ព្រឹត្តិការណ៍ម្ហូប​អាហារអន្តរជាតិ២០២៥​​​ ​នៅប្រទេសអាឡឺម៉ង់​នឹងផ្តល់អត្ថប្រយោជន៍ធំៗ​ចំនួន​៦សម្រាប់កម្ពុជា​

photo_2023-10-07_18-41-06

ដោយ ឡុង សារេត​

ភ្នំពេញ​៖ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា​ កាលថ្ងៃទី​២៥ ខែកញ្ញា បានឱ្យដឹង​ថា សហព័ន្ធស្រូវអង្ករកម្ពុជានឹងដឹកនាំ​​ក្រុមហ៊ុន​នាំចេញអង្ករ​ចំនួន​១៣​​​ ដើម្បីចូលរួម​តាំងបង្ហាញ​នូវផលិតផលអង្ករ​ ដែលមានគុណភាព​ល្អបំផុត​របស់កម្ពុជា​ និងធ្លាប់បានឈ្នះពានរង្វាន់​អង្ករល្អបំផុត​របស់ពិភពលោក ​ទៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារ​អន្តរជាតិ​ដ៏ធំជាងគេ​​ ឈ្មោះថា ​ANUGA 2025 -International Foods Industry Trade Fair នៅទីក្រុង​កូឡូញ​ ប្រទេស​អាឡឺម៉ង់។

ពិធីនេះ​នឹងចាប់ផ្តើមពីថ្ងៃទី៤-៨ខែតុលា ឆ្នាំ​២០២៥​ខាងមុខ​ ដោយមានតំណាង​ថ្នាក់ដឹកនាំរបស់ធនាគារអភិវឌ្ឍន៍ និងជនបទ(​ARDB) នឹងអញ្ចើញចូលរួម​ជាភ្ញៀវកិត្តិយស​ផងដែរ។​

​ទាក់ទងនិងព្រឹត្តិការណ៍​ម្ហូបអាហារ​ ដែលត្រៀមរៀបចំ​នៅប្រទេសអាឡឺម៉ង់ នាពេលដ៏ខ្លីខាងមុខនេះ​, ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​បានប្រាប់​ ARDB TV​ឱ្យដឹង​ថា​​ ការ​ចូលរួម​របស់កម្ពុជានៅក្នុងព្រឹត្តិការណ៍នៅ​ប្រទេសឡឺម៉ង់​ខាងមុខនេះ លោករំពឹងថា នឹង​ទទួលបាន​អត្ថប្រយោជន៍​ធំៗចំនួន​៦៖ ​(១)-បង្កើនឱកាសទីផ្សារនាំចេញ។ ពិព័រណ៍អាហារអន្តរជាតិ Anuga Foods គឺជាវេទិកាសំខាន់ក្នុងការបង្ហាញគុណភាពអង្ករកម្ពុជាដល់អ្នកទិញ និងអ្នកចែកចាយអន្តរជាតិ ព្រមទាំងជួយបង្កើតទំនាក់ទំនងផ្ទាល់ជាមួយអ្នកនាំចូលថ្មីៗ ជាពិសេសទីផ្សារអ៊ឺរ៉ុប ដែលកំពុងមានតម្រូវការអង្ករគុណភាពខ្ពស់។

(២)-លើកកម្ពស់ម៉ាក “អង្ករកម្ពុជា”។ ការចូលរួមបែបនេះជួយធ្វើឱ្យពិភពលោកស្គាល់ និងទទួលស្គាល់អង្ករកម្ពុជាច្រើនឡើង ជាពិសេសពូជអង្ករពាណិជ្ជសញ្ញា ឧទាហរណ៍អង្ករ​ ផ្ការំដួល​ (Phka Rumduol)។ ជាផ្នែកមួយនៃយុទ្ធសាស្រ្ត Branding និង Positioning អង្ករកម្ពុជាថា ជាផលិតផលកសិកម្មមានគុណភាព និងមានអត្តសញ្ញាណជាតិ។

