ដោយ ឡុង សារេត
ភ្នំពេញ៖សហគមន៍ពន្លឺថ្មីផ្អុងបង្កើតឡើងនៅឆ្នាំ២០១២មានទីតាំងស្ថិតនៅខេត្តឧត្តមានជ័យដែលបាននិងកំពុងធ្វើការដាំបន្លែនៅលើទីវាល អនុវត្តតាមបែបកសិកម្មឆ្លាតវៃជាលក្ខណៈអាជីវកម្ម មានគម្រោងចង់ងាកមកដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញដើម្បីបានប្រាក់ចំណូលខ្ពស់ បើប្រៀបទៅនិងការផលិតបន្លែរបស់សមាជិកសហគមន៍នាពេលបច្ចុប្បន្ន។
អ្នកស្រី វង្ស សុភាព ប្រធានសហគមន៍ពន្លឺថ្មីផ្អុង បានឱ្យដឹសងថា បន្ទាប់ពីសហគមន៍ពន្លឺថ្មីផ្អុងបង្កើតឡើងនៅឆ្នាំ២០១២ក្រៅពីការធ្វើការដាំបន្លែនៅលើទីវាល សហគមន៍បានប្រមូលទិញស្វាយពីកសិករនៅក្នុងតំបន់ដើម្បីលក់បន្តទៅប្រទេសថៃ។
អ្នកស្រីបន្តថា កាលពីមុនមកយើងដាំបន្លែនៅលើទីវាលលក្ខណៈគ្រួសារ ប៉ុន្តែចូលមកដល់សព្វថ្ងៃនេះ កសិករដែលជាសមាជិកបានធ្វើការអភិវឌ្ឍការដាំបន្លែរបស់ខ្លួនមកជាខ្នាតពាណិជ្ជកម្ម ផ្នែកលើទំហំផ្ទៃដីជាក់ស្តែង ហើយការដាំបន្លែបែបនេះជួបការលំបាកច្រើន ខុសពីកសិករដាំបន្លែនៅក្នុងផ្ទះសំណាញ់។
បើតាមអ្នកស្រីប្រធានសហគមន៍ខាងលើ បើទោះជាការដាំបន្លែនៅលើទីវាលជួបការលំបាក ប៉ុន្តែសមាជិកសហគមន៍បានអនុវត្តធ្វើការដាំដុះតាមបែបកសិកម្មឆ្លាតវៃ ដោយប្រើប្រាស់ស្លឹកដូង ស្លឹកត្នោត និងប្រើស្បៃសម្រាប់គ្របលើបន្លែដើម្បីការពារ ពីការប្រែប្រួលនៃអាកាសធាតុ។
អ្នកស្រីគូសបញ្ជាក់ថា ការដាំបន្លែនៅលើទីវាលកសិករប្រឈមការខូចខាតបន្លែចន្លោះពី២០ទៅ៣០ភាគរយ ហើយនៅពេលខ្លះទៀត បើអាកាសធាតុមានការប្រែប្រួលក្តៅខ្លាំងធ្វើឱ្យសត្វល្អិតចង្រៃកើតឡើងច្រើន ស៊ីបំផ្លាញបន្លែរបស់យើង។ ដូចនេះវាមានហានិភ័យខ្ពស់សម្រាប់កសិករ។
អ្នកស្រីបន្តថា “ចូលមកដល់ឆ្នាំ២០២៤ និង២០២៥នេះ កសិករគ្រោងធ្វើការផ្លាស់ប្តូរពីការដាំបន្លែនៅលើទីវាលមកដាំបន្លែក្នុងផ្ទះសំណាញ់វិញ ប៉ុន្តែដោយសារកម្ពុជា រងការបំពានពីប្រទេសថៃបានធ្វើឱ្យកសិករមានចិត្តរារ៉ែកក្នុងការផ្តាស់ប្តូរ។ តែទោះជាបែបនេះក្តី ខ្ញុំឃើញមានសហគមន៍មួយចំនួនស្ថិតក្នុងខេត្តឧត្តរមានជ័យ មានការផ្លាស់ប្តូរមកដាំបន្លែក្នុងផ្ទះសំណាញ់។តួយ៉ាងសហគមន៍នៅស្រុកបន្ទាយអំបិលបានសាងសង់ផ្ទះសំណាញចំនួន២សម្រាប់ដាំបន្លែ”។
បើតាមអ្នកស្រី វង្ស សុភាព បានអះអាង ក្នុងនាមជាប្រធានសហភាពសហគមន៍ឧត្តរមានជ័យអភិវឌ្ឍន៍ ក៏ដូចជាប្រធានសហគមន៍ពន្លឺថ្មីផ្អុង អ្នកស្រីនឹងជំរុញឱ្យសហគមន៍ដាំបន្លែដែលមានសក្តានុពល ប្រើប្រាស់ផ្ទះសំណាញ់សម្រាប់ដាំបន្លែ សម្រាប់ផ្គត់ផ្គង់នៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាង៕







