ព្រុចសែល៖ ហាងលក់គ្រឿងទេសនៅទ្វីបអឺរ៉ុប រាប់ចាប់ពីប្រទេសស៊ុយអែត រហូតដល់ព័រទុយហ្គាល់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើប្រព័ន្ធគ្របើគ្រងទូបង្កក ធ្វើឱ្យសាច់ស្អុយ ចំណែកបន្លែរលួសស្ទើរគ្មានសល់។
ផ្សារទំនើបនៅក្នុងប្រទេសបែលហ្ស៊ិក អេស្តូនី ហ្វាំងឡង់ អៀរឡង់ លុចសំបួ និងហូឡង់ គឺក្នុងចំណោមប្រទេសយ៉ាងតិច៨ ដែលរងផលប៉ះពាល់ច្រើនជាងគេ។ ការវាយប្រហារនេះបានកើតឡើងបីសប្តាហ៍បន្ទាប់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមួយ បានបង្កការរំខានយ៉ាងច្រើនដល់ហាងលក់គ្រឿងទេសនៅប្រទេសបារាំង។
ហេតុការណ៍នេះបានធ្វើឱ្យសីតុណ្ហភាពនៅក្នុងប្រព័ន្ធទូរបង្កកកើនឡើងដល់៥០អង្សាសេ បង្ខំឱ្យក្រុមហ៊ុនលក់រាយបោះចោលទំនិញខូចគុណភាព ដូចជាសាច់ និងបន្លៃផ្លែឈើ។
សហភាពអឺរ៉ុបបានថ្កោលទោសសកម្មភាពទាំងនេះ ដោយចាត់ទុកថា ជាការប៉ុនប៉ងដោយចេតនាដើម្បីរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងអាហារ ខណៈប្រទេសបែលហ្ស៊ិកបានបើកការស៊ើបអង្កេត។ អ្នកជំនាញបានកត់សម្គាល់ថា ហាងរងផលប៉ះពាល់ ជាពិសេសហាងដែលប្រើប្រព័ន្ធទូបង្កកតភ្ជាប់បណ្តាញ 4G ជំនាន់ចាស់ ងាយរងគ្រោះជាងគេចំពោះការជ្រៀតចូលពីបណ្តាញខាងក្រៅ។
ក្រុមហ៊ុនលក់រាយចំណីអាហារ ត្រូវបង្ខំចិត្តបោះចោលផលិតផល ដែលបានខូចគុណភាព ឬប្រុងខូចគុណភាព បន្ទាប់ពីសីតុណ្ហភាពក្នុងទូរបង្កកបានកើនឡើងខ្ពស់ខុសប្រក្រតីពេញមួយយប់។
រហូតមកដល់ពេលនោះ មិនទាន់មានជនណាម្នាក់ ឬក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។ ក៏ដូចជាការវាយប្រហារកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ លើក្រុមហ៊ុនលក់រាយធំៗនៅប្រទេសបារាំង ដែលបានបង្ខំឱ្យហាងរាប់រយកន្លែងបោះចោលចំណីអាហារផងដែរ។
ស្នងការទទួលបន្ទុកផ្នែកចំណីអាហារ និងកសិកម្មរបស់សហភាពអឺរ៉ុប បានមានប្រសាសន៍ថា សហភាពអឺរ៉ុបកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះហេតុការណ៍ទាំងនេះ ដោយចាត់ទុកការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតម្តងហើយម្តងទៀតថា ជាបញ្ហាគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។
នៅប្រទេសបែលហ្ស៊ិក ដែលហាងរាប់សិបកន្លែងនៅតាមបណ្តាខ្សែច្រវាក់លក់គ្រឿងទេសជាច្រើនបានរាយការណ៍អំពីការរំខានដល់ប្រតិបត្តិការ។ ទូបង្កករងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត បានបណ្តាលឱ្យសីតុណ្ហភាពក្នុងទូក្លាសេកើនឡើងភ្លាមៗ រហូត៥០អង្សារ នៅពេលព្រឹកព្រលឹមថ្ងៃទី២ ខែវិច្ឆិកានេះ។
ទោះបីជាមិនបានប្រកាសដោយផ្ទាល់ថា ជាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតក៏ដោយ ក៏ខ្សែសង្វាក់លក់រាយ បានជួបប្រទះបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធទូបង្កក នៅតាមហាងរាប់សិបកន្លែងទូទាំងប្រទេសបែលហ្ស៊ិក។ នៅប្រទេសអៀរឡង់ មានហាងចំនួន១៣ បានរងផលប៉ះពាល់ពីឧបទ្ទវហេតុសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត៕ (ផាន់ អាណា)