(៣)​-ទាក់ទាញវិនិយោគ និងបច្ចេកវិទ្យា៖ ការចូលរួមនឹងជួយបង្កើតឱកាសក្នុងការទាក់ទាញវិនិយោគថ្មីៗ ពិសេសផ្នែកកែច្នៃ និងបច្ចេកវិទ្យាផលិតស្រូវអង្ករ, វាអាចជួយដល់ការកែលម្អខ្សែសង្វាក់តម្លៃ និងការបន្ថែមតម្លៃលើផលិតផល (value-added products)។

(៤)-ពង្រឹងឥទ្ធិពលប្រទេសក្នុងវិស័យអង្ករ៖ កម្ពុជាអាចប្រើវេទិកានេះដើម្បីបង្ហាញខ្លួនថា ជាប្រទេសផលិត និងនាំចេញអង្ករដ៏សំខាន់មួយក្នុងតំបន់អាស៊ី, ជួយពង្រឹងឥទ្ធិពលក្នុងកិច្ចពិភាក្សាអន្តរជាតិ ស្តីពីពាណិជ្ជកម្ម និងកសិកម្ម។

(៥)-បង្កើនប្រាក់ចំណូលដល់កសិករ និងអ្នកផលិតក្នុងស្រុក៖ ប្រសិនបើអង្ករកម្ពុជាមានការចូលរួមកាន់តែច្រើនក្នុងទីផ្សារថ្មីៗ នោះតម្លៃលក់ និងទិន្នផលនាំចេញអាចកើនឡើង, វាអាចផ្លាស់ប្តូរជាការបង្កើនប្រាក់ចំណូលដល់កសិករ និងអ្នកផលិតក្នុងស្រុក និង ​(៦)-សិក្សាបន្ថែម Foods Trend និងតម្រូវការថ្មីៗ ក៏ដូចជាស្តង់ដារថ្មី។

​ឧកញ៉ា ឡាយ ឈុនហួ មានប្រសាសន៍ថែមទៀតថា សម្រាប់​ទីផ្សារអាឡឺម៉ង់ និងអ៊ឺរ៉ុបទូទៅ មានទំនោរជ្រើសរើសអង្ករក្រអូប ជាពិសេសសម្រាប់ម៉ាក និងគុណភាពអង្ករល្បីៗ ក្នុងនោះ​៨៧​ភាគរយ​ ជាប្រភេទ​អង្ករក្រអូប។ កាលពីឆ្នាំ២០២៤ ​កម្ពុជានាំចេញអង្ករប្រមាណជា១៧ ០០០តោនទៅកាន់ទីផ្សារអាឡឺម៉ង់ ហើយ​បើ​គិតត្រឹមខែ៨ ឆ្នាំ២០២៥ ​កម្ពុជា​បាននាំចេញទៅកាន់ទីផ្សារ អាឡឺម៉ង់បាន​ប្រមាណ១២ ៥០០តោន ។

​យោងតាម​សេចក្តីប្រកាសព័ត៌មាន​របស់សហព័ន្ធស្រូវអង្ករកម្ពុជា ​បាន​គូសបញ្ជាក់ថា គោលបំណងនៃការចូលរួមនៅក្នុងព្រឹត្តិការណ៍តាំងពិរព័ណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារ ដែលស្របទៅតាមគោលន​បោយបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើស្ដង់ដារ និងលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការក្នុងការជំរុញផលិតផលចូលទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។

ព្រឹត្តិការណ៍ ANUGA 2025 ត្រូវបានបង្កើតដំបូងឡើងតាំងពីឆ្នាំ​១៩១៩ ហើយមានការវិវត្តរីកចម្រើន និងក្លា​យ​ខ្លួ​នជាវេទិកាប្រមូលផ្ដុំដ៏សំខាន់មួយសម្រាប់ពិភពលោករបស់អ្នកជំនាញ និងអ្នកធ្វើ​ការស​ម្រេចចិត្តលើការរៀ​ប​ចំ​គោលនយោបាយផ្នែកចំណីអាហារ និងភេសជ្ជៈ។

