ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា ធនាគារ ARDB គឺជាធនាគារអនុវត្តគោលនយោបាយ នៅពេលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយណាមួយ ធនាគារត្រូវតែរត់ទៅតាមគោលនយោបាយនេះ ហើយត្រូវផ្ដល់ហិរញ្ញប្បទាន ដើម្បីអនុវត្តគោលនយោបាយឱ្យទទួលបានជោគជ័យ។
ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដូច្នេះថា «ARDB ចូលរួមជ្រោមជ្រែងតាំងពីឆ្នាំ២០១០រហូតមក កាលលើកមុន Portfolio របស់ ARDB សឹងតែ៨០ភាគរយ ទៅលើស្រូវអង្ករ ក្រោយមកមានកំណែទម្រង់ ដោយយើងធ្វើពិពិធកម្មទៅលើវិស័យផ្សេង ដែលមានការចញ្ចឹមសត្វ ត្រី ការដាំបន្លែ»។
ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមទៀតថា «យើងមិនមែនត្រឹមតែផ្ដល់ហិរញ្ញប្បទានទេ គឺមានការថែទាំ ទាំងជំនួយស្មារតី ទាំងបច្ចេសទេស ផ្ដល់យោបល់ ជាពិសេសក្នុងឆ្នាំ២០១៦ ពេលដែលស្រូវធ្លាក់ថ្លៃខ្លាំង ARDB ក៏បានចូលរួមវាយតម្លៃពីមូលហេតុនៃការធ្លាក់តម្លៃ ដែលនាំឱ្យរដ្ឋាភិបាលទម្លាក់ទុន សាងសង់ឡសម្ងួតស្រូវជាដើម ដែលធ្វើឱ្យវិស័យស្រូវអង្កកើនឡើងនៅតាមបណ្ដារោងងម៉ាស៊ីន»។
នៅក្នុងឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ក្នុងការនាំចេញអង្ករជាង១លានតោន ទៅកាន់គោលដៅទីផ្សារអន្តរជាតិ និងជាការបំបែកកំណត់ត្រាឆ្នាំចាស់ដោយជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មនៅកម្ពុជា។
ទីផ្សារអង្កររបស់កម្ពុជា មានបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប ចិន ប្រទេសក្នុងតំបន់អាស៊ាន និងទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ជាដើម។
យោងតាមក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានប្រាក់ចំណូលជិត៥០០លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ គឺកើនឡើងជាង២៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ (ផាន់ អាណា)










