ហាណូយ៖ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ (Dong Nai) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានផ្សព្វផ្សាយថា បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលសង្ស័យថា បានលក់សាច់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន។
នគរបាលខេត្តដុងណៃ ដែលមានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំរបស់កម្ពុជា បានឱ្យដឹងថា ក្រុមស៊ើបអង្កេតបានរកឃើញបណ្តាញឈ្មួញទុច្ចរិតនេះនៅដើមខែកញ្ញា ឆ្នាំ២០២៦នេះ ដោយកំណត់អត្តសញ្ញាណសកម្មភាពជួញដូរ ទីតាំងកុងស៊ីកាប់ជ្រូក និងរក្សាទុកសាច់ជ្រូកងាប់ ព្រមទាំងចាប់ខ្លួនមនុស្សជិត១០នាក់ថែមទៀត។
នៅដើមខែតុលា មន្ត្រីនគរបាលបានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញនេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់កែច្នៃសាច់ជ្រូក និងតូបលក់សាច់ជ្រូក នៅក្បែរសាលាខេត្តដុងណៃតែម្តង។
លទ្ធផលស៊ើបអង្កេតបឋមបានរកឃើញថា ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញទុច្ចរិតទាំងនេះបានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។
នគរបាលបានប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៦ ក្រុមនេះបានជួញដូរ និងលក់ចែកចាយសាច់ជ្រូកឈឺ និងជ្រូកងាប់ដោយជំងឺជិត៤០០តោន ដោយទទួលបានប្រាក់ចំណេញខុសច្បាប់ជិត១លានដុល្លារ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំថ្ងៃកាត់ទោសពីតុលាការវៀតណាម ពាក់ព័ន្ធនឹងការរំលោភច្បាប់ព្រហ្មទណ្ឌវៀតណាម ស្តីពីសុវត្ថិភាពចំណីអាហារ។
ករណីដូចគ្នានេះ កាលពីចុងឆ្នាំ២០២៥ អាជ្ញាធរនៅភាគខាងជើងប្រទេសវៀតណាម ក្បែរទីក្រុងហាណូយ បានចាប់ខ្លួនម្ចាស់កុងស៊ីកាប់ជ្រូក រួមទាំងសមាជិកគ្រួសារ ពីបទលួចស្តុកទុកដោយខុសច្បាប់នូវសាច់ជ្រូកងាប់ មានផ្ទុកមេរោគប៉េស្តជ្រូកអាហ្វ្រិកជិត៣៨តោន ដើម្បីលក់យកចំណេញ ដោយមិនខ្វល់ពីសុខភាពអ្នកបរិភោគ។
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ នគរបាលទីក្រុងហូជីមិញ របស់វៀតណាម បានរកឃើញជ្រូករស់ជាង៤ ០០០ក្បាល ចាប់ខ្លួនជនទុច្ចរិត៩នាក់ ពីបទលក់សាច់ជ្រូក និងចិញ្ចឹមជ្រូកដោយប្រើសារធាតុគីមី ដើម្បីឱ្យជ្រូកមានសាច់ច្រើន ព្រមទាំងរឹបអូសម្សៅគីមី ជាង១តោន។
អាជ្ញាធរវៀតណាម បានរកឃើញជ្រូករស់ចំនួន៤ ១៨៩ក្បាល មានទម្ងន់សរុបជាង៦០០តោន សុទ្ធតែមានផ្ទុកសារធាតុគីមីសាលប៊ូតាម៉ុល (Salbutamol) ព្រមទាំងមានមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិកថែមទៀត។
ចំណែកសាច់ជ្រូកមានសារធាតុគីមីហាមឃាត់ជាង១០ ០០០តោន ដែលមានតម្លៃជាទឹកប្រាក់ជិត២៣លានដុល្លារ ត្រូវបានជនជាតិវៀតណាមលក់ចែកចាយពេញទីផ្សាររួចអស់ទៅហើយ។
សារធាតុ សាលប៊ូតាម៉ុល (Salbutamol) ឬហៅថា អាល់ប៊ូតេរ៉ូល (Albuterol) អាចធ្វើឱ្យជ្រូកឆាប់ធំ មានសាច់ច្រើន និងមិនសូវមានខ្លាញ់។ សារធាតុមិនត្រូវប្រើសម្រាប់ធ្វើឱ្យសត្វឡើងសាច់ សម្រាប់ធ្វើជាអាហារទេ ព្រោះសំណល់ថ្នាំពុល នៅក្នុងសាច់ អាចបណ្ដាលឱ្យមនុស្សមានរោគសញ្ញាដូចជា បេះដូងលោតលឿន ឬញ័រទ្រូង ញ័រដៃ ឆាប់តក់ស្លុត ឈឺក្បាល និងរមូលសាច់ដុំ។ ក្នុងករណីប៉ះពាល់ខ្លាំង អាចមានបញ្ហាបេះដូង និងមានជាតិប៉ូតាស្យូមក្នុងឈាម លើសកម្រិត៕ (ផាន់ អាណា)










