ប៉ារីស៖ ការសិក្សាថ្មីមួយ បានរកឃើញទំនាក់ទំនងរវាងសារធាតុរក្សាគុណភាពចំណីអាហារ ដែលតែងតែមាននៅក្នុងផលិតផលកែច្នៃមួយចំនួន ដូចជាថ្នាំដុសធ្មេញ ទឹកសាឡាដ ទឹកប៉េងប៉ោះ និងម៉ាស្តាដ មានជាប់ពាក់ព័ន្ធនឹងហានិភ័យកើតជំងឺមហារីក។
អ្នកវិទ្យាសាស្ត្របារាំងបានវិភាគទិន្នន័យពីអ្នកចូលរួមជាង១០ម៉ឹននាក់ ដែលមានអាយុជាមធ្យម៤២ឆ្នាំ ហើយជិត៨០ភាគរយ ជាស្ត្រី។
ក្រុមអ្នកស្រាវជ្រាវបានគណនាបរិមាណសារធាតុរក្សាគុណភាពម្ហូបអាហារផ្សេងៗ ដែលអ្នកចូលរួមបានទទួលទាន ដោយប្រើកំណត់ត្រារបបអាហារលម្អិតក្នុងរយៈពេល២៤ម៉ោង ដែលត្រូវបានប្រមូលជាបន្តបន្ទាប់អស់រយៈពេល៧ឆ្នាំកន្លះ។
បន្ទាប់មក ពួកគេបានប្រើកម្រងសំណួរស្តីពីសុខភាព និងកំណត់ត្រាវេជ្ជសាស្ត្រ ព្រមទាំងកំណត់ត្រាមរណភាពផ្លូវការ ដើម្បីតាមដានករណីជំងឺមហារីក ចាប់ពីពេលចាប់ផ្តើមការសិក្សាក្នុងឆ្នាំ២០០៩ រហូតដល់ដំណាច់ឆ្នាំ២០២៣។
នៅពេលបញ្ចប់ការតាមដាន អ្នកចូលរួមចំនួន៤ ០០០នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក ដោយជំងឺមហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ និងរន្ធគូថ គឺជាប្រភេទជំងឺកើតមានច្រើនជាងគេ។
ក្រុមអ្នកស្រាវជ្រាវបានវិភាគសារធាតុរក្សាគុណភាពម្ហូបអាហារចំនួន១៧ប្រភេទ រួមមាន៖ អាស៊ីតស៊ីទ្រិក (Citric Acid) លេស៊ីទីន (Lecithins) ស៊ុលហ្វីតតូតាល់ (Total Sulphites) អាស៊ីតអាស្ករប៊ីក (Ascorbic Acid) សូដ្យូមនីត្រាយ (Sodium Nitrite) ប៉ូតាស្យូមស័របេត (Potassium Sorbate) សូដ្យូមអេរីថ័របេត (Sodium Erythorbate) សូដ្យូមអាស្ករបេត (Sodium Ascorbate) ប៉ូតាស្យូមមេតាប៊ីស៊ុលហ្វីត (Potassium Metabisulfite) និងប៉ូតាស្យូមនីត្រាត (Potassium Nitrate)។
ទោះជាយ៉ាងណា លទ្ធផលខុសគ្នានេះត្រូវបានរកឃើញចំពោះសារធាតុប៉ូតាស្យូមស័របេត ប៉ូតាស្យូមមេតាប៊ីស៊ុលហ្វីត សូដ្យូមនីត្រាយ ប៉ូតាស្យូមនីត្រាត អាស៊ីតអាសេទិក (Acetic Acid) និងសូដ្យូមអេរីថ័របេត ដែលត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយនឹងអត្រាកើតជំងឺមហារីក។
អ្នកទទួលទានអាហាន មានសារធាតុរក្សាគុណភាពទាំងនេះក្នុងបរិមាណខ្ពស់ មានលទ្ធភាពប្រឈមនឹងហានិភ័យជំងឺមហារីកខ្ពស់ជាងអ្នកដែលមិនទទួលទាន ឬទទួលទានក្នុងបរិមាណតិច។
សារធាតុរក្សាគុណភាពនមហ្ហូបអាហារទាំងនេះភាគច្រើនមិនមែនជាសារធាតុប្រឆាំងអុកស៊ីតកម្មទេ ប៉ុន្តែត្រូវបានប្រើដើម្បីរក្សាម្ហូបអាហារឱ្យស្រស់បានយូរ តាមរយៈការទប់ស្កាត់ការលូតលាស់របស់មីក្រូសរីរាង្គ ឬការប្រែប្រួលគីមីមួយចំនួន។
ជាឧទាហរណ៍ សារធាតុប៉ូតាស្យូមស័របេត ដែលត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យជំងឺមហារីកសរុប១៤ភាគរយ និងហានិភ័យមហារីកសុដន់កើនឡើង២៦ភាគរយ តែងមាននៅក្នុងសាច់ក្រៀម ភេសជ្ជៈទឹកផ្លែប៉ោមស៊ីឌ័រ (Apple Cider) ផលិតផលនំដុត ផ្លែឈើ និងបន្លែកំប៉ុង ឈីស ការ៉េម និងអាហារជ្រក់។
ចំណែកស៊ុលហ្វីតសរុប ដែលមាននៅក្នុងសាច់កែច្នៃមួយចំនួន ភេសជ្ជៈគ្មានជាតិអាល់កុល និងយៈសាពូនមី ត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យជំងឺមហារីកសរុប១២ភាគរយ។
សូដ្យូមនីត្រាយ ត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យមហារីកក្រពេញប្រូស្តាត ៣២ភាគរយ ខណៈប៉ូតាស្យូមនីត្រាត មានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យជំងឺមហារីកសរុប ១៣ភាគរយ និងហានិភ័យមហារីកសុដន់កើនឡើង២២ភាគរយ។
អាសេតាតតូតាល់ (Total Acetates) ត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យជំងឺមហារីកសរុប ១៥ភាគរយ និងហានិភ័យមហារីកសុដន់កើនឡើង ២៥ភាគរយ។
ជាពិសេស អាស៊ីតអាសេទិក ដែលតែងមាននៅក្នុងអាហារជ្រក់ និងទឹកជ្រលក់ ត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយនឹងការកើនឡើងហានិភ័យជំងឺមហារីកសរុប ១២ភាគរយ។
ក្រុមអ្នកស្រាវជ្រាវបានអំពាវនាវឱ្យក្រុមហ៊ុនផលិតកាត់បន្ថយការប្រើប្រាស់សារធាតុរក្សាគុណភាពម្ហូបអាហារដែលមិនចាំបាច់ និងណែនាំឱ្យអ្នកប្រើប្រាស់ជ្រើសរើសអាហារដែលទើបរៀបចំថ្មីៗ និងឆ្លងកាត់ការកែច្នៃបន្តិចបន្តួច៕ (ផាន់ អាណា)





