ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតអាហារូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ជូនសិស្សប្រឡងជាប់បាក់ឌុប ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
នៅក្នុងកម្មវិធីចាប់ឆ្នោតអាហារូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី នោះក៏មានការចូលរួមពីលោក ចេន ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូ ព្រមទាំងសិក្សានុសិស្សចំនួន៤៥៥នាក់ ដែលសរុបអ្នកចូលរួមទាំងអស់ចំនួន៦០០នាក់។
ក្រោយបញ្ចប់ការចាប់ឆ្នោតអាហារូបករណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចំនួន៤០រូប រួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍សំណេះសំណាល ផ្តាំផ្ញើដល់ក្មួយៗថា បើសិនជាចាប់បានអាហារូបករណ៍ហើយប្រឹងប្រែងរៀនសូត្រឲ្យបានចប់ សំខាន់យើងត្រូវខិតខំរៀនសូត្រឲ្យបានល្អមិនសំខាន់លើសាលាល្អនោះទេ។
លើសពីនេះ ឯកឧត្ដមបណ្ឌិតប្រធានក៏បានផ្តល់អនុសាសន៍ដល់ក្មួយៗ ដែលទទួលបានអាហារូបករណ៍ និងសិស្សានុសិស្សផ្សេងទៀត បើចង់បានការងារធ្វើលឿនមានលុយឆាប់ គួរពិចារណាលើសជំនាញបច្ចេកទេស ដូចជាបច្ចេកទេសជាន់ខ្ពស់ជាដើម ជាពិសេស ក្មួយៗត្រូវចេះកំណត់គោលដៅ ស្គាល់ខ្លួនឯងឲ្យច្បាស់ ព្រោះពេលនេះមិនមែននៅជាសិស្សវិទ្យាល័យទៀតទេ គឺកម្រិតសកលវិទ្យាល័យ ដែលទាមទារឲ្យមានការសិក្សាស្រាវជ្រាវច្រើន ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់ចូលរួមអភិវឌ្ឍនៅគ្នុងសង្គមជាតិ៕
















