កង់បេរ៉ា៖ ប្រភេទផ្លែចេកអេកូហ្គានិក (Ecoganic) ឬហៅថា ផ្លែចេកអេកូឡូស៊ីធម្មជាតិ របស់ប្រទេសអូស្ត្រាលី កំពុងនាំចេញទៅកាន់ទីផ្សារក្នុងប្រទេសជប៉ុនជាប្រចាំ ក្នុងទម្ងន់១ ២០០គីឡូក្រាម រៀងរាល់ពីរសប្តាហ៍ម្តង។
អ្នកប្រើប្រាស់ជនជាតិជប៉ុនកំពុងចាប់អារម្មណ៍ និងយល់ពីដំណើររឿងនៅពីក្រោយប្រព័ន្ធកសិកម្មនេះ ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅតំបន់មួយ ក្នុងប្រទេសអូស្ត្រាលី។
អ្នកនាំចូលជនជាតិជប៉ុន បានឱ្យដឹងថា ការឆ្លើយតបពីទីផ្សារមានភាពល្អប្រសើរខ្លាំង ហើយពួកគេសង្ឃឹមថាក្នុងរយៈពេលបីឆ្នាំខាងមុខ នឹងអាចបង្កើនបរិមាណនាំចូលឱ្យលើសពីពីរដងក្នុងមួយសប្ដាហ៍។
ផ្លែចេកអេកូហ្គានិក ដែលអាចសម្គាល់បានតាមរយៈចុងផ្លែមានជ្រលក់ក្រមួនពណ៌ក្រហម កំពុងនាំចេញជាប្រចាំទៅប្រទេសជប៉ុន បន្ទាប់ពីបានឆ្លងកាត់ការសាកល្បង និងការសិក្សាទីផ្សារអស់រយៈពេលជាច្រើនខែ។
ប្រព័ន្ធអេកូហ្គានិក ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយកសិករអូស្ដ្រាលី ប្រមាណ២០ឆ្នាំមុន។ វាជាប្រព័ន្ធកសិកម្ម ដែលទទួលស្គាល់ជាផ្លូវការ ដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម ដើម្បីផលិតផ្លែឈើ។
កសិករដាំចេកបាននិយាយថា ដំណើររឿងនៅពីក្រោយការផលិតផ្លែចេកនេះ បានធ្វើឱ្យអ្នកប្រើប្រាស់ជនជាតិជប៉ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
លោកបានមានប្រសាសន៍ថា «វប្បធម៌ជប៉ុន គឺជាវប្បធម៌ដែលប្រជាជនចូលចិត្តម្ហូបអាហាររបស់ខ្លួនឯង ហើយពួកគេចង់ដឹងថា អាហារត្រូវបានរៀបចំបង្ហាញយ៉ាងដូចម្តេច មានអត្ថន័យអ្វីខ្លះ និងត្រូវបានដាំដុះយ៉ាងដូចម្តេច។ ខ្ញុំគិតថា នេះជាចំណុចសំខាន់មួយ ដែលបានជួយឱ្យផលិតផលរបស់យើងអាចចូលទៅកាន់ទីផ្សារជប៉ុនបាន»។
លោកបានបន្ថែមថា កត្តានេះក៏បានជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលផ្លែចេកអេកូឡូស៊ីធម្មជាតិផងដែរ ដែលកំពុងប្រឈមនឹងការប្រកួតប្រជែងពីប្រទេសផ្សេងៗនៅអាស៊ី។
ចំណែកពាណិជ្ជករជប៉ុន បានបានមានប្រសាសន៍ថា ប្រជាជនជប៉ុនយកចិត្តទុកដាក់លើដំណើររឿងនៃការដាំដុះ រសជាតិ និងគុណភាព ច្រើនជាងការគិតតែពីតម្លៃ។ អ្នកប្រើប្រាស់ជនជាតិជប៉ុនមានចំណាប់អារម្មណ៍ខ្លាំងចំពោះវិធីសាស្ត្រដាំដុះពិសេសៗ ហើយមានការរំពឹងទុកខ្ពស់ចំពោះរសជាតិ និងគុណភាពផលិតផល។
លោកបានបន្តទៀតថា ការនាំចូលផ្លែចេកក្នុងបរិមាណ១ ២០០គីឡូក្រាម រៀងរាល់ពីរសប្តាហ៍ម្តង បានចាប់ផ្តើមនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ហើយលោកសង្ឃឹមថា នឹងអាចបង្កើនបរិមាណនេះដល់៣ ០០០ គីឡូក្រាមក្នុងរយៈពេលបីឆ្នាំខាងមុខ៕ (ផាន់ អាណា)







