ការដាំដុះមើមយ៉េនមានភាពងាយស្រួល ផ្តល់ទិន្នផលខ្ពស់ និងមានទីផ្សារល្អសម្រាប់កសិករ​ នៅខេត្តមណ្ឌលគិរី

107A8371

មណ្ឌលគិរី៖ ការដាំដុះមើមយ៉េនមានភាពងាយស្រួល ដោយប្រើពេលត្រឹមតែបីខែអាចប្រមូលផលបាន និងមានទីផ្សារល្អសម្រាប់កសិករ​នៅក្នុងខេត្តមណ្ឌលគិរី រួមនិងការដាំបន្លែបង្ការផ្សេងទៀតអស់រយៈពេលច្រើនឆ្នាំ រហូតមានលទ្ធភាពអាចផ្គត់ផ្គង់ជិវភាពក្នុងគ្រួសារបានល្អរហូតមកដល់បច្ចុប្បន្ន។

លោក លឿង វណ្ណថុន កសិករដាំមើលយ៉េន នៅក្នុងខេត្តមណ្ឌលគិរី បានឱ្យដឹងថា អស់រយៈពេលបួនឆ្នាំកន្លងមកហើយ លោកបានរកចំណូលពីដំណាំមើមយ៉េន និងបន្លែបង្ការផ្សេងៗទៀត ដើម្បីចិញ្ចឹមគ្រួសាររហូតមកដល់បច្ចុប្បន្ន ខណៈការដាំមើមយ៉េនចំនួនប្រាំមួយរង អាចប្រមូលផលបានចំនួន៦០០គីឡូក្រោម និងលក់ប្រាបក់ចំណូលរហូតដល់បួនលានរៀន។

លោក លឿង វណ្ណថុន បានរៀបរាប់ថា ការដាំមើមយ៉េន គឺដំបូងឡើយត្រូវភ្ជួររាស់ហាលដីឱ្យបានមួយសប្ដាហ៍សិន បន្ទាប់មកយកជីអាចម៍មាន់យកមកលាយដាក់ក្នុងមួយរងចំនួន២០គីឡូក្រាម​រួចហើយឆូតរងដាក់គ្រាប់ដាំ ចន្លោះមួយតឹងកន្លះពីគ្នា និងស្រោចទឹកមួយថ្ងៃពីរដង គឺនៅពេលព្រឹក និងពេលល្ងាច។​ ម្យ៉ាងទៀត ដំណាំនេះមិនសូវមានសត្វល្អិតចង្រៃបំផ្លាញនោះទេ នៅក្នុងរដូវប្រាំង ប៉ុន្តែបើនៅក្នុងរដូវវស្សាវិញងាយស្រួលថែទាំណាស់ ដោយគ្រាន់តែថែទាំបោចស្មៅ និងស្រោចទឹក។

បើយោងតាមកសិករខាងលើនេះ​ បានឱ្យដឹងថា លក្ខណពិសេសនៃការដាំមើមយ៉េន គឺត្រូវចេះជ្រើសរើសពូជ និងយល់ដឹងពីប្រភេទជំងឺរបស់វា​ តាមរយៈការណែនាំបណ្តុះបណ្តាលដោយមន្ទីរកសិកកម្មខេត្ត អំពីរបៀបមើលថែទាំងដំណាំ មើលពីជំងឺរបស់ដំណាំ និងណែនាំពីរបៀបព្យាបាលដំណាំ។

លោក វណ្ណថុន បានបញ្ជាក់ថា “មើមយ៉េនចំនួនប្រាំមួយរងនេះ បើទីផ្សារគេកម្មង់មួយថ្ងៃ៥០គីឡូក្រោម ប្រហែលជា១០ថ្ងៃ ទើបប្រមូលផលអស់។ កុងត្រាជាមួយក្រុមហ៊ុនមួយគីឡូ លក់បាន៥០០០រៀល បើលក់រាយមួយគីឡូ ៧០០០រៀល។ ការដាំមើមយ៉េននេះ ខ្ញុំចំណាយអស់៣០ភាគរយ ហើយចំណូលមកវិញ បាន៧០ភាគរយ។ ទីផ្សារមើមយ៉េនល្អ មិនពិបាករកទីផ្សារនោះទេ”។

