥០០រៀលក្នុង១គីឡូក្រាម។ ទន្ទឹមនឹងពូជស្រូវថ្មីកំពុងប្រមូលផលបានលើផ្ទៃដីប្រមាណ៤០អា មានប្រជាពលរដ្ឋនៅក្នុងតំបន់ជាច្រើននាក់បង្ហាញការចាប់អារម្មណ៍ចង់ដឹងថាពូជស្រូវនេះបានប៉ុន្មានតោន ខណៈការដំាដុះស្រូវរបស់ពួកគាត់នៅពេលកន្លងមកបានផលប្រមាណ៤តោនក្នុងដីមួយហិកតា។ លោក កង រី ប្រជាកសិករម្នាក់ក្នុងចំណោមកសិករផ្សេងទៀតបានឱ្យដឹងថា ក្រោយពីបានពិនិត្យជាក់ស្តែងឃើញថាពូជស្រូវថ្មីនេះ […]