ដាកា៖ រដ្ឋាភិបាលបង់ក្លាដែសកំពុងរៀបចំផែនការប្រមូលទិញស្រូវសើមដោយផ្ទាល់ពីកសិករ របស់ខ្លួន ដោយមិនឆ្លងកាត់ឈ្មួញកណ្ដាលឡើយ ដើម្បីធានាឱ្យកសិករទទួលបានតម្លៃសមរម្យ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងស្បៀងអាហាររបស់បង់ក្លាដែស។
លោកស្រី អាហ្វ្រូហ្សា ខាណាំ (Afroza Khanam) រដ្ឋមន្ត្រីក្រសួងស្បៀងអាហារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងសាកល្បងនេះនឹងត្រូវអនុវត្តដំបូងនៅក្នុងស្រុកបី ដើម្បីផ្តល់ឱកាសឱ្យកសិករអាចលក់ស្រូវសើមជូនរដ្ឋាភិបាលបានដោយងាយស្រួល និងមិនប្រឈមនឹងការរំខាន ឬការលំបាកផ្សេងៗ។
លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រសិនបើគម្រោងសាកល្បងនេះទទួលបានជោគជ័យ កម្មវិធីនេះនឹងត្រូវពង្រីកទៅទូទាំងប្រទេសជាដំណាក់កាលៗ។
លោកស្រីរដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងកិច្ចប្រជុំផ្លាស់ប្ដូរយោបល់ជាមួយមន្ត្រីនៃនាយកដ្ឋានស្បៀងអាហាររបស់ប្រទេសបង់ក្លាដែស៊
លោកស្រីបានលើកឡើងថា កសិករតែងតែជួបការលំបាកក្នុងការលក់ស្រូវសើមដោយផ្ទាល់ជូនរដ្ឋាភិបាល រួមមានការបើកគណនីធនាគារ និងការបំពេញបែបបទរដ្ឋបាលផ្សេងៗ។ ដូច្នេះ រដ្ឋាភិបាលកំពុងចាត់វិធានការលុបបំបាត់ឧបសគ្គទាំងនេះ និងសម្រួលនីតិវិធីឱ្យកាន់តែងាយស្រួល។
លោកស្រីបានបន្ថែមថា ប្រសិនបើចាំបាច់ រដ្ឋាភិបាលក៏នឹងពិចារណាទូទាត់ប្រាក់ជូនកសិករតាមរយៈសេវាហិរញ្ញវត្ថុចល័តផងដែរ។
លោកស្រី អាហ្វ្រូហ្សា ខាណាំ បានបញ្ជាក់ថា ពាល្យសន្យាក្នុងកម្មវិធីនយោបាយបោះឆ្នោតរបស់រដ្ឋាភិបាល គឺធានាឱ្យកសិករទទួលបានតម្លៃសមរម្យសម្រាប់ផលិតផលកសិកម្មរបស់ខ្លួន និងធានាការផ្គត់ផ្គង់ស្បៀងអាហារ ដែលមានសុវត្ថិភាពដល់គ្រួសារប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ដូច្នេះ ដើម្បីសម្រេចគោលដៅនេះ មន្ត្រីស្បៀងអាហារបង់ក្លាដែសត្រូវបំពេញភារកិច្ចដោយភាពស្មោះត្រង់ ការលះបង់ និងការទទួលខុសត្រូវខ្ពស់។
លោកស្រីបានឱ្យដឹងបន្ថែមថា បច្ចុប្បន្ន ប្រទេសបង់ក្លាដែស នៅខ្វះមន្ទីរពិសោធន៍ខ្នាតតូចសម្រាប់ធ្វើតេស្តគុណភាព និងសុវត្ថិភាពចំណីអាហារ។ ទោះជាយ៉ាងណា រដ្ឋាភិបាលមានផែនការផ្គត់ផ្គង់មន្ទីរពិសោធន៍ប្រភេទនេះទៅកាន់តាមបណ្តាស្រុក នៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខ៕ (ផាន់ អាណា)







