របរចិញ្ចឹមមាន់របស់កសិករនៅអូរសោមជួយទាំងចំណូល និងជួយឱ្យមិនចំណាកស្រុក

THN2 copy1

ពលរដ្ឋមួយចំនួនដែលបានជ្រើសរើសមុខរបរចិញ្ចឹមមាន់ មិនត្រឹមតែជាការងារមួយនៅក្បែរផ្ទះសម្បែងមិនចំាបាច់ចេញទៅធ្វើការក្រៅផ្ទះ និងខ្លះទៀតត្រូវចំណាកស្រុកឆ្ងាយទេ តែមុខរបរកសិកម្មបែបបុរាណមួយនេះថែមទាំងអាចជួយរកចំណូលគ្រួសារមួយផ្នែកធំផងដែរ។

ក្នុងរយៈពេលជាង២ឆ្នាំមកនេះកសិករដែលបានជ្រើសរើសមុខរបរចិញ្ចឹមមាន់ស្រុកបានលើកឡើងថាជីវភាពផ្លាស់ប្តូរមួយកម្រិត ក្នុងនេះអាចជួយជួសជុលផ្ទះ ទិញម៉ូតូ និងអាចឱ្យកូនចៅទៅរៀនមិនជួបការលំបាកដូចដែលពួកគាត់ធ្លាប់ជួបប្រទះកាលពីមុននេះទៀតផង។

អ្នកស្រី ញ៉ែម ខាត់ណារស់នៅភូមិឆាយលុក ឃុំ អូរសោម ស្រុក វាលវែង ខេត្តពោធិ៍សាត់បានលើកឡើងថា មុនចាប់មុខរបរចិញ្ចឹមមានជាអាជីពនេះគាត់ និង ស្វាមីជាអ្នកដើរស៊ីឈ្នួលគេ តាមចំការ ហើយឃើញថាជីវភាពខ្វះខាតច្រើន។កាលនោះមុខរបរស្ទើររកស៊ីព្រឹកខ្វះល្ងាចតែបន្ទាប់ពីគម្រោងរេដបូកចូលមកក្នុងអំឡុងចុងឆ្នាំ២០២២អ្នកស្រីក៏ស្ម័គ្រចិត្តចូលគម្រោងនេះ ហើយសម្រេចចិត្តជ្រើសរើសមុខរបរចិញ្ចឹមមាន់។

ស្រ្តីដែលធ្លាប់តែស៊ីឈ្នួលគេហើយបានផ្លាស់ប្តូរមុខរបរចិញ្ចឹមមាន់រូបនេះបានរំលឹកថា កាលពីកកើតដំបូងឡើយ អ្នកស្រីមិនមានអ្វីទាំងអស់គឺបានអង្គការសម្ព័ន្ធមិត្ត សត្វព្រៃជួយបណ្តុះបណ្តាលលើបច្ចេកទេសចិញ្ចឹមមាន់ ជួយរៀបចំ និងសាងសង់ទ្រុង ផ្តល់មាន់ជិត៨០ក្បាល និងផ្តល់ចំណី៦បាវ។ក្នុងរយៈពេលត្រឹមតែ៣ខែមាន់ដែលអង្គការផ្តល់ជាមេពងស្រាប់ៗនោះធ្វើឱ្យអ្នកស្រីអាចយកពងលក់ និងភ្ញាស់កូនមាន់អាចលក់បានប្រាក់ចំណូលជាបន្តបន្ទាប់ ធ្វើឱ្យអ្វីៗដែលធ្លាប់តែជួបការលំបាកអាចផ្លាស់ប្តូរមកល្អប្រសើរយ៉ាងខ្លីប៉ុណ្ណោះ។

