នេប៉ាល់ បានជំនួយ២០លានដុល្លារ ពីមូលនិធិអាកាសធាតុ ក្រោយទឹកជំនន់រលំបាក់ទឹកកក

NEPAL-DISASTER-FLOOD

កដ្ឋមណ្ឌូ៖ រដ្ឋាភិបាលនេប៉ាល់បានប្រកាស កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ថា ប្រទេសនេប៉ាល់នឹងទទួលបានជំនួយឥតសំណងចំនួន២០លានដុល្លារ ពីមូលនិធិអាកាសធាតុរបស់អង្គការសហប្រជាជាតិ សម្រាប់ការខាតបង់ និងការខូចខាតដោយសារគ្រោះមហន្តរាយបង្កឡើយដោយអាកាសធាតុ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏សាហាវបានកើតឡើងនៅតាមព្រំដែន ជាប់តំបន់ទីបេរបស់ប្រទេសចិន។

ទឹកជំនន់ដោយរលំបាក់ផ្ទាំងទឹកកកពីភ្នំហេមពាន្វ កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានសម្លាប់មនុស្សអស់ប្រហែល១ ៥០០នាក់ ហើយមនុស្សជាង៥ ០០០នាក់ទៀត កំពុងបាត់ខ្លួន។

យោងតាមទិន្នន័យផ្លូវការ គ្រោះមហន្តរាយនេះបានប៉ះពាល់ដល់ប្រជាជនប្រហែល៦០ ០០០នាក់ មកពីគ្រួសារចំនួន១៥ ០០០គ្រួសារ។ វាក៏បានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន និងរោងចក្រវារីអគ្គិសនីចំនួន១៣កន្លែង ដែលមានតម្លៃខូចខាតប៉ាន់ស្មានជិត៣ពាន់លានដុល្លារ។

ការប៉ាន់ប្រមាណដំបូងរបស់អាជ្ញាធរនេប៉ាល់ បានបង្ហាញថា ការចំណាយលើការស្តារឡើងវិញអាចជិតដល់៥ពាន់លានដុល្លារ។

ជំនួយពីមូលនិធិអាកាសធាតុរបស់អង្គការសហប្រជាជាតិនេះ មានចំនួនតិចជាង១ភាគរយ នៃថវិកាសរុបដែលនេប៉ាល់ត្រូវចំណាយសម្រាប់មហន្តរាយដោយទឹកជំនន់រលំបាក់ផ្ទាំងទឹកកក។

ក្រសួងកសិកម្ម ព្រៃឈើ និងបរិស្ថាននេប៉ាល់ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ជំនួយពីមូលនិធិឆ្លើយតបចំពោះការខាតបង់ និងការខូចខាត សម្រាប់ជួយដោះស្រាយការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុ។

លោក បាឡេនដ្រា សះ (Balendra Shah) នាយករដ្ឋមន្ត្រីនេប៉ាល់ បានថ្លែងក្នុងសុន្ទរកថាលើកដំបូងរបស់លោកនៅអង្គការសហប្រជាជាតិ ក្នុងខែកញ្ញាថា គ្រោះមហន្តរាយនៅប្រទេសនេប៉ាល់ គឺជាការព្រមានដល់ពិភពលោក។ លោកបានបន្ទោសការប្រែប្រួលអាកាសធាតុថា ជាមូលហេតុមួយបង្កឱ្យមានទឹកជំនន់រលំផ្ទាំងទឹកកកនេះ ទោះបីជាការបំភាយឧស្ម័នផ្ទះកញ្ចក់របស់ប្រទេសនេប៉ាល់មានកម្រិតតិចតួចបំផុតក៏ដោយ៕ (ផាន់ អាណា)


image_2026-10-26_15-21-08
ហ្វីលីពីន នាំចូលកាកសណ្តែកសៀងពីអាម៉េរិក កាន់តែច្រើននៅឆ្នាំ២០២៧ ដើម្បីផលិតចំណីសត្វ

