ហាណូយ៖ ប្រទេសវៀតណាមអាចប្រឈមនឹងព្យុះទីហ្វុងដ៏កំណាច ខ្លាំងប្រហាក់ប្រហែលនឹងព្យុះយ៉ាហ្គិ (Yagi) ដែលបានវាយប្រហារប្រទេសវៀតណាម កាលពីឆ្នាំ២០២៤ ដូច្នេះ ប្រសិនបើសីតុណ្ហភាពសកលកើនឡើង៤អង្សាសេ វៀតណាមត្រូវជួបព្យុះដ៏កំណាចបែបនេះ ជាមធ្យមរៀងរាល់៧ឆ្នាំម្តង។
ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានចេញផ្សាយសេណារីយ៉ូ ស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២៥ ដែលបានធ្វើបច្ចុប្បន្នភាព និងដាក់បញ្ចូលឯកសារនេះ ទៅក្នុងមូលដ្ឋានទិន្នន័យជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ។
សេណារីយ៉ូទាំងនេះផ្តល់នូវមូលដ្ឋានផ្នែកវិទ្យាសាស្ត្រសម្រាប់ត្រៀមទុកមុន ក្នុងការគ្រប់គ្រង ការរៀបចំគោលនយោបាយ ការធ្វើផែនការ ការគ្រប់គ្រងហានិភ័យ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
ក្រោមសេណារីយ៉ូ ដែលមានការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតខ្ពស់ ចំនួនថ្ងៃមានអាកាសធាតុក្តៅអាចកើនឡើងជាង៥០ថ្ងៃ នៅចុងសតវត្សរ៍ទី២១ ខណៈចំនួនថ្ងៃមានកម្ដៅខ្លាំងបំផុត អាចកើនឡើងដល់២០ថ្ងៃ។
ផ្ទុយទៅវិញ ចំនួនថ្ងៃមានអាកាសធាតុត្រជាក់ខ្លាំង និងត្រជាក់ដល់កម្រិតបង្កការខូចខាត នៅតំបន់ភាគខាងជើង និងតំបន់ភាគខាងជើងនៃភាគកណ្តាលប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងថយចុះយ៉ាងខ្លាំង។
គួរឱ្យកត់សម្គាល់ថា បរិមាណទឹកភ្លៀងអតិបរមាណក្នុងរយៈពេលមួយថ្ងៃ និងរយៈពេល៥ថ្ងៃជាប់ៗគ្នា អាចកើនឡើងប្រមាណ៣០ ទៅ៤០ភាគរយ នៅតំបន់ភាគខាងជើង និងភាគខាងត្បូងប្រទេសវៀតណាម។ ចំនួនថ្ងៃមានភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានព្យាករថា នឹងកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសនៅតំបន់ភាគខាងត្បូង។
នៅតំបន់មួយចំនួននៃភាគខាងជើង តំបន់ខ្ពង់រាបភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាម ចំនួនថ្ងៃមានបរិមាណទឹកភ្លៀងលើសពី១០០មីលីម៉ែត្រ អាចកើនឡើងពី៨០ ទៅ១០០ភាគរយ ក្រោមសេណារីយ៉ូស្តីពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតខ្ពស់។
ការប្រែប្រួលទាំងនេះបង្ហាញពីការកើនឡើងនៃហានិភ័យភ្លៀងធ្លាក់ខ្លាំងបំផុត ដែលបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយ ព្រមទាំងលើកកម្ពស់សមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
ចំណុចថ្មីដ៏សំខាន់មួយទៀត គឺសេណារីយ៉ូ ឆ្នាំ២០២៥ បានផ្តល់ព័ត៌មានជាលើកដំបូងអំពីបាតុភូតអាកាសធាតុធ្ងន់ធ្ងរ ក្រោមកម្រិតកំណើនសីតុណ្ហភាពសកល១,៥អង្សាសេ ២អង្សាសេ ៣អង្សាសេ និងឡើងកល៤អង្សាសេ បើធៀបនឹងកម្រិតសីតុណ្ហភាពមុនសម័យឧស្សាហកម្ម។
យោងតាមសេណារីយ៉ូទាំងនេះ នៅពេលសីតុណ្ហភាពសកលកើនឡើង ព្យុះទីហ្វុងកំណាចមានកម្លាំងប្រហាក់ប្រហែលនឹងព្យុះយ៉ាហ្គិ កាលពីឆ្នាំ២០២៤ ទំនងជានឹងកើតមានកាន់តែញឹកញាប់។
ប្រសិនបើសីតុណ្ហភាពមធ្យមសកលកើនឡើង២អង្សាសេ វៀតណាមអាចប្រឈមនឹងព្យុះទីហ្វុងកំណាចប្រភេទនេះជាមធ្យមរៀងរាល់១៣ឆ្នាំម្តង។
ប្រេកង់នៃការកើតមានព្យុះប្រភេទនេះនឹងកើនឡើងដល់ជាមធ្យមរៀងរាល់៩ឆ្នាំម្តង ក្រោមសេណារីយ៉ូកំណើនសីតុណ្ហភាព៣អង្សាសេ និងរៀងរាល់៧ឆ្នាំម្តង ប្រសិនបើសីតុណ្ហភាពកើនឡើង៤អង្សាសេ។
ចំណែកនៅតំបន់ភាគខាងត្បូង ព្យុះប្រភេទនេះត្រូវបានព្យាករថា នឹងកើតមានតិចជាងតំបន់ផ្សេងៗឆ្ងាយណាស់ ដោយអាចកើតមានប្រមាណរៀងរាល់១៣៣ឆ្នាំម្តង។
ជាលើកដំបូងផងដែរ សេណារីយ៉ូ ស្តីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២៥ បានរួមបញ្ចូលការវាយតម្លៃស៊ីជម្រៅអំពីតំបន់ទីក្រុង ដោយផ្តោតជាពិសេសលើរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ។
នៅត្រឹមឆ្នាំ២១០០ កម្ពស់ទឹកសមុទ្រជាមធ្យមត្រូវបានព្យាករថា នឹងកើនឡើងជាង៤៦សង់ទីម៉ែត្រ ក្រោមសេណារីយ៉ូ ស្តីពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតទាប និងអាចកើនឡើងជាង៦៣សង់ទីម៉ែត្រ ក្រោមសេណារីយ៉ូ ស្តីពីការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតខ្ពស់៕ (ផាន់ អាណា)