ក្រុមហ៊ុននាំចេញទាំង១៣ ដែលនឹងចូលរួមតាំងបង្ហាញផលិតផលនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារ ANUGA 2025 ស្ថិតក្រោមពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា​៖ (១)-ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា), (២)-ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត,(៣)-ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត, (៤)-ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) (៥)-ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត, (៦)-ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី, (៧)-ក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វ៊ូដ (ខេមបូឌា) ឯ.ក, (៨)-ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍, (៩)-ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក, (១០)-ក្រុមហ៊ុន ហ្គោលដិន ដូន​កែវ រ៉ាយស៍ មីល, (១១)-ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី, (១២)-ក្រុមហ៊ុន អៀង ហ៊ាង អ៊ីមផត អិចផត ខូ អិលធីឌី និង (១៣)-ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន៕


FB_IMG_1782903667358
សម្តេចធិបតីណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបចំពោះបាតុភូតអែលនីញ៉ូ

ដោយ អៀវ ឈាងនី ភ្មំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមឆ្លើយតបជាមួយបាតុភូតធម្មជាតិ អែលនីញ៉ូ (El Niño) ដែលប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល។ ក្នុងឱកាសញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព សម្តេចធិបតី បានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលរាជធានី ខេត្ត បន្តតាមដានការវិវត្តន៍ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានដឹងអំពីផលវិបាកនៃការប្រែប្រួលអាកាសធាតុនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៀតថា ចំណែកគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្តផងដែរ ដើម្បត្រៀមមធ្យោបាយចាំបាច់ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រៀមបម្រុងស្បៀង និងសម្ភារៈនានា ជួយអន្តរាគមន៍ដល់ប្រជាកសិករ ដែលនឹងរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។ បាតុភូតធម្មជាតិឈ្មោះ អែលនីញ៉ូ បានចាប់ផ្តើមកាន់តែច្បាស់មែនទែន ហើយត្រូវបានគេព្យាករណ៍ថា នឹងក្លាយជា “មហាអែលនីញ៉ូ- Super” El Niño” […]

733328598_2193595651493766_4178156423802900923_n
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ

ដោយ ឡុង សារេត ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈពេលមច្ឆាជាតិជាម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិមិនចេះរីងស្ងួតនិងអាចរក្សាទុកជាអាហារសហគមន៍ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដា ដែលរៀបចំនៅខេត្តស្វាយរៀង។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាបានកំណត់យកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន័ គឺជាបញ្ញកោណទី៤នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ ដោយមានការគ្រប់គ្រងធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងទេសចរណ៍ប្រកបដោយចីរភាព គឺជាមុំទី២ និងការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទជាមុំទី៣។ ជាក់ស្តែងសម្រាប់វិស័យកសិកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ សំដៅធ្វើទំនើបកម្ម និងបង្កើនភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ក៏ដូចជាធានាសុវត្ថិភាពម្ហូបអាហារ និងគ្រប់គ្រងដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ 0 ចំណែកគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅកម្ពុជា គឺសំដៅលើកកម្ពស់ចំណេះដឹងផ្នែកសិកម្មទំនើបជំរុញការផ្ទេរ និងចាប់យកបច្ចេកវិទ្យានៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម សំដៅតម្រង់ទិសអភិវឌ្ឍតាមអនុវិស័យ។ សូមជម្រាបជូនផងដែរ នៅក្នុងកម្មវិធីទិវាមច្ឆាជាតិ០១ កក្កដាឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ៦ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។ នៅក្នុងពិធីនេះដែរ […]

Artboard 1
ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខេត្តកំពង់ស្ពឺថា ទុនរបស់ធនាគារ ARDB ជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន

ដោយ ឡុង សារេត ខេត្តកំពង់ស្ពឺ៖ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង នៅក្នុងខេត្តកំពង់ស្ពឺ បានទទួលស្គាល់ថា ការផ្តល់ឥណទានរបស់ធនាគារអភិវឌ្ឍន៍ និងជនបទ (ARDB) មានសារសំខាន់ជាច្រើន ជាពិសេស បានជួយឱ្យគ្រួសារមានជីវភាពរីកចម្រើន តាមរយៈមុខរបរ ដែលបាននិងកំពុងដំណើរការក្នុងពេលសព្វថ្ងៃនេះ។ លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ មានទីតាំងនៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដើមទុនដែលទទួលបានពីធនាគារ ARDB លោកយកមកប្រើប្រាស់ទៅលើការទិញចំណី ទិញកូនមាន់ និងថ្នាំសម្រាប់ព្យាបាលមាន់ពេលមានជំងឺ ក្នុងទំហំទឹកប្រាក់តិចតួច តែក្រោយត្រូវការទុនបន្ថែមមួយចំនួនទៀត ស្របពេលបរិមាណមាន់ចិញ្ចឹមមានការកើនឡើង។ ទាក់ទងមុខរបរចិញ្ចឹមមាន់ ដូចនាពេលសព្វថ្ងៃនេះ លោកបានរំឭកថា បើកសិករមិនមានដើមទុនគ្រប់គ្រាន់ទេ មិនអាចឱ្យ មុខបរមួយនេះដំណើរការទៅរលូនបានឡើយ ដោយសារខ្វះទុនសម្រាប់ទិញជាចំណី ទិញកូនមាន់យកមកចិញ្ចឹម និងទិញថ្នាំសម្រាប់ព្យាបាល មាន់នៅពេលកើតមានជំងឺ។ ដោយឡែក មុខរបរចិញ្ចឹមមាន់របស់លោកនៅពេលទទួលបានទុនពីធនាគារ ARDBបានមួយរយៈកាលកន្លមក ឃើញជីវភាពគ្រួសារមានការរីកចម្រើន មានលទ្ធភាពបង្កើនការចិញ្ចឹមមាន់ បែបទំនើប និងមានសុវត្ថិភាពខ្ពស់។ លោក យឹម គឹមសាន បានចាប់ផ្តើមមុខរបរចិញ្ចឹមមាន់តាំងពីឆ្នាំ២០១១  រហូតដល់ឆ្នាំ២០២៥ […]

image_2026-07-01_14-04-15
ក្រសួងពាណិជ្ជកម្មចុះបញ្ជីទុរេនបែកអន្លូង ខេត្តកំពង់ចាមជាម៉ាកសមូហភាព ដើម្បីលើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចចុះបញ្ជីជាផ្លូវការសម្គាល់ផលិតផលទុរេនបែកអន្លូង ជាម៉ាកសមូហភាព (Collective Mark) ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លៃបន្ថែម និងកសាងកេរ្តិ៍ឈ្មោះផលិតផលកសិកម្មខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។ ការចុះបញ្ជីម៉ាកសមូហភាពនេះ នឹងរួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងទីផ្សារ បង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងគាំទ្រដល់ជីវភាពរបស់សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លូង ក្នុងខេត្តកំពង់ចាម ជាពិសេស ជាយុទ្ធនាការមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្តរភាព បង្កើនតម្លៃបន្ថែមផលិតផលក្នុងស្រុក និងពង្រឹងវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ។ កាលពេលថ្មីកន្លងមកននេះ ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ឱ្យរួបរួមគ្នាបង្កើតជា “ស្លាកសញ្ញាសម្គាល់ផលិតផល” ឱ្យបានច្បាស់លាស់។ ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអភិបាលខេត្ត បានអញ្ជើញពិនិត្យមើល និងជួបសំណេះសំណាលប្រជាពលរដ្ឋក្នុងសហគមន៍ទុរេនបែកអន្លូង ស្ថិតនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាពេលថ្មីៗនេះ។ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសា ដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះបីជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេន ដែលនាំចូលពីក្រៅតំបន់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ […]

កាលវិភាគផ្សព្វផ្សាយ