ម៉ានីល៖ ហ្វីលីពីននៅតែជាទីផ្សារនាំចេញកាកសណ្តែកសៀងធំបំផុតរបស់សហរដ្ឋអាម៉េរិក ហើយនឹងឈានដល់បរិមាណខ្ពស់បំផុត គឺជាង២០លានតោន នៅឆ្នាំ២០២៧ ដោយគិតជាទឹកប្រាក់ជិត៧,៤ពាន់លានដុល្លារ។ របាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានកត់សម្គាល់ថា ការពង្រីកវិស័យចិញ្ចឹមសត្វរបស់ហ្វីលីពីន ជាបន្តបន្ទាប់ អាចជំរុញឱ្យតម្រូវការកាកសណ្តែកសៀងកើនឡើងបន្ថែមទៀត។ របាយការណ៍បានបន្ថែមទៀតថា នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំទីផ្សារ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ បរិមាណបញ្ជាទិញទុករបស់ហ្វីលីពីន និងមិនទាន់បានដឹកជញ្ជូន បានកើនលើសពីកម្រិតមធ្យមក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ជិត១២ម៉ឺនតោន គិតជាទឹកប្រមាណ៤៣លានដុល្លារ។ របាយការណ៍ដដែលបានបន្ថែមថា ផលិតកម្ម និងការនាំចេញកាកសណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក កើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០២១។ ផលិតកម្មកាកសណ្តែកសៀងនៅសហរដ្ឋអាម៉េរិក នឹងកើនឡើងដោយសារការប្រមូលផលសណ្តែកសៀងបានបរិមាណច្រើនជាងមុន ចំណែកការកិនសណ្តែកសៀងក៏មានបរិមាណខ្ពស់ និងតម្រូវការក៏ច្រើនជាមុន។ កាកសណ្តែកសៀងត្រូវបានប្រើប្រាស់ជាចម្បងក្នុងការផលិតចំណីសត្វ ដោយសារវាជាប្រភពសំខាន់នៃប្រូតេអ៊ីនច្រើននៅក្នុងរូបមន្តផ្សំចំណីសត្វ៕ (ផាន់ អាណា)

image_2026-10-26_14-53-32
អែលនីញ៉ូ ធ្វើឱ្យផ្លែក្រវាញឥណ្ឌាឡើងថ្លៃរហូតដល់ឆ្នាំ២០២៧ ប៉ុន្តែទិន្នផលចាប់ផ្តើមធ្លាក់ចុះ

