អូកាយ៉ាម៉ា៖ បុរសគ្មានការងារធ្វើម្នាក់ អាយុ៤២ឆ្នាំ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោមការសង្ស័យថា បានលួចផ្លែទំពាំងបាយជូរជិត១ ០០០ចង្កោម ពីកសិដ្ឋានផ្ទះកញ្ចក់ជាច្រើនកន្លែងក្នុងខេត្តអូកាយ៉ាម៉ា ភាគខាងត្បូងប្រទេសជប៉ុន។
យោងតាមសារព័ត៌មានក្នុងស្រុករបស់ជប៉ុន ដែលបានចេញផ្សាយព្រោងព្រាតអំពីករណីចោរកម្មនេះ បានឱ្យដឹងថា ផ្លែទំពាំងបាយជួរលួចបានទាំងនេះមានចំនួនពិតប្រាកដ៩៩៥ចង្កោម មានតម្លៃសរុបប្រមាណ៦ ៥០០ដុល្លារ។
បុរសរូបនេះត្រូវតុលាការចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ ចំនួនពីរករណីស្រដៀងគ្នា ហើយបច្ចុប្បន្នបានចេញពីគុកវិញ ក្រោមលក្ខខណ្ឌបង់ប្រាក់ធានានៅក្រៅឃុំបណ្ដោះអាសន្ន ដែលនគរបាលជប៉ុនកំពុងតាមឃ្លាមើល ព្រោះខ្លាចបុរសនេះលួចអ្វីផ្សេងទៀត។
នគរបាលជប៉ុន ក្នុងខេត្តអូកាយ៉ាម៉ា បានឱ្យដឹងថា បុរសរូបនេះរងការចោទប្រកាន់ថ្មីមួយទៀត ពីបទល្មើសដដែល គឺពាក់ព័ន្ធនឹងការលួចផ្លែទំពាំងបាយជូរ ប្រមាណ៦៥០ចង្កោម ដែលមានតម្លៃសរុប៨ ៧០០ដុល្លារ ពីក្នុងកសិដ្ខានផ្សេងទៀត ស្ថិតនៅក្នុងខេត្តអូកាយ៉ាម៉ា ក្នុងអំឡុងខែកក្កដា និងខែសីហា។
លើសពីនេះ ការស៊ើបអង្កេតរបស់អធិការដ្ឋាននគរបាលជប៉ុន បានរកឃើញករណីលួចស្រដៀងគ្នាចំនួនប្រាំករណីបន្ថែមទៀត ដែលបានកើតឡើងនៅចន្លោះខែកញ្ញា ឆ្នាំ២០២៥ ដល់ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងខេត្តដដែលនេះ។
នគរបាលបានបញ្ជាក់ថា បុរសរូបនេះបានសារភាពចំពោះការចោទប្រកាន់ទាំងនេះ ដោយបាននិយាយថា ខ្លួនបានលក់ផ្លែទំពាំងបាយជូរទាំងអស់នោះ តាមអនឡាញ ដើម្បីយកប្រាក់មកចំណាយលើជីវភាពប្រចាំថ្ងៃ៕ (ផាន់ អាណា)