លោកបានអះអាងថា បច្ចុប្បន្នជីវភាពគ្រួសាររបស់លោកបានប្រសើរជាងមុន គឺដោយសារការដាំដំណាំបន្លែរបស់លោកអាចទទួលបានទិន្នផលខ្ពស់​ និងមានទីផ្សារលក់ចេញជាហូរហែ កួបផ្សំនិងការចូលជាសមាជិកសហគមន៍ផង និងទទួលបានការបណ្តុះបណ្តាលផ្នែកបច្ចេកទេសដាំដុះពីខាងមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ​ ខេត្តមណ្ឌលគិរីផងដែរ។

កសិករដាំមើមយ៉េនរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖“ពីមុនខ្ញុំមិនទាន់់ចូលជាសមាជិក ដូចជាស្ពៃបូកគោ មើមយ៉េនតែពីរ ទៅបីរង ខ្ញុំលក់អត់ចេញទេ។ វាអត់មានទីផ្សារ។ តែពេលខ្ញុំចងក្រងជាសហគមន៍ពីមុនរហូតមកដល់ឥឡូវនេះ ទីផ្សារយើងល្អ សហគមន៍មានក្រុមហ៊ុនចុះមកចុះកុងត្រាផ្ទាល់ៗ”។

ក្នុងនាមជាអ្នកស្រឡាញ់ផ្នែកកសិកម្ម លោក វណ្ណថុន មានគម្រោងពង្រីកការដាំដុះដំណាំវិលជុំប្រចាំថ្ងៃ និងប្រភេទដំណាំផ្សេងៗទៀត ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។

ទន្ទឹមគ្នានេះ លោក ឡុង នី ប្រធានសហគមន៍សាមគ្គីសែនមនោរម្យ ក៏បានលើកឡើងថា ដំណាំបន្លែនៅទីនោះមានលក្ខណពិសេសអាចផ្គត់ផ្គង់ទីផ្សារបាន គឺត្រូវមានភាពស្មោះត្រង់ចំពោះអ្នកលក់ អ្នកទិញ និងអ្នកបរិភោគ ដើម្បីធ្វើយ៉ាងណាឱ្យបន្ថែមានគុណភាពល្អ មិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ដូច្នេះត្រូវពង្រឹងផ្នែកដាំដុះគ្រប់សមាជិកក្នុងសហគមន៍ទាំងអស់ ដែលពួកគេបានចូលរួមសិក្សាវគ្គបណ្ដុះបណ្ដាល ដែលមន្ទីរកសិកម្មចុះបង្រៀនរបៀបដាំដុះបែបកសិកម្មល្អ៕​ (ដោយ​ ញឹក សំអូន)


image_2026-05-27_16-03-21
ចំនួនពលករចំណាកស្រុកកើនច្រើនបំផុត ដើម្បីបំពេញការងារក្នុងវិស័យកសិកម្ម នៅកូរ៉េខាងត្បូង

សេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា ប្រទេសកូរ៉េខាងត្បូង ប្រមូលពលករចំណាកស្រុកឱ្យបានចំនួន១០៤ ០០០នាក់ ដែលជាកំណត់ត្រាខ្ពស់បំផុត ឱ្យចូលរួមក្នុងវិស័យកសិកម្ម នៅឆមាសទីមួយ នៃឆ្នាំ២០២៦នេះ ដោយគូសបញ្ជាក់ពីការពឹងផ្អែកកាន់តែខ្លាំងឡើងលើកម្លាំងពលកម្មមកពីបរទេស។ ក្នុងនេះ មានពលករចំនួន៩៤​ ០០០នាក់ នឹងក្លាយជាអ្នកធ្វើតាមរដូវកាលកាន់ទិដ្ឋាការ E-8 ដែលមានសុពលភាពរហូតដល់ប្រាំបីខែ។ ក្រៅពីនេះ ត្រូវបានបម្រុងទុកសម្រាប់ពលករកាន់ទិដ្ឋាការ E-9 ដែលអាចស្នាក់នៅបានរយៈពេលរហូតបីឆ្នាំ ព្រមទាំងអាចស្វែងរកឱកាសនៅក្នុងវិស័យឧស្សាហកម្មផងដែរ ដូចជាផ្នែកចិញ្ចឹមសត្វជាដើម។ នៅក្នុងឆ្នាំ២០២៦នេះ គ្រាន់តែចំនួនអ្នកធ្វើការតាមរដូវកាលបានកើនឡើង៥៣ភាគរយ ពីចំនួន៦១ ២៤៨នាក់ ក្នុងឆមាសទី១ កាលពីឆ្នាំ២០២៥។ យោងតាមតួលេខរបស់ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កូរ៉េខាងត្បូង បានឱ្យដឹងថា ចំនួនពលករចំណាកស្រុកក្នុងវិស័យកសិកម្មមានចំនួន២០ ៧៣៨នាក់ ក្នុងឆ្នាំ២០២០ ប៉ុន្តែបានកើនឡើងយ៉ាងឆាប់រហ័សដល់៨៥ ២៩២នាក់ ក្នុងឆ្នាំ២០២៤ និងកើនដល់១៣០ ២៥៩នាក់ ក្នុងឆ្នាំ២០២៥ ដែលកើនឡើងជាងប្រាំមួយដង។ តាមរយៈតួលេខសម្រាប់ឆមាសទីមួយនៃឆ្នាំនេះលើសពី១០០ ០០០នាក់ហើយ ចំនួនសរុបប្រចាំឆ្នាំត្រូវបានគេរំពឹងថា នឹងឈានដល់ ១៤០ ០០០នាក់នៅឆ្នាំ២០២៦នេះ […]

image_2026-05-27_15-13-13
ឥណ្ឌាក្លាយជាអ្នកផ្គត់ផ្គង់សាច់ក្របីដ៏សំខាន់សម្រាប់ទីផ្សារវៀតណាម

ហាណូយ៖ ប្រទេសវៀតណាមបានចំណាយប្រាក់ជាង២០០លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦  សើម្បីនាំចូលសាច់ក្របីពីប្រទេសឥណ្ឌា ដែលកំពុងតែក្លាយជាអ្នកផ្គត់ផ្គង់សាច់ដ៏សំខាន់មួយ ទៅកាន់ទីផ្សារវៀតណាម។ យោងតាមទិន្នន័យពីនាយកដ្ឋានគយ វៀតណាម បានឱ្យដឹងថា ការនាំចូលសាច់ក្របី និងផលិតផលសាច់សត្វ មានបរិមាណចំនួន១៣១ ១០០តោន ដែលមានតម្លៃជាង២៩៥លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៦។ ប្រទេសឥណ្ឌា គឺជាអ្នកផ្គត់ផ្គង់ធំជាងគេ ដែលស្មើនឹងជាង២២ភាគរយនៃការនាំចូលសាច់ក្របីសរុប ឬស្មើនឹងជាង២៩ ១០០តោន ព្រមទាំងរកចំណូលបានជិត១១៦លានដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ បរិមាណនាំចូលសាច់ក្របីពីឥណ្ឌាបានកើនឡើង៣,៧ភាគរយ ខណៈតម្លៃនាំចូលបានកើនឡើង២១,៥ភាគរយ។ និន្នាការកើនឡើងនេះបានបន្តរហូតដល់ខែមីនា នៅពេលប្រទេសវៀតណាមបាននាំចូលសាច់ ក្របី និងផលិតផលសាច់ចំនួន៥១ ៦០០តោនពីប្រទេសឥណ្ឌា ដែលមានតម្លៃជាង២០៨លានដុល្លារ ស្មើនឹងជាង២៣ភាគរយនៃការនាំចូលសរុប។ ពីមួយឆ្នាំទៅមួយឆ្នាំ តួលេខនេះតំណាងឱ្យការកើនឡើងជិត២២ភាគរយនៃបរិមាណ និងជាង៤៣ភាគរយនៃតម្លៃនាំចូលសាច់សត្វ។ យោងតាមនាយកដ្ឋានផលិតកម្មបសុសត្វ វៀតណាម បានឱ្យដឹងថា សាច់ក្របីរបស់ប្រទេសឥណ្ឌា បានលេចធ្លោកាន់តែខ្លាំងឡើងនៅក្នុងប្រទេសវៀតណាម ដោយសារកត្តាសំខាន់ពីរ។ ទីមួយ តម្លៃសាច់ក្របីនៅទាប បានធ្វើឱ្យផលិតផលសាច់របស់ឥណ្ឌា អាចប្រកួតប្រជែងបានយ៉ាងខ្លាំងនៅលើទីផ្សារក្នុងប្រទេសវៀតណាម។ លើសពីនេះ ការផ្គត់ផ្គង់សាច់ក្របីនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការចិញ្ចឹមក្របីមិនសូវបានល្អ ហើយតំបន់វាលស្មៅសម្រាប់ក្របីក៏បានរួមកាន់តែតូច។ ទន្ទឹមនឹងនោះដែរ តម្រូវការផលិតផលសាច់ក្របី និងសាច់គោ នៅតែមានកម្រិតខ្ពស់។ […]

