ដោយ ហៃ ស៊ីណា
ភ្នំពេញ៖ ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ (Signature Rice) ដែលជាក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវដ៏ធំមួយបាននាំចេញអង្ករតាមកប៉ាល់ចំនួន៥ ០០០ តោន ជាលើកទី២ ទៅកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បន្ទាប់ពីនាំចេញជាង៥ពាន់តោនកាលពីដើមខែមុន។ នេះបើយោងតាមការបញ្ជាក់ពី ឧកញ៉ា ចាន់ សុខឃាំង អគ្គនាយកក្រុមងហ៊ុន។
លោកបានបន្តថា ក្រុមហ៊ុនគ្រោងនឹងនាំចេញអង្ករដឹកតាមកប៉ាល់ជើងទី៣នៅ ថ្ងៃទី២៥ ខែតុលា និងជើងទី៤ នៅ ថ្ងៃទី៣១ ខែតុលា ហើយថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារហ្វីលីពីន ក៍ដូចជាធានាបាននូវផែនការ និងពេលវាលាដឹកជញ្ជូន ក្រុមហ៊ុនកំពុងរៀបចំ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ប្រទេសហ្វីលីពីនជាទីផ្សារអង្ករធំឈានមុខគេមួយ ដែលបានទិញអង្ករពីកម្ពុជាយ៉ាងច្រើន នៅក្នុងឆ្នាំ២០២៦នេះ។
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់វិស័យស្រូវអង្ករ ដោយបានដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ទៅជួបពិភាក្សាជាមួយភាគីរដ្ឋ និងឯកជន ដើម្បីផ្គូរផ្គងធ្វើពាណិជ្ជកម្មជាមួយគ្នាដោយផ្ទាល់។
ជាពិសេសនោះ រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) ដែលជាធនាគារគោលនយោបាយ បានទម្លាក់ទុនជិត២០០លានដល្លារ ដើម្បីជួយជាទុនបង្វិលទិញស្រូវ និងហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្រូវអង្ករក្នុងគោលបំណងសម្រាប់ជំរុញការនាំចេញ ។
ប្រទេសកម្ពុជាធ្លាប់នាំអង្ករទៅកាន់ប្រទេសហ្វីលីពីនកាលពីឆ្នាំ២០២៥ បានប្រហែលជាជាង ៣៥០០តោន ប៉ុណ្ណោះ ក៏ប៉ុន្តែនៅឆ្នាំ២០២៦នេះ ចំនួនអង្ករដែលកម្ពុជាបាននាំទៅកាន់ប្រទេសហ្វីលីពីន គិតត្រឹមខែកញ្ញា ឈានចូលទៅដល់១៥ម៉ឺនតោន៕




