ចិនយល់ព្រមឱ្យនាំចូលសណ្តែកសៀងពីអេត្យូពី ដើម្បីពង្រីកប្រភពផ្គត់ផ្គង់ឱ្យបានច្រើន

images

ប៉េកាំង៖ សេចក្តីថ្លែងការណ៍របស់គយចិន បានបង្ហាញថា ប្រទេសចិនបានយល់ព្រមឱ្យមានការនាំចូលសណ្តែកសៀងពីប្រទេសអេត្យូ ដើម្បីពង្រីកប្រភពនាំចូលរបស់ខ្លួនចំពេលមានសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters)​ របស់អង់គ្លេសបានដកស្រង់សេចក្តីថ្លែងការណ៍របស់គយចិន ដែលបាននិយាយថា ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥តទៅ សណ្តែកសៀងរបស់ប្រទេសអេត្យូពី ដែលបានបំពេញលក្ខខណ្ឌតាមស្តង់ដារអនាម័យរបស់ប្រទេសចិន និងគ្មានសត្វល្អិត អាចអនុញ្ញាតឱ្យនាំចូលប្រទេសចិនបាន។

អ្នកវិភាគប្រចាំក្រុមហ៊ុនទីប្រឹក្សាកសិកម្ម នៅទីក្រុងស៊ាងហៃ ប្រទេសចិន បាននិយាយថា នេះគឺជាផ្នែកនៃយុទ្ធសាស្រ្តទូលំទូលាយរបស់ចិន ដើម្បីធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើសណ្តែកសៀងនាំចូលពីប្រភពតែមួយ។ ប៉ុន្តែ បរិមាណសណ្តែកសៀងនាំចូលពីប្រទេសអេត្យូពី មិនទាន់ដឹងថាមានច្រើនប៉ុណ្ណានោះទេ។

ការយល់ព្រមឱ្យនាំចូលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនផលិតចំណីសត្វរបស់ចិន បាននាំចេញសណ្តែកសៀងដំបូងពីប្រទេសអាហ្សង់ទីន ចាប់តាំងពីបានយល់ព្រមក្នុងឆ្នាំ២០១៩ ដើម្បីកាត់បន្ថយហាន័យអាចកើតមានដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

ទោះបីជាប្រទេសចិនភាគច្រើននាំចូលសណ្តែកសៀងពីប្រទេសប្រេស៊ីល និងសហរដ្ឋអាមេរិក ដើម្បីបំពេញតម្រូវការសណ្តែកសៀងក្នុងស្រុកក៏ដោយ ការនាំចូលសណ្តែកសៀងដោយផ្ទាល់ពីក្រៅប្រទេសនៅតែមានកម្រិតនៅឡើយ។

នៅក្នុងខែមិថុនា ឆ្នាំ២០២៥នេះ ប្រទេសចិនក៏បានយល់ព្រមឱ្យនាំចូលសណ្តែកសៀងពីប្រទេសអ៊ុយរូហ្គាយ ថែមពីលើប្រទេសអាហ្សង់ទីន ប្រេស៊ីល រុស្ស៊ី និងប្រទេសបេឡារុស្ស។

កាលពីខែមេសា ឆ្នាំ២០២៥ កប៉ាល់ចិនជាច្រើនគ្រឿងដឹកសណ្តែកសៀងពីប្រទេសប្រេស៊ីល បានចូលចតជារៀងរាល់ថ្ងៃ ដោយមានផ្ទុកសណ្តែកសៀងប្រេស៊ីលប្រមាណប្រាំពីរសែនតោន ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះការដំឡើងពន្ធបដិកា ដែលបង្កើតឡើងដោយសហរដ្ឋអាម៉េរិក​។

ការពង្រីកប្រភពនាំចូលសណ្តែកសៀងនេះ បានបង្ហាញឱ្យឃើញផងដែរថា ផលិតផលកសិកម្មភាគច្រើន ដែលចិនធ្លាប់តែនាំចូលពីសហរដ្ឋអាម៉េរិក ក៏ចិនអាចរកជំនួសបានដែរ ដោយនាំចូលពីប្រទេសផ្សេងៗ នៅទូទាំងពិភពលោក។

យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបង្ហាញថា ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលកសិកម្មរបស់អាម៉េរិក រួមទាំងសណ្តែកសៀង និងសាច់ជ្រូក បាននិងកំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក មកលើប្រទេសចិន។

នៅក្នុងទិន្នន័យនេះ បង្ហាញទៀតថា ការលក់សណ្តែកសៀងអាម៉េរិក បានធ្លាក់ចុះ៥០ភាគរយ ខណៈពេលការលក់សាច់ជ្រូក បានធ្លាក់ចុះ៧២ភាគរយ។

ប្រទេសចិនបានកាត់បន្ថយការទិញសណ្តែកសៀង និងកាត់បន្ថយបរិមាណនាំចូលសាច់ជ្រូក ពីសហរដ្ឋអាម៉េរិក ឱ្យមកនៅត្រឹមកម្រិតទាបបំផុត បើប្រៀបធៀបនឹងបរិមាណនាំចូលពីប្រទេសប្រេស៊ីល។

សារព័ត៌មានអាម៉េរិក បានធ្វើសេចក្តីរាយការណ៍មួយ ដោយដកស្រង់ទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសាថា ប្រទេសចិនបានទិញសណ្តែកសៀងត្រឹមតែ១,៨០០តោនប៉ុណ្ណោះ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ពោលគឺធ្លាក់ចុះឆ្ងាយណាស់ពីចំនួន៧២,៨០០តោន ដែលខ្លួនបានទិញ ក្នុងខែមេសា។

ទិន្នន័យរបស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក ក៏បានបង្ហាញពីការកាត់បន្ថយបរិមាណនាំចូលសាច់ជ្រូកពីចំនួន១២,០០០តោន ដែលនៅត្រឹមថ្ងៃទី១៧ ខែមេសា មកត្រឹមតែ៥,៨០០តោន។

ចាប់តាំងពីខែមករា ឆ្នាំ២០២៥នេះ សហរដ្ឋអាម៉េរិកបានដំឡើងពន្ធបដិកាម្តងហើយម្តងទៀតលើទំនិញរបស់ចិន ដោយចេតនាបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មថ្មីម្តងទៀត។  ដូច្នេះជាការឆ្លើយតប ចិនបានអនុវត្តវិធានការតបតវិញយ៉ាងឆាប់រហ័ស។  ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ប្រទេសចិនបានដំឡើងពន្ធចំនួន១៥ភាគរយលើសាច់មាន់ ស្រូវសាលី ពោត និងកប្បាស ដែលមានដើមកំណើតនៅសហរដ្ឋអាម៉េរិក និងដំឡើងពន្ធ១០ភាគរយទៀត លើកសិផល មានដូចជា ស្ពៅ សណ្តែកសៀង សាច់ជ្រូក សាច់គោ គ្រឿងសមុទ្រ ផ្លែឈើ បន្លែ និងផលិតផលទឹកដោះគោជាដើម៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