ញូវដែលី៖ រដ្ឋបាលចំណីអាហារ និងគ្រប់គ្រងឱសថរបស់ឥណ្ឌា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការត្រួតពិនិត្យ និងឆ្មក់ចូលទីតាំងផលិតចំណីអាហារមួយកន្លែងទៀត នៅក្នុងរដ្ឋមហារាស្ត្រ ហើយបានព្យួរអាជ្ញាបណ្ណអាជីវកម្ម បន្ទាប់ពីរកឃើញថា ផលិតផលចំណីអាហារមិនអនុលោមតាមលក្ខខណ្ឌអនាម័យ។
ប្រតិបត្តិការបង្ក្រាបនេះ គឺជាផ្នែកមួយនៃយុទ្ធនាការពិសេស ក្នុងឱកាសបុណ្យប្រពៃណីសាសនារបស់ប្រជាជនឥណ្ឌា។
រដ្ឋបាលចំណីអាហារ និងគ្រប់គ្រងឱសថ នៅក្នុងរដ្ឋទាំង២៩របស់ឥណ្ឌា ជាពិសេសរដ្ឋធំៗ ដូចជារដ្ឋមហារាស្ត្រ រដ្ឋអន្តរប្រទេស រដ្ឋឧត្ដរប្រទេស រដ្ឋមទ្ទយប្រទេស និងរដ្ឋគុជរដ្ឋ បានអំពាវនាវដល់ប្រជាពលរដ្ឋឥណ្ឌាឱ្យដាក់ពាក្យបណ្តឹងតាមរយៈប្រព័ន្ធអនឡាញ ប្រសិនបើសង្ស័យថា ផលិតផលចំណីអាហារណាមួយមិនមានអនាម័យ និងគ្មានសុវត្ថិភាព។
ក្រុមអាជីវករ និងម្ចាស់ទីតាំងផលិត ឬលក់ចំណីអាហារ ត្រូវទទួលរងការព្រមាន និងឱ្យគោរពតាមច្បាប់របស់ឥណ្ឌា ស្តីពីសុវត្ថិភាព និងស្តង់ដារចំណីអាហារយ៉ាងតឹងរ៉ឹង ព្រមទាំងប្រកបអាជីវកម្មដោយមានអាជ្ញាបណ្ណត្រឹមត្រូវ និងមានសុពលភាពច្បាស់លាស់។
អាជ្ញាធរឥណ្ឌា បានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការត្រួតពិនិត្យជាប្រចាំ ដើម្បីធានាសុវត្ថិភាពចំណីអាហារសម្រាប់អ្នកប្រើប្រាស់។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានរំឭកដល់ប្រតិបត្តិករអាជីវកម្មចំណីអាហារថា ការគោរពតាមស្តង់ដារគុណភាព សុវត្ថិភាព និងអនាម័យ គឺជាកាតព្វកិច្ចមិនអាចខ្វះបាន។
ប្រទេសឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការបង្ក្រាបការរំលោភបំពានលើសុវត្ថិភាពចំណីអាហារនៅទូទាំងប្រទេស ក្នុងទ្រង់ទ្រាយមិនធ្លាប់មានពីមុនមក។
ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ពេលនេះ អាជ្ញាធរសុវត្ថិភាព និងស្តង់ដារចំណីអាហារឥណ្ឌា និងរដ្ឋបាលចំណីអាហាររដ្ឋ បានឆែកឆេររោងចក្រផលិតចំណីអាហារក្នុងស្រុក ឃ្លាំងស្តុកទំនិញ ភោជនីយដ្ឋាន និងរោងចក្រផលិតសម្រាប់នាំចេញ ដោយរឹបអូសផលិតផលកែច្នៃ ឬលាយបន្លំ និងបានព្យួរ ឬលុបចោលរាប់ម៉ឺនអាជ្ញាបណ្ណ។
ការត្រួតពិនិត្យនេះផ្តោតសំខាន់លើក្រុមហ៊ុនផលិតចំណីអាហារមានម៉ាកល្បីៗ រោងចក្រផលិតនាំចេញ បណ្តាញភោជនីយដ្ឋាន និងអ្នកផលិតខ្នាតតូចសម្រាប់ចែកចាយក្នុងស្រុក។
យុទ្ធនាការនេះមានគោលបំណងដោះស្រាយបញ្ហា ដែលមានជាយូរមកហើយ រួមមាន ការលាយបន្លំចំណីអាហារ ការដាក់ស្លាកសញ្ញាមិនត្រឹមត្រូវ ការធ្វេសប្រហែសលើអនាម័យ និងការបិទស្លាកសញ្ញាបំភាន់ដល់អ្នកប្រើប្រាស់។
ប្រតិបត្តិការឆែកឆេរមួយរបស់រដ្ឋបាលចំណីអាហាររដ្ឋមហារាស្ត្រ បានរកឃើញការបន្លំកាលបរិច្ឆេទផុតកំណត់ និងស្លាកប្រាប់ព័ត៌មានតម្លៃជីវជាតិ នៅលើផលិតផលសម្រាប់នាំចេញ ដោយក្រុមហ៊ុន ប៉ឹបស៊ី (Pepsi) និងកូកាកូឡា (Coca Cola) របស់អាម៉េរិក ណេស្លេ (Nestlé) របស់ស្វីស និងផលិតផលរបស់ក្រុមយូនីលឹវើ (Unilever) របស់អង់គ្លេស។
ប្រតិបត្តិការបង្ក្រាបនេះ ក៏បានឆែកឆេរបណ្តាញភោជនីយដ្ឋានធំៗ និងល្បីៗរបស់សហរដ្ឋអាម៉េរិក ដូចជាសាខាភោជនីយដ្ឋានរបស់ក្រុមហ៊ុន ដូមីណូ (Domino’s) ភីស្សា ហ៊ុត (Pizza Hut) និងក្រុមហ៊ុន ម៉ាក ដូណាល់ (McDonald’s) ព្រមទាំងក្លឹបកម្សាន្តលំដាប់ខ្ពស់នានា នៅទីក្រុងមុមបៃ ប្រទេសឥណ្ឌា៕ (ផាន់ អាណា)