ឥណ្ឌា៖ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃផ្លែក្រវាញឥណ្ឌានៅលើទីផ្សារអន្តរជាតិ និងទីផ្សារក្នុងស្រុក បាននាំមកនូវភាពរីករាយដល់កសិករឥណ្ឌា ប៉ុន្តែបាតុភូតអែលនីញ៉ូ កំពុងធ្វើឱ្យទិន្នផលធ្លាក់ចុះ។ តម្លៃផ្លែក្រវាញជាមធ្យមនៅក្នុងការដេញថ្លៃ បានឡើងដល់កម្រិតខ្ពស់បំផុតជិត២៥ដុល្លារ ក្នុងមួយគីឡូក្រាម ស្របពេលបរិមាណផ្លែក្រវាញនាំចូលមកកាន់ទីផ្សារដេញថ្លៃជារៀងរាល់ថ្ងៃ មានប្រមាណ១០០តោនប៉ុណ្ណោះ។ អ្នករៀបចំដេញថ្លៃផ្លែក្រវាញ បានឱ្យដឹងថា បច្ចុប្បន្នកសិករឥណ្ឌាកំពុងទទួលបានប្រាក់ចំណេញជាទីគាប់ចិត្ត ទោះបីជាទិន្នផលផ្លែវាញ ធ្លាក់ចុះនៅដើមរដូវប្រមូលផលក៏ដោយ។ ការធ្លាក់ចុះបរិមាណនៅដើមរដូវប្រមូលផលនេះ បណ្តាលមកពីខ្វះទឹកភ្លៀង ក្នុងអំឡុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២៦ ដោយសារកត្តាធម្មជាតិ។ ទឹកភ្លៀងមិនគ្រប់គ្រាន់ បានប៉ះពាល់ដល់ការចេញផ្កា និងការកាន់ផ្លែរបស់ដំណាំក្រវាញ។ ទោះជាយ៉ាងណា ក្រោយមកទើបមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជួយឱ្យដំណាំក្រវាញងើបឡើងវិញ និងផ្តល់ទិន្នផលល្អបង្កួរ នៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌា ដែលគេបានរំពឹងថា នឹងបន្តប្រមូលផលរហូតដល់ខែធ្នូ។ ទន្ទឹមនឹងនេះដែរ កសិករឥណ្ឌា​​នៅតែព្រួយបារម្ភអំពីទិន្នផលផ្លែក្រវាញអាចធ្លាក់ចុះ នៅឆ្នាំ២០២៧ ដោយសារបាតុភូតអែលនីញ៉ូ (El Niño) ដែលបង្កឱ្យមានគ្រោះរឹងស្ងួតហួតហែងអូសបន្លាយពេលយូរ។ ទីផ្សារក្នុងស្រុកនៅតាមតំបន់ផ្សេងៗរបស់ឥណ្ឌា នៅតែមានសកម្មភាពទិញលក់ផ្លែក្រវាញយ៉ាងមមាញឹក ខណៈរដូវបុណ្យសាសនាធំៗកំពុងខិតជិតមកដល់ ដែលជាពេលវេលាប្រើប្រាស់ផ្លែក្រវាញច្រើនបំផុត។ ទោះជាយ៉ាងណា ឈ្មួញកំពុងប្រុងប្រយ័ត្នក្នុងការបញ្ជាទិញ ដោយសារតម្លៃផ្លែក្រវាញឡើងខ្ពស់ខ្លាំងពេក។ ដូច្នេះ ពួកគេភាគច្រើនអនុវត្តយុទ្ធសាស្ត្រ «ទិញតាមតម្រូវការប្រើប្រាស់ភ្លាមៗ» ជាជាងបញ្ជាទិញទុកជាមុនក្នុងបរិមាណច្រើន។ ចំណែកការបញ្ជាទិញពីទីផ្សារនាំចេញក៏កើនឡើងដែរ ប៉ុន្តេរហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។ សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា បានប៉ះពាល់ដល់ការទិញពីទីផ្សារបរទេស […]

Tourists on pier watching at sunset, Koh Rong, Koh Kong province, Cambodia
ខេត្តឆ្នេរសមុទ្ររបស់កម្ពុជាប្រឈមការខាត់បង់សេដ្ឋកិច្ចរហូតជិត២០០ពាន់លានដុល្លារ ពីការប្រែប្រួលអាកាសធាតុ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ បណ្ដា​ខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជា រួមមាន កោះកុង កំពត កែប និងខេត្តព្រះសីហនុ កំពុងប្រឈមនឹងការខាត់បង់សេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារការកើនឡើងនៃកម្រិតទឹកសមុទ្រ ការកាត់ច្រោះឆ្នេរ និងទឹកជំនន់តំបន់ឆ្នេរ។ ផលប៉ះពាល់ទាំងនេះនៅទូទាំងតំបន់សេដ្ឋកិច្ចចំនួន៣០ ត្រូវបានព្យាករណ៍ថា អាចបង្កការខូចខាតជាទឹកប្រាក់ពី១៧២ពាន់លានដុល្លារ ដល់១៩៩ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៥០។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ របាយការណ៍នេះបានបញ្ជាក់ថា តំបន់ឆ្នេរនៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រួមទាំងកម្ពុជា កំពុងប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង ដោយសារការប្រែប្រួលអាកាសធាតុ។ របាយការណ៍ក៏បានលើកឡើងពីការទាមទារបង្កើនយន្តការហិរញ្ញប្បទានអន្តរជាតិ ដើម្បីកាត់បន្ថយការខូចខាតសេដ្ឋកិច្ចលើវិស័យកំពង់ផែសមុទ្រ និងជលផល។ របាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានព្យាករណ៍ថា វិបត្តិអាកាសធាតុនឹងកាន់តែធ្ងន់ធ្ងររហូតដល់ចុងសតវត្សរ៍នេះ ហើយផលវិបាកសេដ្ឋកិច្ចដែលកើតឡើងអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍតំបន់ឆ្នេររបស់កម្ពុជា ជាពិសេសលើវិស័យជលផល ពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍។ ខេត្តព្រះសីហនុគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់តំបន់ឆ្នេរ ដែលមានទំនាក់ទំនងជាមួយខេត្តកោះកុង កំពត និងកែប តាមរយៈវិស័យវិនិយោគសំខាន់ៗ រួមមាន ទេសចរណ៍ កសិ-កែច្នៃ ឧស្សាហកម្មផលិតកម្មតម្រង់ទិសនាំចេញ ព្រមទាំងវិស័យគីមីឥន្ធនៈ និងថាមពលស្អាត៕

