ព្យុងយ៉ាង៖ អាជ្ញាធរកូរ៉េខាងជើងកំពុងជំរុញឱ្យកម្មករកសិកម្ម តាមក្រុមសាមគ្គី ត្រូវដាក់ប្រាក់សន្សំរបស់ខ្លួនចូលក្នុងគណនី ដែលភ្ជាប់កាតអេឡិចត្រូនិក ដោយអះអាងថា ការផ្លាស់ប្តូរពីការប្រើប្រាស់សាច់ប្រាក់ទៅជាការទូទាត់តាមកាតនឹងជួយការពារការបាត់បង់ប្រាក់ ព្រមទាំងធ្វើឱ្យប្រតិបត្តិការទូទាត់ប្រចាំថ្ងៃកាន់តែងាយស្រួល។
ទោះជាយ៉ាងណា កម្មករកសិកម្មជាច្រើនសង្ស័យថា វិធានការនេះគ្រាន់តែជាលេសរបស់រដ្ឋាភិបាល ដើម្បីប្រមូលប្រាក់សន្សំឯកជនចូលទៅក្នុងធនាគាររដ្ឋ និងតាមដានចរន្តសាច់ប្រាក់របស់ប្រជាពលរដ្ឋ។
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក បានចេញបទបញ្ជាបន្ទាន់ ដោយតម្រូវឱ្យកម្មករកសិកម្មនៅក្នុងក្រុមសាមគ្គីរបស់ខ្លួនត្រូវអនុវត្តតាមវិធានការនេះ។ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក គឺជាស្ថាប័នរដ្ឋ ដែលទទួលបន្ទុកត្រួតពិនិត្យកសិដ្ឋានសមូហភាព រៀបចំផែនការផលិតកម្ម និងកំណត់ការបែងចែកទិន្នផលកសិកម្ម។
បទបញ្ជានេះតម្រូវឱ្យគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋានទាំងអស់នៅក្នុងស្រុក កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងពង្រីកការប្រើប្រាស់កាតធនាគារ ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។
បទបញ្ជានេះបានចេញមុនពេលការបែងចែកកសិផលប្រមូលបាន ដែលជាការទូទាត់ប្រចាំឆ្នាំ ដោយកម្មករកសិកម្មម្នាក់ៗទទួលបានចំណែករបស់ខ្លួនពីទិន្នផល ដែលក្រុមសាមគ្គីប្រមូលបាន។
រាល់កសិដ្ឋានត្រូវធានាថា កម្មករទាំងអស់ប្រាក់ជាដាក់លុយវ៉ុនរបស់កូរ៉េខាងជើង ដែលពួកគេរក្សាទុកនៅតាមផ្ទះ ចូលទៅក្នុងគណនីធនាគារ។ ចំណែកប្រាក់ដុល្លារអាម៉េរិក និងប្រាក់យ័នចិនវិញ ដែលគ្រួសារកសិកររក្សាទុក ក៏ត្រូវដាក់ចូលក្នុងគណនីទាំងនោះផងដែរ។
មន្ត្រីថ្នាក់ស្រុកបានផ្សព្វផ្សាយបទបញ្ជានេះដល់ប្រធានគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋាន និងមន្ត្រីបក្សថ្នាក់ភូមិ ដែលបានប្រមូលផ្តុំគ្នានៅកសិដ្ឋានថ្នាក់ស្រុក។
បន្ទាប់មក លេខាធិការបក្សប្រចាំកសិដ្ឋានបានរៀបចំការបង្រៀនដល់កម្មករកសិកម្មអំពីរបៀបប្រើប្រាស់ប័ណ្ណទូទាត់ប្រាក់។ ក្នុងការបង្រៀននោះ ពួកគេបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ប័ណ្ណអាចកាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ និងបញ្ចៀសការលំបាកក្នុងការអាប់ប្រាក់ និងការបង់ថ្លៃសេវាប្តូរប្រាក់។
ធនាគារកណ្តាលកូរ៉េខាងជើង បានចាប់ផ្តើមចេញកាតអេឡិចត្រូនិច តាំងពីឆ្នាំ២០១០ ហើយត្រូវបានអនុម័តក្នុងឆ្នាំ២០២១ ក្នុងគោលបំណងកាត់បន្ថយប្រតិបត្តិការទូទាត់ដោយសាច់ប្រាក់។
ទោះជាយ៉ាងណា ការទូទាត់តាមប័ណ្ណ និងទូរស័ព្ទដៃនៅតែមិនសូវពេញនិយមនៅក្រៅទីក្រុងព្យុងយ៉ាង និងទីក្រុងធំៗមួយចំនួនទៀត របស់កូរ៉េខាងជើង។
កម្មករកសិកម្មចាត់ទុកបទបញ្ជានេះថា ជាការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទឹកប្រាក់របស់ពួកគាត់ មិនមែនជាការកែលម្អប្រព័ន្ធទូទាត់ប្រាក់ធម្មតាឡើយ។
ប្រជាជនកូរ៉េខាងជើងជាច្រើនជឿថា ប្រាក់ពួកគាត់បានដាក់ចូលក្នុងគណនីធនាគាររដ្ឋ គឺពិបាកដកយកមកប្រើប្រាស់ណាស់នៅពេលចាំបាច់។
កម្មករកសិកម្មមួយចំនួនបានចាត់ទុកថា បទបញ្ជានេះ គឺជាយុទ្ធនាការរបស់រដ្ឋាភិបាលកូរ៉េខាងជើង ក្នុងការបង្ក្រាបការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក និងប្រាក់យ័នចិន។
នៅពេលការអនុវត្តច្បាប់កាន់តែតឹងរ៉ឹង គ្រួសារកូរ៉េខាងជើងជាច្រើន បានចាប់ផ្តើមលាក់ទុកសាច់ប្រាក់នៅក្នុងផ្ទះកាន់តែច្រើន ខណៈប្រាក់បញ្ញើនៅតាមស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋបានធ្លាក់ចុះកាន់តែខ្លាំង។ ពួកគាត់ជឿថា រដ្ឋាភិបាលចង់ប្រមូលសាច់ប្រាក់ឯកជនចូលទៅក្នុងធនាគាររដ្ឋ និងតាមដានសូម្បីតែប្រតិបត្តិការទូទាត់ប្រាក់រវាងបុគ្គលនឹងបុគ្គល។
ប្រភពព័ត៌មានក្នុងក្រុមកសិកម្មសាមគ្គី បាននិយាយថា នៅពេលលេខាធិការបក្សរបស់ពួកគាត់និយាយអួតអំពីភាពងាយស្រួលនៃការប្រើប្រាស់កាតធនាគារ កម្មករកសិកម្មគ្រាន់តែសើចប៉ុណ្ណោះ។
ពួកគេបានចោទសួរថា ហេតុអ្វីបានជាលេខាធិការបក្សមិននិយាយអំពីការពិត ដែលថា ប័ណ្ណទូទាត់ប្រាក់របស់ធនាគាររដ្ឋស្ទើរតែមិនអាចប្រើទិញអង្ករមួយកំប៉ុង ឬស្រូវសាលីមួយគីឡូក្រាមបានផង៕ (ផាន់ អាណា)













