កំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញឱ្យកសិករគណនាភាពចំណេញ ឬខាតក្នុងសកម្មភាពផលិតកម្មកសិកម្ម ដោយប្រើការគណនាតាមបែបវិទ្យាសាស្ត្រ ជាជាង ការប្រើអារម្មណ៍ដើម្បីកំណត់ការចំណេញឬខាត។
ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៦នេះ អគ្គនាយកធនាគារ ARDB មានប្រសាសន៍ថា “ការកំណត់ថ្លៃដើមនេះជាបញ្ហាស្នូលនៃការធ្វើកសិកម្មឱ្យបានប្រាក់ចំណេញ។ បើយើងមិនដឹងចំណុចនេះទេ យើងមិនអាចដឹងថាចំណេញ ឬខាតនោះទេ។ ឧទាហរណ៍ គ្រាន់តែតម្លៃស្រូវចុះមកនៅត្រឹម ៧៥០រៀលក្នុងមួយគីឡូក្រាម ពេលខ្លះយល់ថាខាតដែរ។ សួរថាយកអី្វទៅដក ទើបដឹងវាខាត ។ ដើម្បីបានដឹងពីចំណេញខាតត្រូវការធ្វើការគណនាឱ្យបានច្បាស់”។
ឯកឧត្តមបណ្ឌិតកៅ ថាច មានប្រសាសន៍ថា កិច្ចការដែលសំខាន់នៅក្នុងការធ្វើរបរកសិកម្ម គឺត្រូវរកវិធីធ្វើឱ្យថ្លៃដើមផលិតនៅទាប ធ្វើឱ្យទិន្នផលកើនឡើង និងបង្កើនការប្រុងប្រយ័ត្ននៅក្នុងការធ្វើកសិកម្ម ។
អគ្គនាយក ARDB មានប្រសាសន៍បន្ថែមថា “ដើម្បីឱ្យថ្លៃដើមផលិតធ្លាក់ចុះបានលឿន ត្រូវបង្កើនទិន្នផល។ ឧទាហរណ៍ថា យើងចំណាយអស់ប្រាក់៤លានរៀលក្នុងមួយហិកតា បើទិន្នផលអាចឡើងដល់៧,៥តោន វាធ្វើឱ្យថ្លៃដើមផលិតយើងធ្លាក់ចុះ ។ តើធ្វើម៉េចដើម្បីបង្កើនទិន្នផល? មានកត្តាពូជសុទ្ធល្អ កត្តាប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ កត្តាប្រើប្រាស់ជី-ថ្នាំឱ្យត្រូវតាមពេលវេលា កត្តាប្រើថ្នាំសម្លាប់សត្វល្អិតឱ្យត្រូវពេល។ នេះគឺជាកត្តាកំណត់ធ្វើឱ្យទិន្នផលកើនឡើង។ ដូច្នេះ បងប្អូនអាចពិនិត្យពិចារណាឡើងវិញ”៕









