ឥណ្ឌា៖ ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃផ្លែក្រវាញឥណ្ឌានៅលើទីផ្សារអន្តរជាតិ និងទីផ្សារក្នុងស្រុក បាននាំមកនូវភាពរីករាយដល់កសិករឥណ្ឌា ប៉ុន្តែបាតុភូតអែលនីញ៉ូ កំពុងធ្វើឱ្យទិន្នផលធ្លាក់ចុះ។
តម្លៃផ្លែក្រវាញជាមធ្យមនៅក្នុងការដេញថ្លៃ បានឡើងដល់កម្រិតខ្ពស់បំផុតជិត២៥ដុល្លារ ក្នុងមួយគីឡូក្រាម ស្របពេលបរិមាណផ្លែក្រវាញនាំចូលមកកាន់ទីផ្សារដេញថ្លៃជារៀងរាល់ថ្ងៃ មានប្រមាណ១០០តោនប៉ុណ្ណោះ។
អ្នករៀបចំដេញថ្លៃផ្លែក្រវាញ បានឱ្យដឹងថា បច្ចុប្បន្នកសិករឥណ្ឌាកំពុងទទួលបានប្រាក់ចំណេញជាទីគាប់ចិត្ត ទោះបីជាទិន្នផលផ្លែវាញ ធ្លាក់ចុះនៅដើមរដូវប្រមូលផលក៏ដោយ។
ការធ្លាក់ចុះបរិមាណនៅដើមរដូវប្រមូលផលនេះ បណ្តាលមកពីខ្វះទឹកភ្លៀង ក្នុងអំឡុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២៦ ដោយសារកត្តាធម្មជាតិ។ ទឹកភ្លៀងមិនគ្រប់គ្រាន់ បានប៉ះពាល់ដល់ការចេញផ្កា និងការកាន់ផ្លែរបស់ដំណាំក្រវាញ។
ទោះជាយ៉ាងណា ក្រោយមកទើបមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ជួយឱ្យដំណាំក្រវាញងើបឡើងវិញ និងផ្តល់ទិន្នផលល្អបង្កួរ នៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌា ដែលគេបានរំពឹងថា នឹងបន្តប្រមូលផលរហូតដល់ខែធ្នូ។
ទន្ទឹមនឹងនេះដែរ កសិករឥណ្ឌានៅតែព្រួយបារម្ភអំពីទិន្នផលផ្លែក្រវាញអាចធ្លាក់ចុះ នៅឆ្នាំ២០២៧ ដោយសារបាតុភូតអែលនីញ៉ូ (El Niño) ដែលបង្កឱ្យមានគ្រោះរឹងស្ងួតហួតហែងអូសបន្លាយពេលយូរ។
ទីផ្សារក្នុងស្រុកនៅតាមតំបន់ផ្សេងៗរបស់ឥណ្ឌា នៅតែមានសកម្មភាពទិញលក់ផ្លែក្រវាញយ៉ាងមមាញឹក ខណៈរដូវបុណ្យសាសនាធំៗកំពុងខិតជិតមកដល់ ដែលជាពេលវេលាប្រើប្រាស់ផ្លែក្រវាញច្រើនបំផុត។
ទោះជាយ៉ាងណា ឈ្មួញកំពុងប្រុងប្រយ័ត្នក្នុងការបញ្ជាទិញ ដោយសារតម្លៃផ្លែក្រវាញឡើងខ្ពស់ខ្លាំងពេក។ ដូច្នេះ ពួកគេភាគច្រើនអនុវត្តយុទ្ធសាស្ត្រ «ទិញតាមតម្រូវការប្រើប្រាស់ភ្លាមៗ» ជាជាងបញ្ជាទិញទុកជាមុនក្នុងបរិមាណច្រើន។
ចំណែកការបញ្ជាទិញពីទីផ្សារនាំចេញក៏កើនឡើងដែរ ប៉ុន្តេរហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។
សង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា បានប៉ះពាល់ដល់ការទិញពីទីផ្សារបរទេស ដោយសារការពន្យារពេលដឹកជញ្ជូនតាមសមុទ្រ និងការកើនឡើងនៃថ្លៃដឹកជញ្ជូន។
ផ្លែក្រវាញឥណ្ឌានៅតែទទួលបានតម្រូវការខ្លាំងពីបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែរ្ស ជាពិសេសនៅពេលដំណាំក្រវាញរបស់ប្រទេសក្វាតេម៉ាឡា (Guatemala) ខូចខាតច្រើនដោយសារបាតុភូតអែលនីញ៉ូ។
អ្នកប្រមូលទិញផ្លែក្រវាញ បាននិយាយថា បាតុភូតអែលនីញ៉ូដ៏ខ្លាំងនឹងកើតឡើង ដូច្នេះកសិករដាំក្រវាញនៅឥណ្ឌាចាំបាច់ត្រូវតាមដានស្ថានភាពទឹកភ្លៀងរហូតដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៦។
តម្លៃផ្លែក្រវាញ ត្រូវគេរំពឹងថា នឹងបន្តកើនឡើងរហូតដល់ខែមករា ឆ្នាំ២០២៧ មុនពេលបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារថយចុះ។ ចំណែកសកម្មភាពនាំចេញផ្លែក្រវាញក៏កំពុងចាប់ផ្តើមកើនឡើងបន្តិចម្តងៗផងដែរ៕ (ផាន់ អាណា)







