អន្តរជាតិ៖ រដ្ឋាភិបាលអាមេរិកនាំចូលស៊ុតពីកូរ៉េខាងត្បូង និងពីប្រទេសតួកគី ដោយសង្ឃឹមថា នឹងជួយសម្រាលស្ថានភាពស៊ុតឡើងថ្លៃក្នុងប្រទេស ស្របពេលដែលការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សីកំពុងលុកលុយក្នុងប្រទេសនៅឡើយ។
ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ចុងសប្តាហ៍មុននេះ លោកស្រី ប្រក រ៉ូលីន រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមនាំចូលស៊ុតពីកូរ៉េខាងត្បូង និងពីតួកគី ដើម្បីកាត់បន្ថយវិបត្តិកង្វះស៊ុត ហើយតម្លៃស៊ុតនៅក្នុងប្រទេសកំពុងកើនឡើងជាបន្តបន្ទាប់ ដោយសារវិបត្តិជំងឺគ្រុនផ្តាសាយបក្សី ដែលត្រូវបានរកឃើញនៅក្នុងរដ្ឋជាច្រើន នៅសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
បញ្ហាកង្វះខាតស៊ុត និងស៊ុតឡើងថ្លៃនៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានកើតឡើងដោយសារតែការឆ្លងរាតត្បាតនៃជំងឺផ្តាសាយបក្សី ដែលបង្ខំឱ្យអាជ្ញាធរអាមេរិកត្រូវសម្លាប់សត្វមាន់ចោលអស់ជាង៣០លានក្បាល និងបិទកសិដ្ឋានចិញ្ចឹមមាន់យកពងទ្រង់ទ្រាយធំមួយចំនួនជាបណ្តោះអាសន្នផងដែរ។
អង្គការពិភពលោកសម្រាប់សុខភាពសត្វ (OIE) បានចេញសេចក្តីថ្លែងការណ៍មួយដោយដកស្រង់ព័ត៌មានពីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា មានការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី H7N9 នៅកសិដ្ឋានចិញ្ចឹមមាន់ ក្នុងរដ្ឋម៊ីសស៊ីស៊ីបពី (Mississippi) កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ។
ទោះបីយ៉ាងណា លោកស្រី ប្រក រ៉ូលីន បានលើកឡើងដែរថា ការនាំចូលស៊ុតនឹងត្រូវបញ្ចប់ ដរាបណាជំងឺផ្តាសាយបក្សីត្រូវបានទប់ស្កាត់ ទើបការផលិតស៊ុតនៅសហរដ្ឋអាមេរិកអាចបំពេញតម្រូវការទីផ្សារបានឡើងវិញ។
កសិដ្ឋានចិញ្ចឹមមាន់ពងមានទំហំធំណាស់ដោយការចិញ្ចឹមមាន់ពងចំនួនជាង៧៤ម៉ឹន៧ពាន់ក្បាល។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក និងការិយាល័យបសុសត្វក្នុងរដ្ឋម៊ីសស៊ីស៊ីបពីនៅតែបដិសេធមិនផ្តល់ការអត្ថាធិប្បាយជាផ្លូវការ អំពីស្ថានភាពបច្ចុប្បន្ន។ នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ដែលមានការផ្ទុះឡើងនៃមេរោគផ្តាសាយបក្សី H7N9 នៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកនាពេលថ្មីៗនេះ បានអនុម័តថវិកាជាងមួយពាន់លានដុល្លារដើម្បីប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺផ្តាសាយបក្សី ស្របពេលអាជ្ញាធរអាម៉េរិកបានរកឃើញ ករណីឆ្លងជំងឺផ្តាសាយបក្សីទៅកាន់មនុស្សចំនួន ៧០ករណី និងនៅក្នុងនោះមានករណីស្លាប់មួយករណីទៀតផង៕