707370647_994626673369834_7835020145298139502_n
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅធំបំផុតរបស់កម្ពុជា គឺផលិតផលកៅស៊ូ ដែលដាំដុះមានតម្លៃខ្ពស់ និងមានទីផ្សារសម្រាប់តម្រូវការក្នុងស្រុក

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ ការនាំចេញកៅស៊ូរកចំណូលបានប្រមាណ៦០៤លានដុល្លារ ថយចុះ៩,១ភាគរយ ខណៈការផ្គត់ផ្គង់ក្នុងស្រុកមានចំណូលប្រមាណ២២៣លានដុល្លារ គឺកើនឡើង១៣១ភាគរយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែង​​ថា គោលដៅធំបំផុតរបស់កម្ពុជា គឺផលិតផលដែលដាំដុះបាន ឬផលិតបានឱ្យមានតម្លៃខ្ពស់ និងមានទីផ្សារសម្រាប់តម្រូវការក្នុងស្រុក និងកែច្នៃជាផលិតផលពាក់កណ្ដាលសម្រេចមុននិងនាំចេញទៅខាងក្រៅប្រទេស។ ក្រៅពីនាំចេញ ជ័រកៅស៊ូកម្ពុជាត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៧ ដែលកំពុងតែដំណើរការ រួមមាននៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ ខណៈដែលកម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន៣៤៦ ៨៤២ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន១០១ ២០៨ហិកតា ស្មើនឹង២៣ភាគរយ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការកើនឡើងនេះ ក៏បានបង្ហាញពីកៅស៊ូនៅកម្ពុជាកំពុងមានការកើនឡើង ហើយផ្ទៃដីដាំដុះក៏កំពុងមានការកើនឡើងផងដែរ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏ចាត់ទុកកំណើនការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា។ សម្តេចធិបតីបានមានប្រសាសន៍ថា វិស័យកសិកម្មក្នុងស្រុកមានការអភិវឌ្ឍ និងបានជំរុញឲ្យមានរោងចក្រកែច្នៃកៅស៊ូ បង្កើនផលប្រយោជន៍ដល់កសិករ ដែលដាំដុះផ្ទាល់ តាមរយៈការជួយទិញផលិតផលនៅតាមសហគមន៍តូចៗ ដើម្បីបង្កើតទីផ្សារនៅនឹងកន្លែង។ […]

image_2026-05-27_13-18-33
កសិករចិញ្ចឹមមាន់ប្រទេសអូទ្រីស ជំរុញឱ្យលក់ស៊ុតក្នុងស្រុក នៅតាមផ្សារទំនើប

