ហាណូយ៖ នៅចុងខែតុលា ឆ្នាំ២០២៦ អង្ករបាក់៥ភាគរយរបស់វៀតណាម បានឡើងថ្លៃពី៤៥០ ដល់៤៨០ដុល្លារក្នុងមួយតោន និងធ្វើឱ្យតម្លៃអង្ករក្នុងស្រុកឡើងជិតស្មើអង្កររបស់ប្រទេសជិតខាង។
ការកើនឡើង៣០ដុល្លារក្នុងមួយតោន ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍នេះ គឺជាការប្រែប្រួលដ៏គួរឱ្យកត់សម្គាល់បំផុតមួយនៅក្នុងទីផ្សារនាំចេញអង្ករវៀតណាម ចាប់តាំងពីដើមឆ្នាំមក។
នៅដើមខែតុលា អង្ករធម្មតាមរបស់វៀតណាមបាក់៥ភាគរយ មានតម្លៃពី៤២០ ទៅ៤២២ ដុល្លារក្នុងមួយតោន ខណៈអង្ករបាក់២៥ភាគរយ មានតម្លៃពី៤០១ ទៅ៤០៥ដុល្លារ។ ចំណែកអង្ករក្រអូបបាក់៥ភាគរយ មានតម្លៃប្រហែល៤៧០ដុល្លារក្នុងមួយតោន ហើយអង្ករផ្កាម្លិះមានតម្លៃចន្លោះពី៥១៣ ទៅ៥១៧ដុល្លារក្នុងមួយតោន។
អស់រយៈពេលជាច្រើនខែមកហើយ តម្លៃអង្កររបស់វៀតណាមបានរងសម្ពាធធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារការផ្គត់ផ្គង់អង្ករលើទីផ្សារពិភពលោកមានច្រើន ធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំងក្នុងចំណោមប្រទេសនាំចេញអង្ករធំៗ។
អ្នកនាំចេញ និងអ្នកនាំចូលអង្ករបានឱ្យដឹងថា ការផ្គត់ផ្គង់អង្ករក្នុងស្រុកកាន់តែតឹងតែង គឺជាកត្តាសំខាន់ដែលជំរុញឱ្យតម្លៃកើនឡើងយ៉ាងខ្លាំងនាពេលថ្មីៗនេះ។
នៅលើទីផ្សារពិភពលោក ការព្រួយបារម្ភអំពីផលប៉ះពាល់បង្កឡើងពីបាតុភូតអែលនីញ៉ូ (El Niño) ទៅលើផលិតកម្មស្រូវ ចាប់ពីឆ្នាំ២០២៧ តទៅ ក៏បានជំរុញឱ្យប្រទេសនាំចូលអង្ករយកចិត្តទុកដាក់កាន់តែខ្លាំងលើការធានាការផ្គត់ផ្គង់អង្ករផងដែរ។
ទោះបីជាតម្លៃនាំចេញអង្ករបង្ហាញសញ្ញាងើបឡើងវិញក៏ដោយ ការនាំចេញអង្កររបស់វៀតណាមនៅតែរងសម្ពាធក្នុងអំឡុង។
ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ វៀតណាមបាននាំចេញអង្ករចំនួន៦,៨៣លានតោន ដែលមានតម្លៃ៣,៣ពាន់លានដុល្លារ។ បរិមាណនាំចេញបានធ្លាក់ចុះ៤,៧ភាគរយ និងតម្លៃនាំចេញបានធ្លាក់ចុះ៩,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ (ផាន់ អាណា)





