ម៉ានីល៖ គិតត្រឹមខែតុលា ឆ្នាំ២០២៦ ហ្វីលីពីន នាំចេញផ្លែចេកស្រស់ៗចំនួន៥ពូជផ្សេងៗគ្នា ដោយរកលុយបានជាង១៦២លានដុល្លារ បង្កើនប្រាក់ចំណូលដល់កសិករក្នុងស្រុក។
ការនាំចេញផ្លែចេកប្រចាំឆ្នាំរបស់ប្រទេសហ្វីលីពីន បានកើនទឹកប្រាក់ដល់ជិត១៦២លានដុល្លារ គិតខែកញ្ញា ឆ្នាំ២០២៦ បើធៀបនឹងទឹកប្រាក់១១៣លានដុល្លារ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមអាជ្ញាធរស្ថិតិហ្វីលីពីន។
បរិមាណនាំចេញបានកើនឡើងដល់ជិត២៨ម៉ឺនតោន ពីចំនួនជាង២១ម៉ឺនតោន ក្នុងខែកញ្ញា ឆ្នាំ២០២៥។ កំណើនតម្លៃនាំចេញខ្ពស់ជាងកំណើនបរិមាណនាំចេញ បង្ហាញថា តម្លៃផ្លែចេកនាំចេញជាមធ្យមក្នុងមួយតោនបានឡើងថ្លៃ។
ប្រទេសជប៉ុន នៅតែជាទីផ្សារនាំចេញធំបំផុត ដោយមានទឹកប្រាក់ជាង១១៥លានដុល្លារ។
ប្រទេសចិនឈរនៅលំដាប់ទី២ ដោយមានទឹកប្រាក់ជាង២៣លានដុល្លារ ខណៈប្រទេសកូរ៉េខាងត្បូងមានទឹកប្រាក់ជាង១៤លានដុល្លារ។
ចំណែកទីផ្សារនាំចេញផ្សេងទៀត រួមមាន ប្រទេសនូវែលសេឡង់ ដែលមានទឹកប្រាក់ជាង៣លានដុល្លារ និងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានទឹកប្រាក់ជិត៣លានដុល្លារ។
ចំណែកទឹកប្រាក់ជាង២លានដុល្លារ បានមកពីការនាំចេញផ្លែចេកទៅកាន់ ហុងកុង សិង្ហបុរី ម៉ាឡេស៊ី អារ៉ាប៊ីសាអូឌីត ម៉ុងហ្គោលី កោះម៉ារីយ៉ាណាខាងជើង ប៊្រុយណេ ចក្រភពអង់គ្លេស គុយវ៉ែត ស៊ុយអែត និងប្រទេសស្វីស។
ទិន្នន័យរបស់អាជ្ញាធរស្ថិតិហ្វីលីពីន គឺគ្របដណ្ដប់លើការនាំចេញផ្លែចេកស្រស់ៗចំនួន៥ពូជផ្សេងៗគ្នា៕ (ផាន់ អាណា)







