ក្រុងពូណេ៖ ប្រធានក្រុមហ៊ុននាំចេញ នាំចូលផលិតផលកសិកម្ម ដែលមានមូលដ្ឋាននៅទីក្រុងពូណេ (Pune) រដ្ឋមហារាស្ត្រ (Maharashtra) នៃប្រទេសឥណ្ឌា បានមានប្រសាសន៍ថា ការនាំចេញផ្លែត្របែកស្រស់របស់ប្រទេសឥណ្ឌាកំពុងតែកើនឡើង នៅរដូវប្រមូលផលថ្មីនេះ ដោយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។
លោកស្រីប្រធានក្រុមហ៊ុន បានមានប្រសាសន៍ដូច្នេះថា «ពូជត្របែកសាច់ស (Allahabad Safeda) និងពូជត្របែកតៃវ៉ាន់សាច់ពណ៌ស្វាយ (Taiwan Pink) បន្តនាំមុខគេក្នុងការនាំចេញរបស់យើង និងទទួលបានការកោតសរសើរយ៉ាងច្រើនចំពោះភាពរឹងមាំអាចទុុកបានយូរ មានក្លិនក្រអូបពិសេស និងមានរសជាតិឆ្ងាញ់របស់ផ្លែត្របែកទាំងនេះ»។
លោកស្រីបានគូសបញ្ជាក់ថា ដោយសារពូជផ្លែត្របែកទាំងពីរប្រភេទនេះ មានទីផ្សារនៅទ្វីបអឺរ៉ុប ទើបធ្វើឱ្យការដាំដុះកើនឡើង១០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន នៃផលិតកម្មនៅទូទាំងរដ្ឋមហារាស្ត្រ និងរដ្ឋគុជរ៉ាត់ (Gujarat)។
លោកស្រីបានមានប្រសាសន៍ដូច្នេះ «ការគ្រប់គ្រងចម្ការផ្លែត្របែកបានល្អប្រសើរឡើង និងការប្តេជ្ញាចិត្តកាន់តែខ្លាំងឡើងរបស់កសិករក្នុងការបំពេញតាមតម្រូវការគុណភាពនាំចេញ គឺជាកត្តាដ៏សំខាន់នាំឱ្យរីកចម្រើនបែបនេះ។ បរិមាណនាំចេញក៏បានកើនឡើងដែរ ដោយកើនឡើងប្រហែល១២ភាគរយ ដោយសារតែតម្រូវការផ្លែត្របែនច្រើន ពីប្រទេសអារ៉ាប់រួម កាតា និងប្រទេសអូម៉ង់ ជាពិសេសចំណាប់អារម្មណ៍ថ្មីនៅក្នុងទីផ្សារអឺរ៉ុប»។
វិស័យនាំចេញផ្លែត្របែកនេះ ក៏បានទប់ទល់នឹងបញ្ហាប្រឈមនៅរដូវកាលនេះផងដែរ រួមទាំងរដូវវស្សា និងការប្រែប្រួលអាកាសធាតុ ដែលមិនអាចទាយទុកមុនបាន។ លោកស្រីទទួលស្គាល់ថា លក្ខខណ្ឌទាំងនេះបណ្តាលឱ្យខូចខាតផលដំណាំខ្លះ ប៉ុន្តែដោយសារការកែលម្អប្រព័ន្ធទឹកបានមុន និងការគ្រប់គ្រងសំណើមបានល្អ ធ្វើឱ្យទិន្នផលផ្លែត្របែកឡើងខ្ពស់ និងមានគុណភាពល្អ។
រដូវនាំកាលចេញផ្លែត្របែករបស់ប្រទេសឥណ្ឌា ចាប់ផ្តើមពីខែកញ្ញា ដល់ខែកុម្ភៈ ហើយផ្លែត្របែកភាគច្រើនដាំនៅក្នុងរដ្ឋមហារាស្ត្រ និងរដ្ឋគុជៈរ៉ាត់ ដែលជាតំបន់ដីមានជីជាតិល្អ។ ចំណែកតម្លៃផ្លែត្របែកវិញ គេសង្កេតឃើញថា កើនឡើងដល់៣០ ០០០រ៉ូពី ឬស្មើនឹង៣៣៨ដុល្លារ ក្នុងមួយតោន គឺកើនពី៥ ទៅ៧ភាគរយ។ តម្លៃខ្ពស់ជាងនេះ គឺដោយសារតែការកែលម្អចំណាត់ថ្នាក់ ការដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព និងការធ្វើឱ្យប្រសើរឡើងនូវការវេចខ្ចប់ដូចជាថង់សំណាញ់សម្រាប់ខ្យល់ចេញចូលបានល្អប្រសើរ និងកាត់បន្ថយការខូចខាត ដែលទាំងអស់នេះរួមចំណែកដល់ភាពស្រស់ថ្លារបស់ផ្លែត្របែកដឹកចេញពីកសិដ្ឋានរហូតដល់ទីផ្សារ។
លោកស្រីប្រធានក្រុមហ៊ុន បានមានប្រសាសន៍ថា តំបន់មជ្ឈិមបូព៌ានៅតែជាទីផ្សារធំបំផុតសម្រាប់ផ្លែត្របែករបស់ឥណ្ឌា ហើយតម្រូវការក៏កើនឡើងនៅទ្វីបអឺរ៉ុបផងដែរ ជាពិសេសនៅក្នុងប្រទេសហូឡង់ ប៉ូឡូញ និងប្រទេសអាល្លឺម៉ង់។ ចំណែកប្រទេសអេហ្ស៊ីប គឺជាដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លាចំពោះទីផ្សារផ្លែត្របែក ប៉ុន្តែផ្លែត្របែកប្រទេសឥណ្ឌាលេចធ្លោជាងគេដោយសារតែអាកាសធាតុអំណោយផល និងមានរសជាតិឆ្ងាញ់។
លោកស្រីបានសន្និដ្ឋានថា ការពង្រីកទីផ្សារផ្លែត្របែកទៅកាន់ទ្វីបអឺរ៉ុប តាមរយៈអ្នកទិញ ដែលឱ្យតម្លៃដល់ការតាមដាន និងការចូលរួមរបស់កសិករ គឺជាជំហានបន្ទាប់ដ៏ល្អនូវពេលអនាគត់៕










