ហុងកុង៖ អាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់ហុងកុង បានប្រកាសកាលពីថ្ងៃទី២ ខែវិច្ឋិកាថា ខ្លួននឹងផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សីពីតំបន់មួយចំនួន ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយសារមានការផ្ទុះជំងឺផ្តាសាយបក្សី។
មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានអនាម័យចំណីអាហារ និងបរិស្ថានរបស់រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុង បានណែនាំដល់អ្នកប្រកបអាជីវកម្មឱ្យផ្អាកការនាំចូលសាច់បសុបក្សី និងផលិតផលបសុបក្សី រួមទាំងស៊ុត ពីតំបន់ខាងលើជាបន្ទាន់ ដើម្បីការពារសុខភាពសាធារណៈនៅក្នុងទីក្រុងហុងកុង។
មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានឱ្យដឹងថា ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើសេចក្តីជូនដំណឹងពីអង្គការពិភពលោកសម្រាប់សុខភាពសត្វ អំពីការផ្ទុះជំងឺផ្តាសាយបក្សី នៅក្នុងតំបន់នោះ។
មជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារ បានទាក់ទងទៅអាជ្ញាធរសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងបញ្ហានេះ ហើយនឹងតាមដានយ៉ាងដិតដល់នូវព័ត៌មានចេញផ្សាយរបស់អង្គការពិភពលោកសម្រាប់សុខភាពសត្វ និងអាជ្ញាធរពាក់ព័ន្ធ អំពីការផ្ទុះជំងឺនេះ។
អ្នកនាំពាក្យមជ្ឈមណ្ឌលសុវត្ថិភាពចំណីអាហារបានមានប្រសាសន៍ថា អាជ្ញាធរនឹងចាត់វិធានការសមស្របទៅតាមស្ថានការណ៍វិវត្តជាក់ស្តែង៕ (ផាន់ អាណា)






