ប៉េកាំង៖ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ ចិនបានទិញកសិផលអាម៉េរិក ក្នុងទំហំទឹកប្រាក់ត្រឹមតែ៧,២ពាន់លានដុល្លារប៉ុណ្ណោះ។ បើទោះបីជាចិនបានសន្យាថា នឹងទិញកសិផលអាម៉េរិកក្នុងទំហំទឹកប្រាក់១៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំក៏ដោយ។
កាលពីខែឧសភា ឆ្នាំ២០២៦ សេតវិមានបានប្រកាសថា ទីក្រុងប៉េកាំងបានយល់ព្រមទិញកសិផលរបស់សហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់១៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៦តទៅ។
ការវិភាគបានបង្ហាញថា ចិនបានទិញកសិផលអាម៉េរិកផ្សេងទៀត ចាប់ពីសាច់រហូតដល់ពោត ក្នុងទំហំទឹកប្រាក់ត្រឹមតែ៧,២ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងអំឡុងខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦។
គេនៅមិនទាន់អាចបញ្ជាក់បានថា ទីក្រុងប៉េកាំងបានរំលោភលើការប្តេជ្ញាចិត្តរបស់ខ្លួន ឬអត់នោះទេ ព្រោះសេតវិមានមិនទាន់បានបញ្ជាក់ថា ការរាប់រយៈពេលសម្រាប់គោលដៅទិញនេះ បានចាប់ផ្តើមក្រោយការប្រកាសកាលពីខែឧសភា ឬត្រូវចាប់ផ្តើមនៅពេលកាត់បន្ថយពន្ធគយ ដែលចិនបានស្នើឡើងជាផ្លូវការ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការកាត់បន្ថយពន្ធគយនោះនៅមិនទាន់បានអនុវត្តនៅឡើយទេ។
ទោះជាយ៉ាងណា ការទិញកសិផលយឺតយ៉ាវនេះ ក៏ធ្វើឱ្យកសិករអាម៉េរិក មានការខកចិត្តផងដែរ ខណៈពួកគេកំពុងប្រឈមនឹងតម្លៃប្រេងឥន្ធនៈឡើងខ្ពស់កប់ពពក។ ចំណែកតម្រូវការខ្សោយ និងបញ្ហាប្រកួតប្រជែងលើពិភពលោក ធ្វើឱ្យការនាំចេញរបស់អាម៉េរិកប្រឈមនឹងឧបសគ្គ។
អ្នកវិភាគបានលើកឡើងថា ទោះបីការបញ្ជាទិញកើនឡើងក៏ដោយ ក៏តម្រូវការរបស់ចិននៅខ្សោយ និងការប្រកួតប្រជែងខ្លាំង ធ្វើឱ្យការទិញកសិផលអាម៉េរិកមានការលំបាក ដូច្នេះលុះត្រាតែរដ្ឋាភិបាលទីក្រុងប៉េកាំងបញ្ជាឱ្យសហគ្រាសរដ្ឋរបស់ចិនចួលរួមអនុវត្ត។
នៅឆ្នាំ២០២១ ចិនបាននាំចូលពោតក្នុងទំហំទឹកប្រាក់៥,៦ពាន់លានដុល្លារ ស្មើនឹងបរិមាណជិត២០លានតោន។ ប៉ុន្តែឥឡូវនេះ ចិននឹងនាំចូលពោតពីសហរដ្ឋអាម៉េរិកប្រមាណ៩០ម៉ឺនតោនប៉ុណ្ណោះ ក្នុងឆ្នាំទីផ្សារ២០២៦-២០២៧។
ការនាំចេញស្រូវសាលីរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសចិន បានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២១ ដោយមានបរិមាណ៦,៥លានតោន ដែលមានតម្លៃ២,១ពាន់លានដុល្លារ។ បច្ចុប្បន្ន ផលិតផលនេះកំពុងប្រឈមនឹងការប្រកួតប្រជែងពីប្រទេសប្រេស៊ីល ដែលទទួលបានសិទ្ធិនាំចូលទៅកាន់ទីផ្សារចិន កាលពីខែកញ្ញា ឆ្នាំ២០២៥។
ចំណែក ចិននាំចូលសាច់ពីសហរដ្ឋអាម៉េរិក ដែលធ្លាប់មានតម្លៃរាប់ពាន់លានដុល្លារ ក៏កំពុងប្រឈមនឹងឧបសគ្គស្រដៀងគ្នានេះដែរ៕ (ផាន់ អាណា)