ទីក្រុងវីយែន៖ ក្រុមកសិករវ័យក្មេងរបស់ប្រទេសអូទ្រីស នាំគ្នាបានរិះគន់បណ្តាសាខារបស់ផ្សារទំនើបអន្តរជាតិ ចំពោះការលក់ស៊ុតនាំចូលពីបរទេស ហើយមិនព្រមដាក់តាំងលក់ផលិតផលស៊ុតមាន់ក្នុងស្រុក។ អ្នកចិញ្ចឹមមាន់ម្នាក់ ដែលជាសមាជិកសមាគមកសិករវ័យក្មេងអូទ្រីស បាននិយាយថា នេះគឺជាសញ្ញាខុសទាំងស្រុងសម្រាប់កសិករចិញ្ចឹមមាន់របស់យើង។ មានស៊ុតអូទ្រីសគ្រប់គ្រាន់ហើយ ដូច្នេះស៊ុតនាំចូលពីបរទេសគួរឈប់ឱ្យដាក់តាំងលក់តាមផ្សារទំនើបរបស់យើងទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករចិញ្ចឹមមាន់យកស៊ុតនៅប្រទេសអូទ្រីស បានវិនិយោគទឹកប្រាក់យ៉ាងច្រើន ដើម្បីពង្រឹងលើគុណភាព ការគ្រប់គ្រង ការតាមដាន ព្រមទាំងសាងសង់ទ្រុងមាន់បែបទំនើបៗ។ ពួកកសិករប្រឹងធ្វើកសិកម្មចិញ្ចឹមមាន់យកស៊ុត ដោយសារតែពួកគេអាចជឿជាក់យ៉ាងច្បាស់ថា អ្នកលក់រាយគ្រឿងទេសនៅក្នុងប្រទេសអូទ្រីសនឹងលក់តែស៊ុតអូទ្រីសប៉ុណ្ណោះ។ សមាគនកសិករវ័យក្មេងអូទ្រីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “កសិកររបស់យើងបានចែកចាយស៊ុតមាន់គ្រប់គ្រាន់តាមតម្រូវការ។ ពួកគេបានវិនិយោគ  ដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត និងបង្កើតបានតាមស្តង់ដារ ដែលអាចធ្វើឱ្យប្រទេសអូទ្រីសមានមោទនភាពចំពោះលទ្ធផលនេះ។ ស្រាប់តឺហេតុអ្វីបានផ្សារលក់រាយដ៏ធំនេះ បែរជាដាក់តាំងលក់ស៊ុតមាន់បរទេស ដែលទង្វើមិនអាចទទួលយកបានសោះតែម្តង”។ សេចក្តីថ្លែងការណ៍ដដែលនេះ បានសង្កត់ធ្ងន់ថា សមាគមកសិករវ័យក្មេងត្រូវការភាពជឿជាក់ ការរៀបចំផែនការជាក់លាក់ ឆន្ទៈក្នុងការវិនិយោគ និងការរំពឹងទុកដោយយុត្តិធម៌ ព្រោះការវិនិយោគលើកសិដ្ឋានចិញ្ចមមាន់នេះ ត្រូវទទួលខុសត្រូវក្នុងរយៈពេលវែង។ កសិករវ័យក្មេងត្រូវតែអាចជឿជាក់ថា ផលិតផលស៊ុតមាន់របស់ពួកគេ នឹងមានលក់នៅតាមសាខាផ្សារក់រាយនៅក្នុងប្រទេសអូទ្រីស។ បើយោងតាមតួលេខក្រសួងកសិកម្មអូទ្រីស បានឱ្យនៅដឹងថា នៅក្នុងឆ្នាំ២០២៤ ការផលិតស៊ុតរបស់ប្រទេសអូទ្រីសមានចំនួនប្រហែល២,២ពាន់លានស៊ុតនេះ។ ជាង៥៦ភាគរយនៃមេមាន់ចិញ្ចឹមនៅក្នុងទ្រុងបានផ្តល់ស៊ុតប្រហែល៣១ភាគរយ ចំណែក១៣ភាគរយ គឺជាស៊ុតបានមកពីមេមាន់ចិញ្ចឹមតាមបែបធម្មជាតិ។ ចំណែករបាយការណ៍ស្ថិតិ បាននិយាយថា ប្រទេសអូទ្រីសអាចផ្គត់ផ្គង់ស៊ុតមានដោយខ្លួនឯងបាន៩៥ភាគរយ។ សម្រាប់ស៊ុតមាន់ប្រហែល៩០ភាគរយសុទ្ធសឹងតែចិញ្ឋឹមនៅក្នុងស្រុក។ ប្រទេសអូទ្រីសនាំចូលស៊ុតពីប្រទេសជិតខាង ដើម្បីបំពេញបន្ថែមនូវតម្រូវការក្នុងស្រុក […]

កាលវិភាគផ្សព្វផ្សាយ