វៀតណាម៖ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦ វៀតណាមបាននាំចេញម្រេចទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ក្នុងបរិមាណជាង៤៤ម៉ឺនតោន ដោយមានតម្លៃជាទឹកប្រាក់សរុបជាង៣៣១លានដុល្លារ។ នេះបើយោងតាមគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិក។
បើគិតតាមបរិមាណ ម្រេចវៀតណាមមានចំណែករហូតដល់ជាង៨០ភាគរយ នៃបរិមាណម្រេចសរុប ជិត៥៥ម៉ឺនតោន ដែលសហរដ្ឋអាម៉េរិកបាននាំចូលក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦នេះ។
សហរដ្ឋអាម៉េរិក បាននាំចូលម្រេចក្នុងតម្លៃសរុប៤០៧លានដុល្លារ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦។ ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក ក៏នាំចូលម្រេចពីប្រទេសផ្សេងទៀតដូចជា គឺឥណ្ឌូណេស៊ី និងឥណ្ឌាផងដែរ។
ចំណែកការនាំចូលម្រេចពីប្រទេសប្រេស៊ីល និងចិន បានកើនឡើងបន្តិចបន្តួចក្នុងទីផ្សារអាម៉េរិក។
ទីភ្នាក់ងារពាណិជ្ជកម្មបរទេសរបស់វៀតណាម បានឱ្យដឹងថា ការនាំចេញម្រេចរបស់វៀតណាមទៅកាន់សហរដ្ឋអាម៉េរិក បានកើនឡើងដោយសារការផ្គត់ផ្គង់មានស្ថិរភាព គុណភាពម្រេចល្អជាងមុន និងមានតម្លៃទាបជាងមុន។
តម្លៃម្រេចវៀតណាមជាមធ្យម បានធ្លាក់ចុះបន្តិចមកនៅត្រឹម៧ ៤៩៩ដុល្លារក្នុងមួយតោន ខណៈតម្លៃម្រេចនាំចេញរបស់ឥណ្ឌូណេស៊ីបានកើនឡើងដល់៨ ៦៩១ដុល្លារក្នុងមួយតោន។
ទីភ្នាក់ងារដដែលនេះបានបន្ថែមថា វៀតណាមក៏មានផលិតផលម្រេចច្រើនប្រភេទ សម្រាប់បំពេញតម្រូវការទីផ្សារផ្សេងៗគ្នា រួមមានម្រេចគ្រាប់ខ្មៅ សម្រាប់រោងចក្រផលិតម្ហូបអាហារ ម្រេចម៉ដ្ឋ ម្រេចស និងផលិតផលម្រេចវេចខ្ចប់សម្រាប់វិស័យភោជនីយដ្ឋាន និងលក់រាយ។
សមាគមម្រេច និងគ្រឿងទេសវៀតណាម រំពឹងថា ការនាំចេញម្រេចទៅកាន់សហរដ្ឋអាម៉េរិកនឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ២០២៦នេះ។
ទោះជាយ៉ាងណា សមាគមបានលើកឡើងថា អាជីវកម្មម្រេចចាំបាច់ត្រូវស្វែងរកវិធីសាស្ត្រកែច្នៃថែមទៀត ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលរបស់ខ្លួន ព្រមទាំងធានាសុវត្ថិភាពម្ហូបអាហារ លទ្ធភាពតាមដានប្រភពដើម និងគុណភាពផលិតផល៕ (ផាន់ អាណា)







