ប៉េកាំង៖ ប្រទេសចិន និងកូរ៉េខាងត្បូង បានចាប់ផ្តើមប្រតិបត្តិការល្បាតរួមគ្នាឡើងវិញ នៅក្នុងតំបន់អនុវត្តវិធានការបណ្តោះអាសន្ននៃសមុទ្រលឿង បន្ទាប់ពីផ្អាកអស់រយៈពេល៤ឆ្នាំ។
អ្នកជំនាញចិនបានលើកឡើងថា ការចាប់ផ្តើមប្រតិបត្តិការនេះឡើងវិញ ឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរវាងប្រទេសទាំងពីរ ព្រមទាំងជួយលើកកម្ពស់ការនេសាទស្របច្បាប់ និងកិច្ចសហប្រតិបត្តិការដែនសមុទ្រ។
ស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសចិន បានឱ្យដឹងថា ប្រទេសទាំងពីរបានចាប់ផ្តើមប្រតិបត្តិការល្បាតរួមគ្នាចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងសកម្មភាពល្មើសផ្សេងៗនៅក្នុងតំបន់។
ក្នុងអំឡុងពេលល្បាត មន្ត្រីត្រូវណែនាំអ្នកនេសាទ និងមន្ត្រីអនុវត្តច្បាប់មកពីប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរវិធីសាស្ត្រ និងបទពិសោធន៍ក្នុងការអនុវត្តច្បាប់ ព្រមទាំងពង្រឹងការសម្របសម្រួលនៅទីតាំងប្រតិបត្តិការ។
អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តរបស់ចិន បាននិយាយថា កិច្ចសហប្រតិបត្តិការនេះមានអត្ថប្រយោជន៍ក្នុងការលើកកម្ពស់សកម្មភាពនេសាទស្របច្បាប់នៅសមុទ្រលឿង។
មន្ត្រីស្ថានទូតកូរ៉េខាងត្បូងប្រចាំប្រទេសចិន បានិយាយថា ការបង្ក្រាបការនេសាទខុសច្បាប់ គឺជាវិស័យមួយដែលបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង និងចិន។
មន្ត្រីរូបនោះបានបន្ថែមថា តាមរយៈប្រតិបត្តិការល្បាតរួមគ្នានេះ ប្រទេសទាំងពីរនឹងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងរវាងស្ថាប័នអនុវត្តច្បាប់របស់ខ្លួន។
ប្រតិបត្តិការល្បាតរួមគ្នានេះត្រូវបានអនុវត្តស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងលុបបំបាត់សកម្មភាពនេសាទខុសច្បាប់។
កន្លងមក អាជ្ញាធរចិនបានអនុវត្តយុទ្ធនាការពង្រឹងការអនុវត្តច្បាប់ ក្នុងពេលបិទនេសាទ ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី១៦ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដោយបានបង្កើនប្រតិបត្តិការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅតាមតំបន់សមុទ្រជាច្រើន រួមទាំងដែនទឹកនៅក្បែរខ្សែព្រំដែនខាងកើតនៃតំបន់អនុវត្តវិធានការបណ្តោះអាសន្នរវាងចិន និងកូរ៉េខាងត្បូង។
ព្រមជាមួយគ្នានេះ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យការពារជាតិ ការអនុវត្តច្បាប់ ជលផល ការស្រាវជ្រាវវិទ្យាសាស្ត្រ ការការពារបរិស្ថាន ការដឹកជញ្ជូនតាមសមុទ្រ ការស្វែងរក និងជួយសង្គ្រោះ ព្រមទាំងកិច្ចការមហាសមុទ្រ និងតំបន់ប៉ូល៕ (ផាន់ អាណា)







