ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីទទួលបានកូតានេសាទត្រីធូណាខៀវ ចំនួន១ ៦៧០តោន ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ គឺកើនឡើង២៥ភាគរយ ធៀបនឹងកូតាមុន ដែលមានចំនួន១ ៣៣៦តោន ក្នុងមួយឆ្នាំ ដូច្នេះរកប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីធនធានជលផលសមុទ្រ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងកិច្ចការសមុទ្រ និងជលផលឥណ្ឌូណេស៊ី។
ការបង្កើនកូតានេះនេសាទត្រីធូណាខៀវនេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៣៣ នៃគណៈកម្មការអភិរក្សត្រីធូណាខៀវ ដែលរៀបចំឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ។
ឥណ្ឌូណេស៊ី ក៏អាចទទួលបានកូតានេសាទបន្ថែម រហូតដល់បរិមាណ១ ៥០០តោនទៀត ពីកូតានៅសល់ប្រទេសជាសមាជិកផ្សេងទៀត មិនបានប្រើប្រាស់។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានជលផលនេសាទរបស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា ការបង្កើនកូតានេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ ដែលបានចាប់ផ្ដើមពីការដាក់សំណើជាលាយលក្ខណ៍អក្សរជាផ្លូវការ នៅក្នុងកិច្ចប្រជុំប្រចាំ ឆ្នាំលើកទី៣០ កាលពីឆ្នាំ២០២៣។
ចំណែករដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រ និងជលផល ឥណ្ឌូណេស៊ី លោក សាក់ទៅ វ៉ះយូ ត្រេងហ្គោណូ (Sakti Wahyu Trenggono) បានបន្តជំរុញរបៀបវារៈនេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៣២ របស់គណៈកម្មការអភិរក្សត្រីធូណាខៀវ ដែលរៀបចំឡើងនៅកោះបាលី កាលពីឆ្នាំ២០២៥ ដែលកានោះ ឥណ្ឌូណេស៊ី បានស្នើសុំទទួលបានចំណែក១៥ភាគរយ នៃកូតានេសាទសរុប ដែលអនុញ្ញាតនៅទូទាំងពិភពលោក គឺស្មើនឹងបរិមាណត្រីធូណា ប្រហែល៣ ០០០តោន។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ជំហររបស់ឥណ្ឌូណេស៊ី គឺផ្អែកលើគោលការណ៍យុត្តិធម៌ ក្នុងឋានៈរបស់យើងជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឆ្នេរសមុទ្រ និងផ្នែកភូមិសាស្ត្រជាក់ស្តែងមិនអាចប្រកែកបាន។ ប្រទេសយើងជាអ្នកថែរក្សាតំបន់ពងកូនតែមួយគត់ក្នុងពិភពលោករបស់ត្រីធូណាខៀវភាគខាងត្បូង»។
ក្នុងកិច្ចប្រជុំចុងក្រោយ នៅទីក្រុងព្រុចសែល សមាជិកនៃគណៈកម្មការអភិរក្សត្រីធូណាខៀវ ក៏បានឯកភាពបង្កើនកូតានេសាទសរុប ដែលអនុញ្ញាតនៅទូទាំងពិភពលោក សម្រាប់ត្រីធូណាខៀវ រហូតដល់ចំនួន២៣ ៦៤៧តោនក្នុងមួយឆ្នាំ សម្រាប់ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩។
ឥណ្ឌូណេស៊ីបានស្វាគមន៍កម្រិតកូតាថ្មីនេះ ហើយបានបង្ហាញវិធានការមួយចំនួន ដើម្បីពង្រឹងការគ្រប់គ្រងធនធានត្រីប្រភេទនេះ រួមមានការពង្រឹងយន្តការទូទាត់សងកូតានេសាទ ដែលប្រើប្រាស់លើសកម្រិត ការពង្រឹងកម្មវិធីអ្នកសង្កេតការណ៍នៅលើនាវានេសាទ និងការពង្រឹងប្រព័ន្ធឯកសារកត់ត្រា និងបញ្ជាក់ប្រភពផលនេសាទ។
ត្រីធូណាខៀវ ភាគខាងត្បូង គឺជាទំនិញជលផលមានតម្លៃខ្ពស់ និងត្រូវបានគេនិយមនៅលើទីផ្សារគ្រឿងសមុទ្រអន្តរជាតិ។ កន្លងមក ត្រីប្រភេទនេះមួយក្បាល ដែលមានទម្ងន់២៤៣គីឡូក្រាម ធ្លាប់លក់បានក្នុងតម្លៃខ្ពស់បំផុតរហូតដល់៣,២លានដុល្លារ។
ឥណ្ឌូណេស៊ីបានចូលជាសមាជិកគណៈកម្មការអភិរក្សត្រីធូណាខៀវ នៅឆ្នាំ២០០៨ ដោយចូលរួមអភិរក្ស និងការគ្រប់គ្រងការប្រើប្រាស់ធនធានត្រីប្រភេទនេះប្រកបដោយចីរភាព៕ (ផាន់ អាណា)