ស្រ្តីដែលបានប្រកាន់យកមុខរបរចិញ្ចឹមមាន់តាមរយៈគម្រោងរេដបូកនេះបានប្រាប់បន្ថែមថា”គម្រោងគេអត់លែងដៃយើងទេ។គេបានជួយយើងរហូតមកដល់សព្វថ្ងៃ។ដោយសារតែការជួយនេះហើយទើបធ្វើឱ្យមុខរបរចេះតែលូតលាស់ ហើយពុំមានឧបសគ្កច្រើនរឿងមាន់ឈឺងាប់ដូចអ្នកដទៃទេ។មកដល់ពេលនេះខ្ញុំមានថវិការធ្វើផ្ទះ ទិញម៉ូតូ មានថវិការឱ្យកូនរៀន និងការចាយវាយប្រចាំថ្ងៃនេះគឺតាមរយៈការចិញ្ចឹមមាន់នេះឯង”។

ដោយឡែកលោក ភ្ញាំង ភាព អ្នកជ្រើសរើសចិញ្ចឹមមាន់មួយរូបទៀតដែលចាប់ផ្តើមចិញ្ចឹមមាន់ក្នុងអំឡូងចុងឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្ននេះបានប្រាប់ថាការចិញ្ចឹមមាន់ក៏ជាមុខរបរមួយជួយឱ្យក្រុមគ្រួសាររបស់លោកបានផ្លាស់ប្តូរមកល្អប្រសើរជាងមុន។គាត់ធ្លាប់តែដើរស៊ីឈ្នួល និងពេលខ្លះនៅតែផ្ទះដែលគ្មានមុខរបរអ្វីសោះនោះបានជួយឱ្យលោកមានអាជីពមួយរឹងមាំគួរសម។

បុរសវ័យ២៣ឆ្នាំរូបនេះបានរៀបរាប់ថា មុខរបរនេះបានជួយឱ្យគាត់មានលំនឹងក្នុងគ្រួសារ មើលទៅវាហាក់ពុំមានអ្វីធំដុំតែនៅពេលយើងចិញ្ចឹមមានបច្ចេកទេសត្រឹមត្រូវពោលគឺមាន់មិនឈឺងាប់វាពិតជាមុខរបរមួយអាចជួយឱ្យយើងអាចរកចំណូលបានសម្រាប់ចិញ្ចឹមគ្រួសារ។

ដោយឡែកកញ្ញា ផេង សោភា អ្នកទទួលខុសត្រូវមួយរូបរបស់អង្គការសម្ព័ន្ធមិត្ត សត្វព្រៃ ដល់សមាជិកក្រុមគ្រួសារពលរដ្ឋនៅឃុំអូរសោម បានឱ្យដឹងថា ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២២ មកគម្រោង រេដបូក តំបន់ជួរភ្នំក្រវាញខាងត្បូង របស់អង្គការសម្ព័ន្ធមិត្ត បានផ្តល់បច្ចេកទេសចិញ្ចឹមមាន់ ចិញ្ចឹមកង្កែប ។ក្រៅពីនេះក៏បានបច្ចេកទេសរៀបចំទ្រុងមាន់ និងអាងកង្កែប ដល់ សមាជិក គម្រោងអភិវឌ្ឍន៍ ជីវភាពសហគមន៍មូលដ្ឋាន។

តាមរយៈគម្រោងនេះ មានពលរដ្ឋ ចំនួន ១០គ្រួសារនៅភូមិឆាយលូក ស្រុក វាលវែង ខេត្តពោធិ៍សាត់ បានស្ម័គ្រចិត្ត ដើម្បី ចិញ្ចឹមមាន់ និង១គ្រួសារផ្សេងទៀតបានចិញ្ចឹមកង្កែប ដែលមិនត្រឹមជួយដល់ជីវភាពទេ តែស្រ្តីមួយចំនួននៅអាចថែរក្សាផ្ទះសម្បែង និងមើលថែទាំកូនចៅថែមទៀត។ពួកគាត់បង្ហាញពីក្តីរីករាយដោយមិនចាំបាច់ចំណាកស្រុកឬចេញស៊ីឈ្នួលគេជួបការលំបាកដូចមុនទៀតឡើយ៕