A Traditional Fishing Dhow in Sharjah
ចិន និងកូរ៉េខាងត្បូង ចាប់ផ្តើមល្បាតរួមគ្នាឡើងវិញនៅសមុទ្រលឿង ដើម្បីទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ប៉េកាំង៖ ប្រទេសចិន និងកូរ៉េខាងត្បូង បានចាប់ផ្តើមប្រតិបត្តិការល្បាតរួមគ្នាឡើងវិញ នៅក្នុងតំបន់អនុវត្តវិធានការបណ្តោះអាសន្ននៃសមុទ្រលឿង បន្ទាប់ពីផ្អាកអស់រយៈពេល៤ឆ្នាំ។ អ្នកជំនាញចិនបានលើកឡើងថា ការចាប់ផ្តើមប្រតិបត្តិការនេះឡើងវិញ ឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរវាងប្រទេសទាំងពីរ ព្រមទាំងជួយលើកកម្ពស់ការនេសាទស្របច្បាប់ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ។ ស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសចិន បានឱ្យដឹងថា ប្រទេសទាំងពីរបានចាប់ផ្តើមប្រតិបត្តិការល្បាតរួមគ្នាចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងសកម្មភាពល្មើសផ្សេងៗនៅក្នុងតំបន់។ ក្នុងអំឡុងពេលល្បាត មន្ត្រីត្រូវណែនាំអ្នកនេសាទ និងមន្ត្រីអនុវត្តច្បាប់មកពីប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរវិធីសាស្ត្រ និងបទពិសោធន៍ក្នុងការអនុវត្តច្បាប់ ព្រមទាំងពង្រឹងការសម្របសម្រួលនៅទីតាំងប្រតិបត្តិការ។ អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តរបស់ចិន បាននិយាយថា កិច្ចសហប្រតិបត្តិការនេះមានអត្ថប្រយោជន៍ក្នុងការលើកកម្ពស់សកម្មភាពនេសាទស្របច្បាប់នៅសមុទ្រលឿង។ មន្ត្រីស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសចិន បានិយាយថា ការបង្ក្រាបការនេសាទខុសច្បាប់ គឺជាវិស័យមួយដែលបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង និងចិន។ មន្ត្រីរូបនោះបានបន្ថែមថា តាមរយៈប្រតិបត្តិការល្បាតរួមគ្នានេះ ប្រទេសទាំងពីរនឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងរវាងស្ថាប័នអនុវត្តច្បាប់របស់ខ្លួន។ ប្រតិបត្តិការល្បាតរួមគ្នានេះត្រូវបានអនុវត្តស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលុបបំបាត់សកម្មភាពនេសាទខុសច្បាប់។ កន្លងមក អាជ្ញាធរចិនបានអនុវត្តយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ ក្នុងពេលបិទនេសាទ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៦ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដោយបានបង្កើនប្រតិបត្តិការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមតំបន់សមុទ្រជាច្រើន រួមទាំងដែនទឹកនៅក្បែរខ្សែព្រំដែនខាងកើតនៃតំបន់អនុវត្តវិធានការបណ្តោះអាសន្នរវាងចិន និងកូរ៉េខាងត្បូង។ ព្រមជាមួយគ្នានេះ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យការពារជាតិ ការអនុវត្តច្បាប់ ជលផល […]

កាលវិភាគផ្សព្វផ្សាយ