ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ឱ្យរឹតបន្តឹងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះនៅខេត្តកាម៉ៅ ភាគខាងត្បូងប្រទេសវៀតណាម ដោយមានជ្រូកជាង១ ០០ក្បាល ត្រូវបានសម្លាប់ចោល។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អំពាវនាវដល់អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ឱ្យចាត់វិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ និងបង្កើនការត្រួតពិនិត្យឱ្យបានម៉ត់ចត់ ខណៈជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះឡើងនៅខេត្តកាម៉ៅ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម ដែលជាអតីតខេត្តទឹកខ្មៅនៃកម្ពុជាក្រោម។
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអំពាវនាវដល់អាជ្ញាធរខេត្តទាំងអស់ដែលមានព្រំដែនជាប់ប្រទេសវៀតណាម ឱ្យដាក់ចេញវិធានការទប់ស្កាត់ និងរឹតបន្តឹងការត្រួតពិនិត្យ ដើម្បីការពារផលប្រយោជន៍អ្នកចិញ្ចឹមសត្វក្នុងស្រុក ក៏ដូចជាការពារសុខភាពអ្នកប្រើប្រាស់។
ជុំវិញបញ្ហានេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មានអំពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅប្រទេសវៀតណាមនៅឡើយទេ។ ទោះជាយ៉ាងណា លោកនឹងណែនាំដល់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ រួមទាំងការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ឱ្យចាត់វិធានការចុះត្រួតពិនិត្យតាមតំបន់ព្រំដែន និងណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះចូលក្នុងប្រទេសកម្ពុជា។
យោងតាមមន្ទីរកសិកម្ម និងបរិស្ថានខេត្តកាម៉ៅ បានឱ្យដឹងថា ខេត្តកាម៉ៅ បានរកឃើញការផ្ទុះជំងឺចំនួន២៣ករណី ដែលប៉ះពាល់ដល់គ្រួសារកសិករចិញ្ចឹមជ្រូកចំនួន ១៣៨គ្រួសារ នៅក្នុងឃុំចំនួន ១៨។ ជ្រូកសរុបចំនួន ១ ៦៦៧ក្បាល ត្រូវបានសម្លាប់ចោល។
គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ទីតាំងចំនួន៩កន្លែងផ្សេងទៀត ដែលសង្ស័យមានការផ្ទុះជំងឺ កំពុងស្ថិតក្នុងដំណាក់កាលតាមដានរយៈពេល២១ថ្ងៃ៕