photo_2026-11-03_15-49-47 (3)
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញពិនិត្យ និងស្វែងយល់ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំសហការី ក្រុមការងារបច្ចេកទេសសមាគមបណ្តាញកសិករតេជោ ចុះពិនិត្យ និងសិក្សាស្វែងយល់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, ឯកឧត្តមបណ្ឌិត បានពិនិត្យទីតាំងចិញ្ចឹមមាន់ពង មាន់សាច់ ទីតាំងចិញ្ចឹមកង្កែប,ទីតាំងចិញ្ចឹមត្រី និងទីតាំងចិញ្ចឹមជ្រូក។ លើសពីនេះឯកឧត្តមបណ្ឌិត អញ្ជើញពិនិត្យនៅតាមអគារសិក្សាផងដែរ៕

delicious-display-of-roasted-duck-in-restaurant-2026-09-23-05-51-06-utc
ហុងកុងផ្អាកនាំចូលផលិតផលសត្វស្លាបពីអាម៉េរិក ក្រោយផ្ទុះជំងឺផ្តាសាយបក្សី

ហុងកុង៖ អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ហុងកុង បានប្រកាសកាលពីថ្ងៃទី២ ខែវិច្ឋិកាថា ខ្លួននឹងផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សីពីតំបន់មួយចំនួន ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយសារមានការផ្ទុះជំងឺផ្តាសាយបក្សី។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានអនាម័យចំណីអាហារ និងបរិស្ថានរបស់រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង បានណែនាំដល់អ្នកប្រកបអាជីវកម្មឱ្យផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សី រួមទាំងស៊ុត ពីតំបន់ខាងលើជាបន្ទាន់ ដើម្បីការពារសុខភាពសាធារណៈនៅក្នុងទីក្រុងហុងកុង។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើសេចក្តីជូនដំណឹងពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ អំពីការផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងតំបន់នោះ។ មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានទាក់ទងទៅអាជ្ញាធរសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងបញ្ហានេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវព័ត៌មានចេញផ្សាយរបស់អង្គការពិភពលោកសម្រាប់សុខភាពសត្វ និងអាជ្ញាធរពាក់ព័ន្ធ អំពីការផ្ទុះជំងឺនេះ។ អ្នកនាំពាក្យមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាត់វិធានការសមស្របទៅតាមស្ថានការណ៍វិវត្តជាក់ស្តែង៕ (ផាន់ អាណា)

photo_2026-11-03_13-03-23
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី​ ស្វែងយល់សិប្បកម្ម​កែច្នៃជលផល នៅស្រុកសន្ទុក​ ខេត្តកំពង់ធំ

ដោយ ឡុង សារេត ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធាន​សមាគម​បណ្តាញកសិករតេជោ បាន​ដឹកនាំសហការី ចុះពិនិត្យ និងសិក្សា​ស្វែងយល់​ “សិប្បកម្ម​កែច្នៃ​ផលិតផលជលផល​​ ចាវ សួស្តី” ដែលស្ថិត​នៅ​ក្នុង​ស្រុកស្ទោង ខេត្តកំពង់ធំ​ នារសៀលថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៦។ ​​តំណាងសិប្បកម្មកែច្នៃផលិតផលជលផល​ “ចាវ សួស្តី” បានឱ្យដឹងថា សិប្បកម្មនេះបានបង្កើតឡើងនៅឆ្នាំ​២០២២ ហើយគិតមកដល់សព្វថ្ងៃនេះ ក្រៅពីកែច្នៃផលិតផលប្រកបដោយគុណភាពស្តង់ដារហើយនោះ​ សិប្បកម្ម​មួយនេះក៏ជាកន្លែង​ផ្តល់ការបណ្តុះបណ្តាលជំនាញកែច្នៃ​​ដល់ពលរដ្ឋក្នុងស្រុកជាបន្តបន្ទាប់ផងដែរ​។ ​សិប្បកម្ម​មាន​ធ្វើប្រហុកត្រីរ៉ស់​ ម្ស៉ៅប្រហុកត្រីឆ្ដោ ម្ស៉ៅត្រីប្រម៉ា និងត្រីងៀត​ ហើយ​រាល់ផលិតផល​ទាំងអស់​មានជាង​៨០ភាគរយ បានចុះបញ្ជីបញ្ជក់ផលិតផល​នតាមស្តង់ដារ​។ រាល់ផលិតផល​ទាំងអស់ ដែល​ធ្វើនៅសិប្បកម្ម​នេះ មិនត្រឹមតែគោរពតាមស្តង់ដារសុវត្ថិភាព​ចំណីអាហារទេ ​ប៉ុន្តែ​សិប្បកម្ម​ក៏បាន​​រៀបចំពេលវេលា​សម្រាប់​សិស្ស​ចូលមក​រៀនសូត្រ ​ទទួលបានចំណេះដឹងត្រឹមត្រូវ ហើយអាចថ្ងៃក្រោយក្លាយជាកន្លែងបណ្តុះបណ្តាល​សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​។​បើតាម​តំណាងសិប្បកម្មកែច្នៃផលិតផលជលផលខាងលើ បានអះអាងថា ផលិតផលកែច្នៃ​របស់ខ្លួន នៅ​មិន​ទាន់មានឈ្មោះ​ល្បី​ខ្លាំងនោះ​ទេ ប៉ុន្តែ​​ម្ស៉ៅប្រហុក ​និងម៉្សៅ​ត្រីប្រម៉ា ​​មកដល់សព្វថ្ងៃនេះមានការទទួលស្គាល់ច្រើន​។ ​សិប្បកម្ម​ក៏​មានបណ្តាញផ្នែកលក់នៅតាមបណ្តាខេត្ត​ទូទាំងប្រទេសផងដែរ​៕

