(ភ្នំពេញ)៖ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា អង្ករម៉ាក អេមើរល់ រីវើ (Emerald River) ដែលវេចខ្ចប់ដោយក្រុមហ៊ុន អូទីស ម៉ាក អាល្លីស្ទើ (Otis Mc Allister Inc) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក គឺជាអង្ករនាំចេញពីកម្ពុជា ក្រោយពេលក្រុមហ៊ុន និងសហព័ន្ធស្រូវអង្ករកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា កាលពីឆ្នាំ២០២៤។
លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុន អូទីស ម៉ាក អាល្លីស្ទើ បានសម្រេចនាំចូលអង្ករពីប្រទេសកម្ពុជា ហើយយកទៅវេចខ្ចប់ខ្លួនឯង ក្រោមម៉ាកសញ្ញារបស់អាម៉េរិកម៉ាក អេមើរល់ រីវើ។
កន្លងមកអង្ករម៉ាក អេមើរល់ រីវើ នេះធ្លាប់នាំចូលអង្ករមកពីប្រភពប្រទេសផ្សេងៗ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចនាំចេញពីប្រទេសកម្ពុជាវិញ។ ការកិន និងវេចខ្ចប់ ធ្វើឡើងដោយរោងម៉ាស៊ីនកិនស្រូវធំមួយនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ។
ការចេញមកបញ្ជាក់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរម្នាក់ ដែលរស់នៅសហរដ្ឋអាម៉េរិក បានផ្សព្វផ្សាយថា អង្ករផ្កាម្លិះ ដែលវេចខ្ចប់ក្រោមម៉ាក អេមើរល់ រីវើ គឺជាអង្កររបស់ថៃ ហើយបន្លំជាផលិតផលកម្ពុជា ដូចបានបញ្ជាក់នៅលើសំបកការ៉ុងសរសេរថា ផលិតផលរបស់កម្ពុជា (Product of Cambodia) ខណៈពេលកន្លងមក ក្រុមហ៊ុនបានដាក់ឈ្មោះថា អង្ករផ្កាម្លិះថៃ (THAI JASMINE RICE)៕