កូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីកំពុងចរចាជាមួយប្រទេសបួន ជាសមាជិកសមាគមអាស៊ាន រួមមានប្រទេសកម្ពុជា ដើម្បីបង្កើតច្រកដឹកជញ្ជូនឆ្លងកាត់តាមផ្លូវគោក សម្រាប់នាំចេញផ្លែទុរេនស្រស់ៗ ដោយកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនលទ្ធភាពឆាប់ចូលដល់ទីផ្សារចិន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ី លោក មូហាម៉ាដ សាប៊ូ (Mohamad Sabu) បានឱ្យដឹងថា ការដឹកជញ្ជូនទុរេនតាមផ្លូវគោក អាចចំណាយពេលពី៣ ទៅ៤ថ្ងៃ ដែលជាជម្រើសល្អមួយអាចជួយកាត់បន្ថយការដឹកជញ្ជូនតាមយន្តហោះ ដែលមានតម្លៃថ្លៃ។ នេះបើយោងតាមសារព័ត៌មាន ឌឹ ស្តារ (The Star) របស់ម៉ាឡេស៊ី បានចេញផ្សាយកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងកសិកម្ម និងសន្តិសុខស្បៀង កំពុងសហការជាមួយក្រសួងការបរទេស និងក្រសួងដឹកជញ្ជូន ដើម្បីសម្របសម្រួលកិច្ចចរចាជាមួយប្រទេសទាំងបួន រួមមានកម្ពុជា ថៃ វៀតណាម និងប្រទេសឡាវ។
លោកបានឱ្យដឹងទៀតថា កិច្ចពិភាក្សាដើម្បីសម្រេចបានកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនឆ្លងកាត់ប្រទេសទាំងនេះ បានដំណើរការចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា កិច្ចចរចាពាក់ព័ន្ធនឹងប្រទេសជាច្រើនអាចប្រឈមនឹងការលំបាក ដោយសារប្រទេសទាំងនោះក៏ជាអ្នកនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិនដូចគ្នា។
ម៉ាឡេស៊ីក៏កំពុងសិក្សាលទ្ធភាពដឹកជញ្ជូនផ្លែទុរេនតាមផ្លូវសមុទ្រជាជម្រើសមួយទៀត ប៉ុន្តែរយៈពេលដឹកជញ្ជូនមានរយៈពេលយូរ ដូច្នេះធ្វើឱ្យផ្លែទុរេនមិនសូវស្រស់ល្អ។
លោក មូហាម៉ាដ សាប៊ូ បានមានប្រសាន៍ថា «អ្នកប្រើប្រាស់ចិនចង់បានផ្លែទុរេនស្រស់ៗ។ ហេតុនេះហើយបានជាយើងកំពុងពិភាក្សាយ៉ាងសកម្មអំពីការដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវដែក»។
ផ្លូវដឹកជញ្ជូនដែលកំពុងត្រូវបានស្នើឡើងនេះ មានគោលបំណងផ្តល់ឱ្យក្រុមហ៊ុននាំចេញរបស់ម៉ាឡេស៊ីនូវជម្រើសដឹកជញ្ជូនដ៏មានប្រសិទ្ធភាពខ្ពស់ជាងមុន ដើម្បីឆាប់ទៅដល់ទីផ្សារចិន ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផ្លែទុរេនប្រណីតរបស់ម៉ាឡេស៊ី នៅលើទីផ្សារអន្តរជាតិ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កិច្ចចរចាកំពុងបន្ត ខណៈរដ្ឋាភិបាលម៉ាឡេស៊ីកំពុងខិតខំពន្លឿនការរៀបចំកិច្ចព្រមព្រៀងនានា ដើម្បីឱ្យផ្លែទុរេនម៉ាឡេស៊ីអាចទៅដល់ដៃអតិថិជនចិនបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕ (ផាន់ អាណា)







