កដ្ឋមណ្ឌូ៖ រដ្ឋាភិបាលនេប៉ាល់បានប្រកាស កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា ប្រទេសនេប៉ាល់នឹងទទួលបានជំនួយឥតសំណងចំនួន២០លានដុល្លារ ពីមូលនិធិអាកាសធាតុរបស់អង្គការសហប្រជាជាតិ សម្រាប់ការខាតបង់ និងការខូចខាតដោយសារគ្រោះមហន្តរាយបង្កឡើយដោយអាកាសធាតុ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏សាហាវបានកើតឡើងនៅតាមព្រំដែន ជាប់តំបន់ទីបេរបស់ប្រទេសចិន។
ទឹកជំនន់ដោយរលំបាក់ផ្ទាំងទឹកកកពីភ្នំហេមពាន្វ កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានសម្លាប់មនុស្សអស់ប្រហែល១ ៥០០នាក់ ហើយមនុស្សជាង៥ ០០០នាក់ទៀត កំពុងបាត់ខ្លួន។
យោងតាមទិន្នន័យផ្លូវការ គ្រោះមហន្តរាយនេះបានប៉ះពាល់ដល់ប្រជាជនប្រហែល៦០ ០០០នាក់ មកពីគ្រួសារចំនួន១៥ ០០០គ្រួសារ។ វាក៏បានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន និងរោងចក្រវារីអគ្គិសនីចំនួន១៣កន្លែង ដែលមានតម្លៃខូចខាតប៉ាន់ស្មានជិត៣ពាន់លានដុល្លារ។
ការប៉ាន់ប្រមាណដំបូងរបស់អាជ្ញាធរនេប៉ាល់ បានបង្ហាញថា ការចំណាយលើការស្តារឡើងវិញអាចជិតដល់៥ពាន់លានដុល្លារ។
ជំនួយពីមូលនិធិអាកាសធាតុរបស់អង្គការសហប្រជាជាតិនេះ មានចំនួនតិចជាង១ភាគរយ នៃថវិកាសរុបដែលនេប៉ាល់ត្រូវចំណាយសម្រាប់មហន្តរាយដោយទឹកជំនន់រលំបាក់ផ្ទាំងទឹកកក។
ក្រសួងកសិកម្ម ព្រៃឈើ និងបរិស្ថាននេប៉ាល់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ជំនួយពីមូលនិធិឆ្លើយតបចំពោះការខាតបង់ និងការខូចខាត សម្រាប់ជួយដោះស្រាយការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុ។
លោក បាឡេនដ្រា សះ (Balendra Shah) នាយករដ្ឋមន្ត្រីនេប៉ាល់ បានថ្លែងក្នុងសុន្ទរកថាលើកដំបូងរបស់លោកនៅអង្គការសហប្រជាជាតិ ក្នុងខែកញ្ញាថា គ្រោះមហន្តរាយនៅប្រទេសនេប៉ាល់ គឺជាការព្រមានដល់ពិភពលោក។ លោកបានបន្ទោសការប្រែប្រួលអាកាសធាតុថា ជាមូលហេតុមួយបង្កឱ្យមានទឹកជំនន់រលំផ្ទាំងទឹកកកនេះ ទោះបីជាការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសនេប៉ាល់មានកម្រិតតិចតួចបំផុតក៏ដោយ៕ (ផាន់ អាណា)







