អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប
កំពង់ធំ-សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានរបស់ធនាគារ ARDB ដល់សហគមន៍ដាំបន្លែ ផ្ទះសំណាញ់ និងសហគមន៍ចិញ្ចឹមមាន់ ព្រមទាំងកសិករចិញ្ចឹមទារយកស៊ុតផងដែរស្ថិតនៅ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ នៅក្នុងឱកាសនៃការអញ្ជើញចុះផ្សព្វផ្សាយឥណទានដល់ក្រុមសហគមន៍ខាងលើនេះ គឺធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលរវាងឯកឧត្តមបណ្ឌិត កៅ ថាច និងកសិករជាច្រើនកន្លែង ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយនិងការស្តាប់មតិលើកឡើងរបស់ក្រុមកសិករអ្នកចិញ្ចឹមសត្វ ព្រមទាំងកន្លែងបំប៉នគោយកសាច់, សហគមន៍ចិញ្ចឹមមាន់ស្រែស្ថិត ឃុំចំណារក្រោម និងកសិដ្ឋានចិញ្ចឹមទារយកស៊ុត ស្តីពីតម្រូវការទីផ្សារ ការផ្គត់ផ្គង់ ព្រមទាំងបញ្ហាប្រឈមនានាផងដែរ។ បន្ទាប់ពីទទួលបានមតិលើកឡើងផ្សេងៗគ្នា និងសំណូមពរក៏ដូចជាការប្តេជ្ញាចិត្តចំពោះមុខរបរនីមួយៗរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានណែនាំបន្ថែមដល់បងប្អូនទាំងក្នុងសហគមន៍ ក្រៅសហគមន៍ទាំងអស់ ព្រមទាំងអ្នកចិញ្ចឹមស្រាប់ដែលមានឆន្ទៈពិតប្រាកដ ចង់ពង្រីកការចិញ្ចឹម និងដាំដុះបន្លែ ចិញ្ចឹមសត្វ ធនាគារ ARDB ស្វាគមន៍នឹងផ្តល់ឥណទានតម្លៃសមរម្យមានអត្រាការប្រាក់ទាបប្រមាណ៧ភាគរយក្នុង១ឆ្នាំផងដែរ។ ទន្ទឹមនឹងនេះ ក្នុងនាមជាធនាគាររដ្ឋ ដែលបម្រើតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានោះ ធនាគារ ARDB មានគោលបំណងធំជាចម្បង គឺចង់ផ្តល់ជូនឥណទានដល់ប្រជាពលរដ្ឋ ដែលចង់បានទុនយកទៅធ្វើអាជីវកម្មពិតប្រាកដ និងកុំយកទៅប្រើប្រាស់ខុសគោលដៅរបស់ធនាគារ។ […]