ដោយ ឡុង សារេត
កំពង់ចាម៖ សិប្បកម្មខ្នាតតូចមួយនៅស្រុកព្រៃឈរខេត្តកំពង់ចាមមានយីហោ“ហត្ថាធម្មជាតិ”ដែលកើតចេញពីជំនាញរបស់ដូនតាបាននិងកំពុងបង្កើនការកែច្នៃផ្លែក្រូចសើចធ្វើផលិតផលប្រេងលាបសម្រាប់ការពារសត្វល្អិតនៅតាមគ្រួសារចាប់ផ្តើមមានសន្ទុះកើនឡើង ស្របពេលដែលប្រជាពលរដ្ឋនៅក្នុងប្រទេសកំពុងមាននិន្នការ កាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលមកពីខាងក្រៅ ងាកមកប្រើប្រាស់និងគាំទ្រផលិតផលក្នុងស្រុក។ តួយ៉ាងនៅពេលមានការរៀបចំពិព័រណ៍ដាក់តាំងបង្ហាញផលិតផលក្នុងខែកញ្ញាឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ។
អ្នកស្រី ឆាយ សុទេវី ម្ចាស់សិប្បកម្មហត្ថាធម្មជាតិបានឱ្យដឹងថា សិប្បកម្មហត្ថាធម្មជាតិបានបង្កើតឡើងអស់រយៈជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែវាជាលក្ខណៈសិប្បកម្មកែច្នៃលក្ខណៈគ្រួសារខ្នាតតូច ដោយយកផ្លែក្រូចសើចធ្វើជាផលិតផលប្រេងលាបការពារសត្វល្អិតក្នុងបរិមាណតិចតួច សម្រាប់ប្រើប្រាស់ប្រចាំគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានខែចុងក្រោយនេះ ពេលឃើញប្រជាពលរដ្ឋក្នុងស្រុកគាំទ្រមានសន្ទុះកើនឡើង បានធ្វើឱ្យសិប្បកម្មហត្ថាធម្មជាតិចាប់ផ្តើមមានគំនិតបង្កើនការកែច្នៃផលិតផលកើនដល់៤ ០០០ដបសម្រាប់ចែកចាយឱ្យមានមានលក្ខណៈទូលំទូលាយជូនដល់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងតំបន់និងក្រៅតំបន់។
អ្នកស្រី ឆាយ សុទេវី បានបញ្ជាក់ប្រាប់ថា ផលិតផលប្រេងលាបកែច្នៃចេញពីផ្លែក្រូចសើចនេះ អ្នកស្រីចេះមកពីដូនតា ដោយសារកាលពីដើមគេដឹងថា ផ្លែក្រូចសើចវាអាចការពារពីសត្វមានពិសបាន។ ដូចនេះអ្នកស្រីក៏សាកល្បងធ្វើជាប្រេងក្រូចសើចប្រើប្រចាំលក្ខណៈគ្រួសារ ដោយចាប់ផ្តើមកែច្នៃដំបូងៗមានប្រហែល៥០ដងប៉ុណ្ណោះ។
បើយោតាមម្ចាស់សិប្បកម្មខាងលើ, បច្ចុប្បន្នហត្ថាធម្មជាតិមានសមត្ថភាព អាចកែច្នៃប្រេងកូ្រចសើចក្នុងមួយថ្ងៃបានប្រមាណ១០០០ដប ហើយតាមរយៈការបង្កើនការផលិតរបស់សិប្បកម្មនេះ បានផ្តល់ឱ្យកាសការងារទៅដល់ប្រជាពលរដ្ឋក្នុងតំបន់អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់នៅក្នុងគ្រួសារបានមួយចំនួន និងប្រជាពលរដ្ឋដែលមានផ្លែក្រូចសើចធ្លាប់ទុកវាឱ្យស្អុយរលួយចោល ក៏ចាប់ផ្តើមមានទីផ្សារដោយក្នុងផ្លែក្រូចសើចមួយគីឡូក្រាមអាចលក់បានថ្លៃប្រមាណ៣០០០រៀលផងដែរ៕