ហ្វីលីពីនគ្រោងនាំចូលអង្ករ៣,៨លានតោន ក្នុងឆ្នាំ២០២៦ ព្រោះការផ្គត់ផ្គង់មិនទាន់គ្រប់
ម៉ានីល៖ ក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា ប្រទេសហ្វីលីពីនអាចនឹងនាំចូលអង្ករប្រមាណ៣,៨ លានតោន ក្នុងឆ្នាំ២០២៦ ដោយសារទិន្នផលិតកម្មស្រូវនៅក្នុងប្រទេស ត្រូវបានគេរំពឹងថា នឹងនៅទ្រឹងដដែលមិនអាចបំពេញតម្រូវការឱ្យបានពេញលេញ។ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក ហ្វ្រេនស៊ីស្កូ ធៀវ ឡូរ៉ែល (Francisco Tiu Laurel) បានមានប្រសាសន៍ថា តម្រូវការអង្ករនាំចូលសម្រាប់ឆ្នាំ២០២៦នេះ ត្រូវបានគេព្យាករណ៍ថា យ៉ាងហោចមានបរិមាណពីចំនួន៣,៦លានតោន រហូតដល់៣,៨លានតោន ដោយសន្មតថា កម្រិតផលិតកម្មស្រូវនៅក្នុងប្រទេសទទួលបានទិន្នផលដូចឆ្នាំ២០២៥។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «ការនាំចូលអង្ករនឹងធ្វើតាមការព្យាករណ៍របស់យើងសម្រាប់ឆ្នាំ២០២៦ ដោយសារផលិតកម្មស្រូវរបស់យើងនៅតែមានបរិមាណដដែល ដូចកាលពីឆ្នាំមុន គឺត្រូវការអង្ករនាំចូលតិចបំផុត៣,៦លានតោន ឬច្រើនបំផុតប្រហែល៣,៨លានតោន ដោយសារចំនួនប្រជាជនរបស់យើងកំពុងកើនឡើង»។ ទិន្នន័យរបស់ការិយាល័យឧស្សាហកម្មដំណាំ បានបង្ហាញថា ការនាំចូលអង្ករនៅក្នុងឆ្នាំ២០២៥ បានធ្លាក់ចុះពី៤,៨លានតោន ក្នុងឆ្នាំ២០២៤ មកនៅត្រឹម៣,៣លានតោន។ លោកបានមានប្រសាសន៍ទៀតថា ក្រសួងកសិកម្មហ្វីលីពីនកំពុងប្រឹងទប់ស្កាត់ការឡើងថ្លៃអង្ករ ដោយប្រឹងអនុវត្តកម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម។ លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈកម្មវិធីនេះ គ្រួសារប្រជាជនហ្វីលីពីននឹងទទួលបានការអនុញ្ញាតឱ្យទិញអង្កររហូតដល់១០គីឡូក្រាមក្នុងមួយខែ ដើម្បីជួយទប់ស្កាត់សម្ពាធអតិផរណា។ កម្មវិធីលក់អង្ករក្នុងតម្លៃ២០ប៉េសូ ឬស្មើនឹង០,៣៤ដុល្លារ ក្នុងមួយគីឡូក្រាម កំពុងអនុវត្តក្រោមការប្រកាសអាសន្នផ្នែកសន្តិសុខស្បៀងអាហាររបស់ក្រសួងកសិកម្មហ្វីលីពីន។ លោក […]