Wise Farmer Holds Beanie, Resting on Sack of Produce in Barn
ម៉ាឡេស៊ីអាចផ្គត់ផ្គង់ស្បៀងដល់តម្រូវការក្នុងស្រុកបានត្រឹម៦ខែ

កូឡាឡាំពួ៖ ម៉ាឡេស៊ីមានសមត្ថភាពផ្គត់ផ្គង់ស្បៀងគ្រប់គ្រាន់សម្រាប់រយៈពេលយ៉ាងតិច៦ខែ ប៉ុន្តែចាំបាច់ ដាក់ចេញវិធានការស្តុកស្បៀងបន្ទាន់នោះទេ ទោះបីមានការព្រួយបារម្ភអំពីការរំខាន ដែលអាចកើតមានដល់ការផ្គត់ផ្គង់ទំនិញចាំបាច់ក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត អះម៉ាត់ ហ្សាហ៊ីដ ហាមីឌី (Ahmad Zahid Hamidi) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលម៉ាឡេស៊ី នៅតែបន្តធានាសន្តិសុខស្បៀងជាតិ និងការផ្គត់ផ្គង់ទំនិញចាំបាច់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រជាជនម៉ាឡេស៊ី និងប្រជាជនផ្សេងទៀត ដែលរស់នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការម៉ាឡេស៊ី-ចិន លើ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសម៉ាឡេស៊ី មិនប្រឈមមុខនឹងស្ថានភាពអាសន្ន ដែលតម្រូវឱ្យប្រជាពលរដ្ឋស្តុកទុកសម្ភារប្រើប្រាស់ចាំបាច់ជាមុននោះទេ។ កន្លងមក មានសេចក្តីរាយការណ៍ថា យ៉ាងហោចណាស់ប្រទេសចំនួន៣៣បានចេញគោលការណ៍ណែនាំ ស្តីពីការត្រៀមលក្ខណៈ ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរក្សាទុកស្បៀងអាហារ ទឹកស្អាតសម្រាប់ពិសា និងសម្ភារចាំបាច់ផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ន។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ការចេញសេចក្តីណែនាំទាំងនេះ បណ្តាលមកពីការគំរាមកំហែងជាច្រើន រួមមាន ជម្លោះប្រដាប់អាវុធ អាកាសធាតុប្រែប្រួលខ្លាំង ការដាច់ចរន្តអគ្គិសនី និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងចំណោមប្រទេស ដែលកំពុងបង្កើនយុទ្ធនាការត្រៀមលក្ខណៈទាំងនេះ មានប្រទេសបារាំង និងចក្រភពអង់គ្លេស ដែលបានណែនាំឱ្យគ្រួសារនីមួយៗរក្សាទុកស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ប្រើប្រាស់យ៉ាងតិច៧២ម៉ោង៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