គូឡាឡាំពួរ៖ កសិដ្ឋានចិញ្ចឹមមាន់នៅក្នុងរដ្ឋចូហ័រ (Johor) ភាគខាងត្បូងម៉ាឡេស៊ី និងមានព្រំដែនជាប់សិង្ហបុរី ដែលត្រូវបានបង្កើតឡើងមុនគេ តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មុនពេលបង្កើតជាតំបន់លំនៅឋាន និងតំបន់ឧស្សាហកម្ម នៅក្បែរកសិដ្ឋាននេះក្នុងឆ្នាំ២០២១។
ទោះបីជាគ្មានការសង្ស័យថា តើនរណាមកមុនរវាងមេមាន់ និងស៊ុតក៏ដោយ ក៏ម្ចាស់កសិដ្ឋាននេះ មានគម្រោងផ្លាស់ប្តូរទីតាំងកសិដ្ឋានរបស់ខ្លួន បន្ទាប់ពីអ្នករស់នៅក្បែរនោះបានប្តឹងជាបន្តបន្ទាប់អំពីបញ្ហាសត្វរុយ និងក្លិនស្អុយអាចម៍មាន់ខ្លាំងពេក។
ម្ចាស់កសិដ្ឋាន បាននិយាយថា អាជ្ញាធរមូលដ្ឋានចង់ឱ្យលោករើចេញ។ ដូច្នេះ លោកត្រូវចំណាយប្រាក់ផ្ទាល់ខ្លួន ដើម្បីផ្លាស់ប្តូរទីតាំងកសិដ្ឋាន ដែលត្រូវចំណាយអស់ជាង៧លានដុល្លារ។
កសិដ្ឋានចិញ្ចឹមមាន់ និងផលិតស៊ុតជាច្រើននៅតាមតំបន់ផ្សេងៗក្នុងប្រទេសម៉ាឡេស៊ី កំពុងជួបប្រទះការត្អូញត្អែរកាន់តែច្រើនឡើងអំពីសត្វរុយ កាកសំណល់ និងក្លិនស្អុយ ចំពេលទីក្រុងកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យមានការសាងសង់តំបន់លំនៅឋានថ្មីៗកាន់តែខិតជិតតំបន់កសិកម្ម។
ការត្អូញត្អែរទាំងនេះបានជំរុញឱ្យមានការដាក់ចេញនូចបទប្បញ្ញត្តិកាន់តែតឹងរ៉ឹង ឬការពង្រឹងការអនុវត្តច្បាប់ ដែលធ្វើឱ្យប្រតិបត្តិការរបស់កសិដ្ឋានទាំងនេះកាន់តែមានការលំបាក។
យោងតាមនាយកដ្ឋានសេវាពេទ្យសត្វ ម៉ាឡេស៊ី មានទ្រុងចិញ្ចឹមបសុបក្សីចំនួនប្រមាណ៨ភាគរយប៉ុណ្ណោះ ក្នុងចំណោមទ្រុងចិញ្ចឹមសរុបជាង១៦ម៉ឺនទ្រុងនៅម៉ាឡេស៊ី ដែលបានអនុវត្តប្រព័ន្ធទ្រុងបិទជិតល្អ។
ប្រព័ន្ធនេះបែបមិនទាន់បង្ខំឱ្យអនុវត្តនៅតាមកសិដ្ឋានចិញ្ចឹមបសុបក្សីនៅថ្នាក់សហព័ន្ធនៅឡើយទេ ប៉ុន្តែរដ្ឋមួយចំនួនបានកំណត់ឱ្យការប្រើប្រាស់ប្រព័ន្ធបែបនេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧តទៅ។
ភាគច្រើនកសិដ្ឋាននៅក្នុងរដ្ឋចូហ័រផ្គត់ផ្គង់សាច់មាន់ និងស៊ុតមាន់ ជារៀងរាល់ថ្ងៃទៅទីផ្សារប្រទេសសិង្ហបុរី ដែលមានព្រុំប្រទល់ជាប់គ្នា។
កសិករចិញ្ចឹមមាន់ នៅក្នុងរដ្ឋនេះព្រួយបារម្ភថា ការពង្រីកទីក្រុងយ៉ាងឆាប់រហ័សនឹងគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី ដោយសារអ្នកចិញ្ចឹមមាន់ខ្នាតតូច និងមធ្យមកាន់តែច្រើន ត្រូវចំណាយខ្ពស់លើការអនុលោមតាមបទប្បញ្ញត្តិ និងការផ្លាស់ប្តូរទីតាំងកសិដ្ឋាន។
បញ្ហានេះក៏អាចជះឥទ្ធិពលដល់អ្នកប្រើប្រាស់សាច់មាន់ និងស៊ុតមាន់ នៅក្នុងប្រទេសសិង្ហបុរីផងដែរ ដោយសារម៉ាឡេស៊ីជាប្រទេសមួយ ក្នុងចំណោមប្រទេសបី ដែលផ្គត់ផ្គង់បសុបក្សី និងស៊ុតដល់សិង្ហបុរី។
យោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី ក្នុងឆ្នាំ២០២៥ ប្រទេសសិង្ហបុរីបានទិញបសុបក្សីរស់ចំនួនជិត៩៨ភាគរយ និងស៊ុតចំនួន៨០ភាគរយ នៃការនាំចេញសរុបរបស់ម៉ាឡេស៊ី។
បរិមាណនាំចេញនេះរួមមាន ស៊ុតចំនួនជា១ ០០០លានគ្រាប់ ដែលមានតម្លៃជាទឹកប្រាក់ជាង១០២លានដុល្លារ។ ចំណែក ការនាំចេញបសុបក្សីរស់វិញ មានចំនួនជាង៣៦លានក្បាល ដែលមានតម្លៃជាង១៦៥ លានដុល្លារ៕ (ផាន់ អាណា)






