ហ្សាការតា៖ ពេញមួយឆមាសទីមួយនៃឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌូណេស៊ី បាននាំចេញកាហ្វេជាង២០៦ពាន់តោន ទៅកាន់គោលដៅផ្សេងៗ រួមទាំងសហរដ្ឋអាមេរិក បណ្តាប្រទេសសហភាពអឺរ៉ុប មជ្ឈិមបូព៌ា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្រសួងសហគ្រាសធុនតូច និងមធ្យមរបស់ឥណ្ឌូណេស៊ី បានពិពណ៌នាអំពីទំហំនាំចេញបានកើនឡើងក្នុងទីផ្សារប្រកួតប្រជែងជាសកលសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់ឥណ្ឌូណេស៊ី។
អនុរដ្ឋមន្ត្រីក្រសួង បាននិយាយថា «ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតកាហ្វេដ៏ធំបំផុតរបស់ពិភពលោក ដែលចម្ការជាង៩០ភាគរយ ស្ថិតក្រោមការគ្រប់គ្រងដោយម្ចាស់ជាសហគ្រិនខ្នាតតូច»។
លោកបានគូសបញ្ជាក់ពីការដឹកជញ្ជូនផលិតផលកាហ្វេពិសេសរបស់ឥណ្ឌូណេស៊ីចំនួន១៥តោនទៅកាន់ទីផ្សារប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដែលមានតម្លៃនាំចេញសរុបប្រហែល១៨០ពាន់ដុល្លារអាមេរិក។
យោងតាមលោកអនុរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ផលិតផលកាហ្វេពិសេសរបស់ឥណ្ឌូណេស៊ីតំណាងឱ្យឧទាហរណ៍ជាក់ស្តែងអំពីរបៀប ដែលសហគ្រាសមធ្យមអាចក្លាយជាក្បាលម៉ាស៊ីននៃប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម។
លោកបានពន្យល់ថា ក្រសួងបានចាប់ផ្តើមអនុវត្តកម្មវិធីចម្ការតូច និងសហគ្រិនធុនមធ្យម ដើម្បីទាញយកសក្តានុពលនៃផលិតផលកាហ្វេរបស់ប្រទេសឥណ្ឌូណេស៊ីឱ្យបានច្រើនបំផុត។
គំនិតផ្តួចផ្តើមនេះមានគោលបំណងដើម្បីកសាងប្រព័ន្ធអេកូសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំជាងមុនដោយការរួមបញ្ចូលគ្នារវាងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗ ដើម្បីបង្កើនតម្លៃនៃទំនិញពេញនិយមរបស់ប្រទេសឥណ្ឌូណេស៊ី រួមទាំងកាហ្វេផងដែរ។
លោកអនុរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កម្មវិធីនេះត្រូវបានដាក់ឱ្យសហគ្រាសធុនមធ្យមជាអ្នកប្រមូលផ្តុំ អ្នកបង្កើតទីផ្សារ និងអ្នកផ្តល់មូលនិធិ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាព ស្របជាមួយនឹងការបង្កើតថ្មី និងប្រកបដោយនិរន្តរភាព។
លោកបានកត់សម្គាល់ថា «ដោយសារមានការគាំទ្រពីរដ្ឋាភិបាល ក្រុមហ៊ុនរដ្ឋ វិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុ យើងអាចរំពឹងថា នឹងបង្កើតប្រព័ន្ធអេកូឡូស៊ីនៃភាពជាដៃគូដែលមានភាពធន់ និងមានការប្រកួតប្រជែង»។
ចំណែកប្រធានសហគមន៍ផលិតកាហ្វេពិសេសរបស់ឥណ្ឌូណេស៊ី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ក្រុមដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីចម្ការតូច និងសហគ្រិនធុនមធ្យម។
លោកបានបន្តថា «យើងត្រៀមខ្លួនរួចជាស្រេចក្នុងការបម្រើជាប្រតិបត្តិករក្នុងក្តីសង្ឃឹម ក្នុងការបង្កើនទំនាក់ទំនងរវាងកសិករដាំកាហ្វេ និងការពង្រីកទីផ្សាររបស់ពួកគាត់»៕