ដោយ៖រស្មី
មណ្ឌលគិរី៖ តាមរយៈការត្បាញក្រមាដែលមានគុណភាពល្អ និងក្រមាមួយចំនួនទៀតដែលជាអត្តសញ្ញាណរបស់ជនជាតិភាគតិច បានជួយឱ្យស្ត្រីជនជាតិពូនង អាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ និងលើកកម្ពស់សេដ្ឋកិច្ចសហគមន៍។
ក្រៅពីជួយថែរក្សាស្នាដៃដូនតាហើយ ផលិតផលតម្បាញទាំងនេះនៅបានក្លាយជាវត្ថុអនុស្សាវរីយ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅកម្សាន្តនៅ ខេត្តមណ្ឌលគិរី។
ភូមិចំនួនពីរ គឺភូមិពូតាំង និងភូមិពូរ៉ាង ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរីបានក្លាយជាទីតាំងតម្បាញក្រមាដ៏មានសក្តានុពលមួយរបស់ជនជាតិពូនង។ ក្រម៉ាដែលមានភាពស្រស់ស្អាត ប្រកបដោយស្នាដៃយ៉ាងប្រណីត កើតចេញពីស្រ្តីនៃភូមិភាគឦសានទាំងនេះនៅពេលដែលអ្នកទេសចរបានឃើញហើយតែងតែកើតចិត្តចង់ទិញដើម្បីយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬក៏ទិញសម្រាប់ជូនដល់អ្នកដទៃគ្រាន់ជារបស់អនុវសាវរីយ៍។
អ្នកស្រី ផ្លេង ស៊ីហា រស់នៅភូមិភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា តម្បាញក្រមាទោះបីចំណូលបានតិចតួច ប៉ុន្តែវាក៏អាចបង្រៀនដល់កូនចៅឱ្យចេះក្នុងមុខជំនាញមួយនេះសម្រាប់ថែរក្សាស្នាដៃកូនខ្មែរដល់ជំនាន់ក្រោយ។
អ្នកស្រី ផ្លេង ស៊ីហា បានឱ្យដឹងដែរថាក្រមាទាំងនេះគឺតែងយកទៅដាក់តាំងលក់តាមពិធីបុណ្យ ពីព័រណ៍នានាឬមិនដូច្នេះលក់តាមតំបន់ទេសចរណ៍ដែលអាចរកចំណូលដល់ស្រ្តីក្នុងសហគន៍ជាបន្តបន្ទាប់។
លោក ខៀវ សំណាង ទីប្រឹក្សាផ្នែកលើកម្ពស់ជីវភាពគ្រួសារសហគមន៍មូលដ្ឋានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានឱ្យដឹងថាគម្រោងរេដបូកមានគោលបំណងសំខាន់គឺជួយដល់បងប្អូនកសិករដែលមានចំនួន២១ភូមិឱ្យមានមុខរបរបង្កើតចំណូល និងមានការងារធ្វើ។ ក្នុងការបង្កើតមុខរបរត្បាញក្រមានេះគឺស្ថិតនៅក្នុងគម្រោងមួយដែលជួយឱ្យស្រ្តីមានមុខរបរ និងមានការងារធ្វើ។
បើតាមរបាយការណ៍របស់ភូមិពូតាំងចំណូលដែលបានពីការលក់ក្រមាដែលមានសមាជិកក្រុមចំនួន២៧នាក់ ក្នុងឆ្នាំ២០២៥កន្លងមកបានសរុបជិត១ពាន់ដុល្លារ និងគិតចាប់ពីដើមឆ្នាំ២០២៦ដល់ពាក់កណ្តាលខែវិច្ឆិកាបានចំណូលជាង៩០០ដុល្លារ។ចំណែកភូមិពូរ៉ាង ចំណូលបានពីការលក់ក្រមាគិតចាប់ពីដើមឆ្នាំ២០២៦ មកដល់ពាក់កណ្តាលខែវិច្ឆិកានេះបានប្រមាណ១ពាន់ដុល្លារដូចគ្នានេះផងដែរ៕





